• 2024-01-03 10:49:29
  • កីឡា​ផ្សេង​ៗ

Herbalife ប្រកាស​ឧបត្ថម្ភ​គាំទ្រ​ជា​និច្ច​ដល់​សហព័ន្ធ​ទោចក្រយាន​ចង់​ទៅ​ប្រកួត​នៅ​ខេត្ត​ណា​ក៏​ដោយ​

  • 2024-01-03 10:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គ​នាយិកា​ក្រុមហ៊ុន​ Herbalife​ ដែល​ជា​ដៃគូ​សហការ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​បាន​ប្រកាស​ជំហរ​ថា​នឹង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​និច្ច​ទោះ​ជា​សហព័ន្ធ​ទោចក្រយាន​កម្ពុជា​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​បណ្ដា​ខេត្ត​ណា​ក៏​ដោយ។​

លោក​ស្រី​ ឈុន​ ណៃឈីវ​ នៅកណ្ដាល(រូបភាព NOCC)

លោក​ស្រី​ ឈុន​ ណៃឈីវ​ អគ្គ​នាយិកា​ក្រុមហ៊ុន​ Herbalife​ បង្ហាញ​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ចំពោះ​លទ្ធផល​ល្អ​ប្រសើរ​ការ​ឈ្នះ​មេដាយ​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កន្លង​ទៅ​បន្ទាប់​ពី​មាន​ការ​ជួយ​ឧបត្ថម្ភ​រយៈពេល​៣ឆ្នាំ​សហព័ន្ធ​ទទួល​បាន​ផ្លែផ្កា​បែប​នេះ។​ លោក​ស្រី​មាន​ការ​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​កីឡាករ​ កីឡា​ការិនី​ និង​សហព័ន្ធ​ផ្ទាល់​ដែល​បាន​ខំប្រឹង​ប្រែង​អស់​កម្លាំងកាយ​ចិត្ត​លើ​ការ​ហ្វឹកហាត់​ និង​ប្រកួត​រហូត​ឈ្នះ​មេដាយ​ច្រើន​គ្រឿង​នៅ​ស៊ីហ្គេម​នៅ​កម្ពុជា។​ ដូច្នេះ​ហើយ​បើ​ក្រុមហ៊ុន​ជួយ​ឧបត្ថម្ភ​ក្ដី​ ប៉ុន្តែ​មិន​មាន​ការ​ខំប្រឹង​ពី​សហព័ន្ធ​ កីឡាករ​ នោះ​ជ័យជម្នះ​នេះ​មិន​អាច​កើក​មាន​ឡើង​ឡើយ។​

លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​ (រូបភាព NOCC)

អគ្គ​នាយិកា​ក្រុមហ៊ុន​ Herbalife​ ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​ នេះ​ក្រុមហ៊ុន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​ ៤២,៧៥០​ដុល្លារ​ដើម្បី​ជួយ​សម្រួល​ដល់​សហព័ន្ធ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​នេះ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។​ ជា​មួយ​គ្នា​នេះ​ដែរ​លោកស្រី​បញ្ជាក់​ទៀត​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ក្រោយៗ​ទៀត​សហព័ន្ធ​រៀបចំ​នៅ​ក្នុង​ខេត្ត​ណា​ក៏​ដោយ​ Herbalife​ នៅ​តែ​បន្ត​ឧបត្ថម្ភ​គាំទ្រ​ជា​និច្ច​ ព្រោះ​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​គឺ​ចង់​ឲ្យ​កីឡា​ជាតិ​នៅ​កម្ពុជា​មាន​ការ​រីកចម្រើន​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ និង​ការ​ឈាន​ទៅ​ដណ្ដើម​ជ័យជម្នះ​លើ​ឆាក​អន្តរជាតិ។​

រូបភាព NOCC

លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ទោចក្រយាន​បាន​ឲ្យ​ដឹង​ថា​ ថ្លែង​អំណរគុណ​ជា​ច្រើន​ចំពោះ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ Herbalife​ ជា​ច្រើន​ឆ្នាំ​មក​នេះ។​ ការ​រីកចម្រើន​ និង​ជោគជ័យ​ទាំង​អស់​នេះ​គឺ​ជា​ការ​រួមចំណែក​ដ៏ធំ​របស់​ម្ចាស់​ឧបត្ថម្ភ​ដែល​បាន​លើកកម្ពស់​ការ​ហ្វឹកហាត់​ក៏​ដូច​ជា​ស្មារតី​ក្រុម​កីឡា​ទោចក្រយាន​កម្ពុជា។​

រូបភាព NOCC

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​នៅ​ខេត្ត​កំពង់ឆ្នាំង​ រយៈពេល​ ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៦ ដល់​ ៧​ ខែ​មករា​ ឆ្នាំ​២០២៤។​ កីឡាករ​ កីឡា​ការិនី​ ប្រតិភូ​ សរុប​ ២៩៨​នាក់។​ ដោយ​ឡែក​សរុប​ទាំង​អ្នក​ស្ម័គ្រចិត្ត​ និង​ការ​ចូលរួម​ពី​មហាជន​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ចន្លោះ​ពី​ ៥៥០នាក់​ទៅ​ ៦០០នាក់។​ ការ​ប្រកួត​នេះ​មាន​ ៧​វិញ្ញាសា​ (កង់​គួក​បុរស​ អាយុ​១៨ឆ្នាំ​ចុះ​ក្រោម កង់​គួក​បុរស​ពេញ​វ័យ ​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង កង់​គួក​បុរស អាយុ​ចាប់ពី៤០​ឆ្នាំ​ឡើង កង់​ភ្នំបុរស​ អាយុ​១៨​ឆ្នាំ​ចុះ​ក្រោម កង់​ភ្នំ​បុរស​ពេញ​វ័យ អាយុ​១៨​ឆ្នាំ​ឡើង កង់ភ្នំ​នារី​ អាយុ​​១៥​ឆ្នាំ​ឡើង វិញ្ញាសា កង់​ភ្នំ​បុរស អាយុ​​៤០​ឆ្នាំ​ឡើង)៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី