• 2023-12-25 05:13:35
  • កីឡា​ផ្សេង​ៗ

លោក​ គង់​ ចាន់ធីណា៖​ ជា​ភ័ព្វសំណាង​សិស្ស​ជំនាន់​នេះ​ដែល​មាន​ការ​ប្រកួត​ មាន​មេដាយ​ពាក់​ហ្នឹង​គេ​

  • 2023-12-25 05:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ គង់​ ចាន់ធីណា​ ថា​នេះ​ជា​ភ័ព្វសំណាង​ហើយ​សម្រាប់​សិស្ស​គុន​ហាប់គីដូ​ជំនាន់​នេះ​ដែល​មាន​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ និង​មាន​ឱកាស​ឈ្នះ​មេដាយ​ជា​ដើម។​

ឧកញ៉ា​ សៅ​ សេងហាក់​ (ប្រធានសហព័ន្ធនៅខាងស្ដាំ)
ឧកញ៉ា​ គួច ហុងចៀក​(ឆ្វេង) លោក​ គង់​ ចាន់ធីណា​(ស្ដាំ)

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ លោក​ គង់​ ចាន់ធីណា​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​អារម្មណ៍​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​បាន​ទេ​នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​សហព័ន្ធ​បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣។​ កន្លង​ទៅ​រាប់​សិប​ឆ្នាំ​ហើយ​ដែល​មាន​កីឡា​ហាប់គីដូ​នៅ​កម្ពុជា​ ប៉ុន្តែ​មិន​ដែល​មាន​ការ​ប្រកួត​ពាន​រង្វាន់​ ឬ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ដូច​នេះ​ទេ។​

ទិដ្ឋភាពបិទការប្រកួត (រូបភាព nocc)

នេះ​ជា​ភ័ព្វសំណាង​របស់​សិស្ស​គុន​ជំនាន់​នេះ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧកញ៉ា​ សៅ​ សេងហាក់​ ប្រធាន និង​ឧកញ៉ា​ គួច ហុងចៀក​ អនុប្រធាន​ រួម​ទាំង​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ទាំង​អស់​ដែល​បាន​មូលមតិ​ និង​ប្រមូល​ថវិកា​គ្នា​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង។​ រាប់​សិប​ឆ្នាំ​ហើយ​កីឡាករ​ និង​គ្រូ​ៗ​ជំនាន់​មុន​ហាត់​គ្មាន​ដែល​ស្គាល់​ការ​ប្រកួត​ ឬ​ធ្លាប់​មាន​មេដាយ​ពាក់​ដូច​កីឡា​ផ្សេងងៗ​នោះ​ឡើយ។​

ទិដ្ឋភាពបិទការប្រកួត (រូបភាព nocc)

អគ្គលេខាធិការ​ និង​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ នេះ​ជា​សកម្មភាព​ និង​ទិសដៅ​របស់​សហព័ន្ធ​ក្នុង​ការពង្រឹង​សមត្ថភាព​ ពង្រីក​សកម្មភាព​ពី​មួយ​កម្រិត​ឈាន​ទៅ​មួយ​កម្រិត​ដូច​ជា​ឈាន​ទៅ​ដល់​ការ​រៀបចំ​រៀងរាល់​ឆ្នាំ​ និង​ស្វែង​រក​ធនធាន​ល្អៗ​ឆ្ពោះ​ទៅ​ការ​ប្រកួត​កម្រិត​អន្តរជាតិ​បន្ត​ទៀត។​ ការ​ប្រកួត​នេះ​ជា​ការ​ត្រួសត្រាយ​ផ្លូវ​មួយ​ផង​ដែរ​សម្រាប់​សិស្ស​គុន​ហាប់គីដូ​ចាប់​ពី​ជំនាន់​នេះ​តទៅ​ឲ្យ​ទទួល​បាន​នូវ​លទ្ធផល​ និង​ធ្វើ​ដំណើរ​ទៅ​មុខ​ប្រកប​ដោយ​សក្ដានុពល​ និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កីឡា​មួយ​នេះ។​

ទិដ្ឋភាពបិទការប្រកួត (រូបភាព nocc)

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ លើក​ទី១​ ឆ្នាំ​២០២៣​ របស់​ខ្លួន​ហើយ​កាល​ពី​ម្សិលមិញ​នេះ​ក្រោយ​ធ្វើ​ការ​ប្រកួត​អស់​រយៈពេល​ ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៣-២៤​ ខែ​ធ្នូ​ ក្នុង​ទីលាន​សូហ្វតិន្នីស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្លឹប​ដែល​ជាប់​លេខ១​ បាន​លើ​ ក្រសួង​មហាផ្ទៃ​ ឈ្នះ​មាស៧​ ប្រាក់៧ សំរឹទ្ធ៧​ សរុប​២១គ្រឿង។​ លេខ២​ ក្លឹប​ធីណា​ហាប់គីដូ​ ឈ្នះ​មាស​៥ ប្រាក់៤ សំរឹទ្ធ៣​ សរុប​១៣គ្រឿង​ និង​លេខ៣​ បាន​លើ​ក្លឹប​ឥន្ទ្រី​ហាប់គីដូ​ ឈ្នះ​មាស៣​ ប្រាក់៣​ សំរឹទ្ធ៦​ សរុប​១២​គ្រឿង៕​

ទិដ្ឋភាពបិទការប្រកួត (រូបភាព nocc)

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី