- 2023-12-11 07:24:20
- កីឡាផ្សេងៗ
ចំបាប់ជើងឯកអាស៊ីអាគ្នេយ៍៖ កម្ពុជាមានការរីកចម្រើនបច្ចេកទេសខ្ពស់ ខណៈប្រធានអាជ្ញាកណ្ដាលអូឡាំពិកសរសើរពីការរៀបចំ
- 2023-12-11 07:24:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំបាប់ជើងឯកអាស៊ីអាគ្នេយ៍៖ កម្ពុជាមានការរីកចម្រើនបច្ចេកទេសខ្ពស់ ខណៈប្រធានអាជ្ញាកណ្ដាលអូឡាំពិកសរសើរពីការរៀបចំ
ចន្លោះមិនឃើញ
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះមើលឃើញក្រុមកម្ពុជាមានការរីកចម្រើនបច្ចេកទេសគួរឲ្យកត់សម្គាល់ ខណៈដែលប្រធានចៅក្រមអាជ្ញាកណ្ដាលមកពីអូឡាំពិកសរសើរថារៀបចំបានល្អ។
លោក ខេស៊ី បាណេត បានឲ្យដឹងថា ជើងឯកអាស៊ីអាគ្នេយ៍លើកនេះកម្ពុជាឈ្នះមេដាយបានច្រើន និងបានបំបែកកំណត់ត្រាមេដាយព្រឹត្តិការណ៍នេះដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅ។ តាមអ្វីដែលលោកមើលឃើញគឺកីឡាករ កីឡាការិនី មានការរីកចម្រើនខ្ពស់ខាងផ្នែកបច្ចេកទេស ពិសេសការបង្ហាញសមត្ថភាពរបស់ក្លឹបតាមបណ្ដាខេត្តដូចជាកំពង់ឆ្នាំង ពោធិ៍សាត់ និងមកពីខាងវិហារសួគ៌ជាដើម។
ម្ចាស់សាលា CamEd និងជាបុគ្គលស្រឡាញ់ផ្នែកកីឡាបំផុតរូបនេះបន្ថែមទៀតថា ក្រុមមកពីខេត្តមានបច្ចេកទេសល្អហើយ និងបង្ហាញពីភាពមោះមុត ប៉ុន្តែសមត្ថភាពប្រកួតប្រជែងនៅមិនទាន់ឈានដល់ការដណ្ដើមមេដាយជាមួយបណ្ដាប្រទេសនានានោះឡើយ។
លោក ខេស៊ី លើកឡើងទៀតថា ប្រធានអាជ្ញាកណ្ដាល ចៅក្រម ដែលមកពីអូឡាំពិកគឺបានសរសើរកម្ពុជាថារៀបចំបានល្អ និងសុក្រិតតាមស្តង់ដារអន្តរជាតិ។ បន្ថែមពីនេះសហព័ន្ធចំបាប់បណ្ដាប្រទេសចូលរួមនេះគឺចង់ឲ្យកម្ពុជារៀបចំការប្រកួតជើងឯកអាស៊ីនៅឆ្នាំក្រោយទៀត ព្រោះកម្ពុជារៀបចំបានល្អ និងទទួលបដិសណ្ឋាកិច្ចភ្ញៀវបានល្អតែម្ដង។
រំលឹកដែរថា ការប្រកួតចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះបានបញ្ចប់ទៅកាលពីថ្ងៃទី៩ ខែធ្នូ នៅក្នុងសាលនៃពហុកីឡដ្ឋានជាតិ។ ប្រទេសវៀតណាម ជាប់លេខ១ ឈ្នះមេដាយសរុប ៨៤គ្រឿង លេខ២ បានមកកម្ពុជា ឈ្នះមេដាយសរុប ៤៨គ្រឿង(មាស៤ ប្រាក់២៧ សំរឺទ្ធ១៧) លេខថៃ ឈ្នះមេដាយសរុប ១៨គ្រឿង៕