• 2023-12-07 04:59:18
  • កីឡា​ផ្សេង​ៗ

​អគ្គលេខាធិការ​កីឡា​គ្រិកឃីត​ថ្មី៖​ បង្ហាញ​ផែនការ​សំខាន់ៗ​ដឹកនាំ​កីឡា​មួយ​នេះ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បន្ថែម​

  • 2023-12-07 04:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ នូ​ សុផល​ អគ្គលេខាធិការ​ថ្មី​នៃ​សហព័ន្ធ​កីឡា​គ្រិកឃីក​កម្ពុជា​ មាន​ការ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​រួម​ចំណែក​ធ្វើ​ឲ្យ​កីឡា​មួយ​នេះ​ទទួល​បាន​ភាព​ជោគជ័យ​បន្ថែម​ទៀត​ ខណៈ​កិច្ចការ​ចម្បង​ដែល​ត្រូវ​ធ្វើ​គឺ​ពង្រឹង​សាមគ្គីភាព​ និង​អនុវត្តន៍​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​ដែល​ថ្នាក់ដឹកនាំ​ដាក់​មក។​

លោក​ នូ​ សុផល​ អគ្គលេខាធិការថ្មី

អគ្គលេខាធិការ​ថ្មី​របស់​គ្រិកឃីក​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​នេះ​គឺ​ថ្មី​សម្រាប់​លោក​ផ្ទាល់​ ប៉ុន្តែ​លើ​កិច្ចការ​កីឡា​ផ្សេងៗ​ទៀត​មិន​ជា​ថ្មី​ប៉ុន្មាន​ទេ​ ដោយ​សារ​តែ​ពី​មុន​ក៏​ជា​គណៈកម្មការ​មួយ​រូប​ដែរ​នៅ​ស៊ីហ្គេម​ ២០២៣​ ដែល​ទើប​បញ្ចប់​ទៅ​នេះ។​

ទិដ្ធភាពព្រឹកមិញ

លោក​ នូ​ សុផល​ បាន​លើក​ឡើង​ពី​ផែនការ​សកម្មភាព​មួយ​ចំនួន​ផង​ដែរ​ចំពោះ​កីឡា​គ្រិកឃីត​នេះ​ ដូច​ជា​ពង្រឹង​សាមគ្គីភាព​គ្នា​នៅ​ក្នុង​សហព័ន្ធ​ ព្រោះ​បើ​មិន​មាន​សាមគ្គីភាព​គ្នា​ល្អ​ទេ​គឺ​មិនមាន​ការ​រីកចម្រើន​ ឬ​អភិវឌ្ឍន៍​ទៅ​លឿន​នោះ​ឡើយ។​ ពង្រឹង​ និង​អនុវត្តន៍​តាម​ផែនការ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ល្អ។​

ទិដ្ធភាពព្រឹកមិញ

បន្ថែម​ពី​នេះ​ទៅ​ទៀត​គឺ​ពង្រឹង​ និង​រក្សា​ទំនាក់ទំនង​ល្អ​ជា​មួយ​បណ្ដា​សហព័ន្ធ​ជាតិ​ផ្សេងៗ​ ស្ថាប័ន​កីឡា​ជាតិ​ និង​អន្តរជាតិ​បន្ថែម​ទៀត។​ មួយ​វិញ​ទៀត​ក៏​នឹង​ត្រូវ​ជំរុញ​លើ​ការ​ហ្វឹកហាត់​ និង​ផ្សព្វផ្សាយ​កីឡា​មួយ​នេះ​ឲ្យ​មាន​ការ​ផុលផុស​បន្ថែម​ទាំង​នៅ​កម្ពុជា​ និង​លើ​ឆាក​អន្តរជាតិ។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​គ្រិកឃីក​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ប្រកាស​នូវ​អគ្គលេខាធិការ​សហព័ន្ធ​ថ្មី។​ លោក​ នូ​ សុផល​ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ក្លាយ​ជា​អគ្គលេខាធិការ​ថ្មី​ជំនួស​លោក​ ញឹម​ សោភ័ណ្ធ​ ដោយ​សុំ​លាលែង​ព្រោះ​ជាប់​រវល់។​ ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ដដែល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់