• 2023-12-04 06:47:04
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ទោចក្រយាន៖​ ជឿជាក់​ក្រុម​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​ការ​ប្រកួត​អន្តរជាតិ​នៅ​ឡាវ​

  • 2023-12-04 06:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​ មាន​ការ​ជឿជាក់​លើ​ក្រុម​កីឡាករ​កម្ពុជា​ទាំង​១៥​រូប​ដែល​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ឡាវ​នេះ​នឹង​ធ្វើ​បាន​ល្អ​ជា​មិន​ខាន។​

លោក​ នូ​ ចំរើន​ អគ្គលេខាធិការសហព័ន្ធ

លោក​ នូ​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ពិនិត្យ​មើលឃើញ​ក្រុម​កីឡាករ​កម្ពុជា​ទាំង​១៥​រូប​ដែល​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឡាវ​នេះ​នឹង​ធ្វើ​បាន​ល្អ​ជូន​ជាតិ​មាតុភូមិ​ និង​ម្ចាស់​ឧបត្ថម្ភ​នានា​ ព្រោះ​តែ​ការ​ខំប្រឹង​ហ្វឹកហាត់​បាន​ល្អ​ និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ប្រកួត។​

ក្រុម​ដែល​ជ្រើសរើស​បញ្ជូន​ទៅ​នេះ​គឺ​បាន​មក​ពី​បណ្ដា​ក្លឹប​សមាជិក​នានា​មាន​ទាំង​នៅ​ភ្នំពេញ​ និង​បណ្ដា​ខេត្ត។​ នេះ​ជា​ការ​ផ្ដល់​ឱកាស​មួយ​ដល់​យុវជន​មួយ​ពិសេស​អ្នក​ធ្លាប់​ជាប់​ជម្រើស​ជាតិ​ និង​អ្នក​ដែល​មិន​មែន​ជា​ជម្រើស​ជាតិ​ឲ្យ​បាន​ចេញ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ និង​សន្សំ​ពិសោធ​​ ពង្រឹង​សមត្ថភាព​ផង​ដែរ។​ ក្រុម​ដែល​ប្រកួត​នេះ​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​រយៈពេល​១ខែ​ក្នុង​ការ​ត្រៀម។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ជា​មួយ​គ្នា​នេះ​ដែរ​សហព័ន្ធ​ថ្លែង​អំរណគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​មួយ​ចំនួន​ដែល​ជួយ​គាំទ្រ​ជា​ថវិកា​ និង​សម្ភារ​ក្ដី​ដល់​ក្រុម​កម្ពុជា​ប្រកួត​នៅ​ប្រទេស​ឡាវ​នេះ។​ ក្នុង​នាម​សហព័ន្ធ​អំពាវនាវ​ដល់​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​ផង​ដែរ​ប្រសិន​បើ​ចង់​ចូលរួម​លើក​ស្ទួយ​ និង​ផ្សព្វផ្សាយ​កីឡា​ប្រណាំង​កង់​នៅ​កម្ពុជា​អាច​ទំនាក់ទំនង​សហព័ន្ធ​ដើម្បី​ឧបត្ថម្ភ​បាន។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

រំលឹក​ដែរ​ថា​ ការ​ប្រកួត​នេះ​គឺ​បាន​ការ​អញ្ជើញ​ពី​សហព័ន្ធ​កង់​របស់​ប្រទេស​ឡាវ។​ ប្រទេស​ចូលរួម​មាន​ ឡាវ​ កម្ពុជា​ និង​វៀតណាម។​ ក្រុម​កម្ពុជា​បញ្ជូន​កីឡាករ​ទៅ​១៥​នាក់​ និង​បែងចែក​ជា​៣ក្រុម។​ ព្រឹត្តិការណ៍​នេះ​ចាប់​ពី​ថ្ងៃ​ទី៣​ ដល់​ទី៧​ ខែ​ធ្នូ ​ឆ្នាំ​២០២៣​ នៅ​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី