• 2023-10-18 08:04:57
  • កីឡា​ផ្សេង​ៗ

កម្ពុជា​ នឹង​ជ្រើសរើស​អត្តពលិក​មាន​ទេពកោសល្យ​បំផុត​ ៧​រូប​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ ៣ឆ្នាំ​

  • 2023-10-18 08:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ថា​នឹង​ជ្រើសរើស​អត្តពលិក​ឆ្នើម​ដែល​មាន​សមត្ថភាព​ សក្ដានុពល​ខ្លាំង​ជាង​គេ​ចំនួន​ ៧រូប​ទៅ​ហ្វឹកហាត់​នៅ​ខេត្ត​យូណាន​ ប្រទេស​ចិន​ ក្រោម​ជំនួយ​រយៈពេល​ ៣ឆ្នាំ​នៅ​ទីនោះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​(រូបភាព Cambodia 2023)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ជា​ការ​ឆ្លើយតប​និង​កម្ពុជា​អំពី​ការ​ស្នើសុំ​ឧបត្ថម្ភ​លើ​ការ​ហ្វឹកហាត់​ និង​សម្ភារ​ហ្វឹកហាត់​ភាគី​ខាង​ចិន​គាំទ្រ​ពេញ​ទំហឹង​ក្នុង​ការ​ជួយ​ជា​និច្ច​ចំពោះ​វិស័យ​កីឡា​របស់​កម្ពុជា។​ ជាក់ស្ដែង​គ្រាន់តែ​ខេត្ត​យូណាន​ (Yunan)​ គេ​មាន​កញ្ចប់​ថវិកា​ពិសេស​រយៈពេល​ ៣​ឆ្នាំ​សម្រាប់​ផ្ដល់​ជូន​អត្តពលិក​ដែល​មាន​ទេពកោសល្យ​បំផុត​ ៧​នាក់​ទៅ​ហ្វឹកហាត់​ដើម្បី​ឲ្យ​សមត្ថភាព​ឈាន​ឡើង​បន្ថែម​ទៀត។​

ឈុន ប៊ុនថន(រូបភាព Cambodia 2023)

អ្នក​ជំនាញ​ផ្នែក​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ កម្ពុជា​នឹង​ជ្រើសរើស​អត្តពលិក​ដែល​មាន​ទេពកោសល្យ​ និង​សមត្ថភាព​លេចធ្លោ​ជាង​គេ​បំផុត​ ឧទាហរណ៍​ដូច​ជា​កីឡាករ​អត្តពលកម្ម​ ឈុន​ ប៊ុនថន​ ជា​ដើម​ដែល​មាន​សមត្ថភាព​កើន​ឡើង​ខ្លាំង​ និង​មាន​ស្ថិតិ​ជិត​កៀកមេដាយ​កីឡា​អាស៊ី​ កីឡា​អូឡាំពិក។​ ទាំង​នេះ​ហើយ​ដែល​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ព្យាយាម​ជំរុញ​បន្ថែម​ដល់​អត្តពលិក។​ ជា​មួយ​គ្នា​នោះ​ដែរ​ខាង​ភាគី​ចិន​នឹង​ជួយ​ជា​សម្ភារ​ហ្វឹកហាត់​ដល់​កម្ពុជា​ទៀត​ផង​នៅ​ពេល​ខាង​មុខ។​

ឈុន ប៊ុនថន(រូបភាព Cambodia 2023)

បញ្ជាក់​ដែរ​ថា​ ការ​លើក​ឡើង​របស់​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​គឺ​ក្រោយ​ពី​ឯកឧត្ដម​វិល​ត្រលប់​ពី​ដឹកនាំ​កីឡាករ​ កីឡា​ការិនី​មក​ពី​ប្រកួត​កីឡា​អាស៊ី​ លើក​ទី១៩​ នៅ​ប្រទេស​ចិន។​ ចំពោះ​គម្រោង​ជ្រើសរើស​អត្តពលិក​មាន​ទេពកោសល្យ​បំផុត​បញ្ជូន​ទៅ​ចិន​នេះ​គឺ​ចាប់​ពី​ ២០២៤​ ឆ្នាំក្រោយ​នេះ​ដោយ​ត្រូវ​ហាត់​រយៈ​ពេល​៣ឆ្នាំ​ជាប់​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី