• 2023-10-11 08:02:45
  • កីឡា​ផ្សេង​ៗ

ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា៖​ ពាក់កណ្ដាល​ម៉ារ៉ាតុង​មុខ​អង្គរ​កំពុង​រង់ចាំ​ការ​ចុះឈ្មោះ​ពី​មហាជន​

  • 2023-10-11 08:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ដ៏​ធំ​នៅ​កម្ពុជា​ «ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ មុខ​អង្គរ​ លើក​ទី២៨»​ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី៣​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​កំពុង​រង់ចាំ​ការ​ចុះឈ្មោះ​ពី​មហាជន​ខណៈ​បច្ចុប្បន្ន​មាន​អ្នក​ចុះ​រួច​ចម្រុះ​ជាតិសាសន៍​ជិត​ ៧០០០ នាក់​ហើយ។​

ទិដ្ឋភាពប្រគល់ថវិកាជូនមុន្ទីរពេទ្យ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​មុខ​អង្គរ​ (The 28 Angkor Wat International Half Marathon)​ ជា​កម្មវិធី​ធំ​បំផុត​ផ្នែក​រត់​ប្រណាំង​នេះ​នៅ​កម្ពុជា។​ ឆ្នាំ​២០២៣​ នេះ​គឺ​ជា​លើក​ទី២៨​ ហើយ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​ និង​មាន​អ្នក​ចូលរួម​គាំទ្រ​ច្រើន។​

ទិដ្ឋភាពព្រឹកមិញ

យ៉ាងណា​ព្រឹត្តិការណ៍​មួយ​នេះ​គឺ​បន្ត​ទទួល​ចុះឈ្មោះ​ពី​មហាជន​ដែល​មាន​បំណង​ចង់​ចូលរួម​រត់​កម្សាន្ត​ ឬ​ចង់​ជួយ​លើក​កម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា។​ ដូច​ទៅ​ហ្នឹង​អ្វី​ដែល​ឯកឧត្ដម​បាន​លើក​ឡើង​កន្លង​ទៅ​ថា​ ព្រឹត្តិការណ៍​មួយ​នេះ​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ពិសេស​នៅ​ខេត្ត​សៀមរាប​តែ​ម្ដង។​ មួយ​វិញ​ទៀត​ថវិកា​ដែល​បាន​មក​ពី​ការ​ចុះឈ្មោះ​ចូលរួម​គឺ​នឹង​ប្រើប្រាស់​ជួយ​អង្គការ​សប្បុរសធម៌​ មន្ទីរពេទ្យ​ សាលារៀន​ កុមារ​កំព្រា​ជា​ដើម។​

លោក​ សែម​ ផល្លា

លោក​ សែម​ ផល្លា​ តំណាង​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​កូវីដ​រួច​មក​កីឡា​រត់​ប្រណាំង​នៅ​កម្ពុជា​មាន​ការ​ស្តា​ឡើង​វិញ​ជា​បន្តបន្ទាប់​តាម​រយៈ​ការ​ចូលរួម​មាន​ការ​កើន​ឡើង​គួរឲ្យ​កត់សម្គាល់។​ នៅ​ឆ្នាំ​មុន​ពាក់កណ្ដាល​ម៉ារ៉ាតុង​អង្គរ​នេះ​មាន​អ្នក​ចូលរួម​ខ្ទង់​ ៧០០០​នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​ឥលូវ​នេះ​មាន​ការ​ចុះឈ្មោះ​ជាង​ ៧០០០​នាក់​ទៅ​ហើយ​ ដូច្នេះ​ទម្រាំ​ដល់​ចុង​ឆ្នាំ​ ឬ​ខែ​ធ្នូ​ នោះ​នឹង​មាន​ការ​កើន​ឡើង​ខ្ទង់​១ម៉ឺន​នាក់។​

រូបភាពរត់កន្លងទៅ

គណៈកម្មការ​រៀបចំ​​ខាង​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​មហាជន​ កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ដែល​បាន​ជួយ​គាំទ្រ​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ និង​សប្បុរសធម៌​មួយ​នេះ​ឲ្យ​កាន់​តែ​មាន​ការ​រីកចម្រើន​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត។​ នេះ​ជា​ការ​ចូលរួម​យ៉ាង​សំខាន់​ពី​មហាជន​ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ធំ​ និង​ឈាន​ទៅ​ប្រកួត​ប្រជែង​ជា​មួយ​កម្មវិធី​រត់​ប្រណាំង​អន្តរជាតិ​បណ្ដា​ប្រទេស​ផ្សេងៗ។​

រូបភាពរត់កន្លងទៅ

បញ្ជាក់​ដែរ​ថា​ ព្រឹកមិញ​នេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង​ Cambodia Events Organizer​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ NOCC​ និង​បាន​ប្រគល់​ថវិកា​ដែល​បាន​ពី​ឆ្នាំ​មុន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​អង្គការ​មួយ​ចំនួន​ទៀត​ផង​ដែរ។​ សម្រាប់​អ្នក​ចង់​ចុះឈ្មោះ​ចូលរួម​អាច​ទំនាក់ទំនង​លេខ​ 015 213 525 / 069 213 525 ឬ​ marketing@cambodia-events.org និង​ Facebook (Cambodia Events Organizer )៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី