• 2023-10-11 02:33:24
  • កីឡា​ផ្សេង​ៗ

តំណាង​ NOCC៖​ កីឡា​អាស៊ី​មហាអំណាច​កីឡា​ចូលរួម​ច្រើន​កម្ពុជា​ឈាន​មិន​ទាន់​ដល់​នោះ​ទេ​

  • 2023-10-11 02:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​បញ្ជាក់​ក្រោយ​វិល​ត្រលប់​មក​ពី​ចិន​វិញ​ថា​ ព្រឹត្តិការណ៍​កីឡា​អាស៊ី​នេះ​គឺ​ប្រជុំ​ដោយ​មហាអំណាច​ខ្លាំង​លើ​វិស័យ​កីឡា​ដូច​ជា​ ចិន​ ជប៉ុន​ អ៊ីរ៉ង់​ កូរ៉េ​ ដូច្នេះ​ហើយ​ទើប​លទ្ធផល​សម្រាប់​កម្ពុជា​មិន​សូវ​ល្អ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ តំណាង​ NOCC​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ បាន​ឲ្យ​ដឹង​ក្រោយ​មក​ពី​ចិន​វិញ​ថា​ ព្រឹត្តិការណ៍​កីឡា​អាស៊ី​នេះ​គឺ​ការ​ប្រកួត​ប្រជែង​ខ្លាំង​ មាន​សុទ្ធតែ​មហាអំណាច​ខាង​កីឡា​ហើយ​ដែល​មក​ចូលរួម។​ មាន​អត្តពលិក​ខ្លះ​ទៀត​សមត្ថភាព​កម្រិត​អូឡាំពិក​ទៀត​ផង​ ដូច្នេះ​ការ​ប្រកួត​ប្រជែង​គឺ​ខ្លាំង​ និង​មាន​ការ​លំបាក​ដល់​កម្ពុជា។​ កម្ពុជា​សមត្ថភាព​នៅ​មិន​ទាន់​ឈាន​ដល់​កម្រិត​នេះ​ទេ​ ពោល​ប្រកួត​ប្រជែង​ត្រឹម​តំបន់​អាស៊ាន។​

ទិដ្ឋភាពពេលថ្នាក់ដឹកនាំមកពីចិន (រូប NOCC)

អ្នក​ជំនាញ​ផ្នែក​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​លើក​នេះ​កម្ពុជា​ គឺ​បាត់បង់​ប្រភេទ​កីឡា​សក្ដានុពល​ និង​កីឡាករ​ កីឡា​ការិនី​ឆ្នើម​ដូច​ជា​ ខាន់​ ចេសា​ ស៊ន​ សៀវម៉ី​ និង​សាលី​ អ៊ូម៉ើត​ ជា​ដើម​ដូច្នេះ​ទើប​កម្ពុជា​មិន​បំបែក​កំណត់ត្រា​កីឡា​អាស៊ី​ លើក​ទី១៨​ នៅ​ឥណ្ឌូណេស៊ី​ និង​ទទួល​បាន​លទ្ធផល​មិន​សូវ​ល្អ។​

ទិដ្ឋភាពអត្តពលិកមកពីចិន

ឯកឧត្ដម​ក៏​មើល​ឃើញ​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា​ផង​ដែរ​ទោះ​ឈ្នះ​ត្រឹម​មេដាយ​សំរឹទ្ធ​១គ្រឿង​យ៉ាង​នេះ​ក្ដី​ ពោល​ដូច​ផ្នែក​អត្តពលកម្ម​ ហែល​ទឹក​ ចំបាប់​ ការ៉ាតេ​ និង​កីឡា​មួយ​ចំនួន​ទៀត​មាន​សមត្ថភាព​រីកចម្រើន​ឆ្ងាយ​ពី​កាល​​ស៊ីហ្គេម​ នៅ​កម្ពុជា​ ហើយ​ខ្លះ​ទៀត​បំបែក​កំណត់ត្រា​ថ្មី​របស់​អត្តពលិក​ដែល​ធ្វើ​បាន​ល្អ​ពី​មុន​ៗ​ទៅ​ទៀត។​ ចំណុច​នេះហើយ​​គឺ​ជា​រឿង​ល្អ​មួយ​ដែរ​ ហើយ​ថ្នាក់​ដឹកនាំ​នឹង​ព្យាយាម​ជំរុញ​បន្តិច​ទៅ​គឺ​ឈាន​ដល់​កម្រិត​ដណ្ដើម​មេដាយ​ហើយ។​

ទិដ្ឋភាពអត្តពលិកមកពីចិន

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​អាស៊ី​ លើក​ទី១៩​ នៅ​ទីក្រុង​ហាន់ចូវ​ ប្រទេស​ចិន​ ដែល​ចាប់​ពី​ថ្ងៃ​ទី​ ២៣​ ខែ​កញ្ញា​ ដល់​ ទី៨​ ខែ​តុលា​ ឆ្នាំ​២០២៣​ គឺ​បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ។​ សម្រាប់​ប្រតិភូ​ និង​កីឡាករ​មួយ​ចំនួន​ក៏​បាន​មក​ដល់​កម្ពុជា​ហើយ​ផង​ដែរ​ លើកលែង​តែ​អត្តពលិក​មួយ​ចំនួន​ដែល​ត្រូវ​បន្ត​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​បន្ត​ទៀត​ប៉ុណ្ណោះ។​ កម្ពុជា​ឈ្នះ​មេដាយ​សំរឺទ្ធ​ ១គ្រឿង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ចិន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់