- 2023-10-08 12:31:56
- កីឡាផ្សេងៗ
សហព័ន្ធស្នូរឃ័រកម្ពុជា៖ បញ្ជូនកីឡាករឆ្នើម៥រូបទៅប្រកួតជម្រុះ World Chinese 8 Ball ពិភពលោកនៅចិន
- 2023-10-08 12:31:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធស្នូរឃ័រកម្ពុជា៖ បញ្ជូនកីឡាករឆ្នើម៥រូបទៅប្រកួតជម្រុះ World Chinese 8 Ball ពិភពលោកនៅចិន
ចន្លោះមិនឃើញ
សហព័ន្ធកីឡាស្នូរឃ័រកម្ពុជា ម្សិលមិញនេះបានបញ្ជូនកីឡាករឆ្នើមចំនួន ៥រូបទៅចូលរួមប្រកួតជម្រុះវិញ្ញាសាថ្មី ក្នុងកម្មវិធី World Chinese 8 Ballពិភពលោកនៅប្រទេសចិន។
លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធស្នូរឃ័របានឲ្យដឹងថា កីឡាករទាំង៥រូបដែលទៅប្រកួតនៅចិននេះសុទ្ធសឹងតែជាជើងខ្លាំងរបស់កម្ពុជា និងខ្លះទៀតជាម្ចាស់មេដាយស៊ីហ្គេម ២០២៣ នេះទៀតផង។ 8 Ball នេះជាវិញ្ញាសាថ្មីសម្រាប់កីឡាប៊ីយ៉ាដែលទើបបង្កើតឡើង។
អគ្គលេខាធិការខាងលើនេះបន្ថែមទៀតថា ការប្រកួតនេះគឺល្អមែនទែនសម្រាប់ការរៀនសូត្រយកបទពិសោធ ព្រោះវិញ្ញាសានេះនឹងដាក់បញ្ជូននៅស៊ីហ្គេម ២០២៥ នៅប្រទេសថៃនាពេលខាងមុខ។ ដូច្នេះនេះជាការជម្រុះផង និងជាការពង្រឹងសមត្ថភាពផងដែរ។
ថ្នាក់ដឹកនាំសហព័ន្ធរូបនេះអំពាវនាវដល់សប្បុរសជន និងបណ្ដាក្រុមហ៊ុននានាជួយឧបត្ថម្ភដល់សហព័ន្ធ ឬឧបត្ថម្ភដល់កីឡាករផ្ទាល់ក៏បានដើម្បីរួមចំណែកលើកទឹកចិត្តដល់ពួកគេឲ្យរឹតតែមានកម្លាំងហ្វឹកហាត់។ ការឧបត្ថម្ភជាពីសប្បុរសជនគឺសំខាន់ជួយសម្រួលដល់កិច្ចការនានាដូចជាការចេញទៅប្រកួតនៅអន្តរជាតិ និងជាការរួមចំណែកបង្ហាញពិភពលោកថាខ្មែរអាចធ្វើបាន ខ្មែរអាចឈ្នះមេដាយអន្តរជាតិបាន។
បញ្ជាក់ដែរថា ការប្រកួតជម្រុះវិញ្ញាសា 8 Ball ធ្វើនៅប្រទេសចិន ចាប់ពីថ្ងៃទី១០ ដល់ ២២ ខែតុលា ឆ្នាំ២០២៣។ កីឡាករទាំង៥រូបដែលត្រូវប្រកួតនោះរួមមាន ម៉ែន សុផានិត សោម សំណាង ដួង ប៊ុនធឿន សៀង កូស៊ីន និង លន់ សៅជេត្តភាម៕