- 2023-10-02 04:36:44
- កីឡាផ្សេងៗ
ខេត្តព្រៃវែង៖ ប្រារព្ធទិវាដើរពិភពលោកមានអ្នកចូលរួមប្រមាណ ៦០០នាក់បង្ហាញចលនាកីឡា និងភាពរីកចម្រើន
- 2023-10-02 04:36:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តព្រៃវែង៖ ប្រារព្ធទិវាដើរពិភពលោកមានអ្នកចូលរួមប្រមាណ ៦០០នាក់បង្ហាញចលនាកីឡា និងភាពរីកចម្រើន
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះខេត្តព្រៃវែង សួនច្បារសម្ដេចក្រឡាហោម ស ខេង បានប្រារព្ធទិវាដើរពិភពលោកដែលមានមន្ត្រីស្ថាប័នរដ្ឋ ឯកជន គ្រូ សិស្ស ប្រមាណ ៦០០នាក់បានចូលរួមដើរបង្ហាញពីសកម្មភាពកីឡាផង និងបង្ហាញភាពរីកចម្រើនក្នុងខេត្ត។
ទិវាដើរពិភពលោក ថ្ងៃទី១ ខែតុលា នេះបានចូលរួមជាអធិបតីឯកឧត្ដម អ៊ុក សិទ្ធិជាតិ តំណាងរាស្ត្រខេត្តព្រៃវែង ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត និងមន្ត្រីស្ថាប័នរដ្ឋជាច្រើនផងដែរ។ ទិវានេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ នៅទីក្រុង ឡូសាន ប្រទេសស្វីស ដោយសមាគមពិភពលោក កីឡាសម្រាប់ទាំងអស់គ្នា ហៅកាត់ថា TAFISA។
ទិវានេះត្រូវកំណត់ឱ្យប្រើប្រាស់វិធីសាស្រ្ដសាមញ្ញៗ ដូចជាដើរ រាំកំសាន្ដ ជិះកង់ រត់ ជាដើម ក្នុងគោលបំណងអបអរសាទរកីឡាសម្រាប់ទាំងអស់គ្នា ប្រយុទ្ធប្រឆាំងនឹងវិបត្តិពិភពលោកនៃភាពអសកម្មនៃរាងកាយ។ ដោយឡែក ទិវានេះ ត្រូវបានដាក់ឈ្មោះថាជា “ទិវាដើរពិភពលោក” គឺកើតឡើងដោយ មានមនុស្សរាប់លាននាក់មកពីជាង ១៦០ ប្រទេស បានជួបជុំដើរជុំគ្នានៅរៀងរាល់ថ្ងៃអាទិត្យ សប្ដាហ៍ទី១ នៃខែតុលា។ សកម្មភាពនេះ ត្រូវបានអនុវត្តទៀងទាត់ជាង បីទសវត្ស រហូតមានការទទួលស្គាល់ពីសមាគមពិភពលោកកីឡាសម្រាប់ទាំងអស់គ្នា ហើយបានសម្រេចបង្កើតទិវានេះឡើង ដោយដាក់ឈ្មោះថា "ទិវាដើរពិភពលោក" នៅឆ្នាំ១៩៩១។
ឆ្នាំ ២០២០ ពេលដែលពិភពលោកប្រឈមមុខនឹងជំងឺរាតត្បាតជាសកលដែលរំខានដល់សង្គម កីឡា ប្រព័ន្ធសុខភាពមូលដ្ឋាន និងរដ្ឋាភិបាលនានាទូទាំងពិភពលោក កម្ពុជាត្រូវរួបរួមហើយបង្ហាញទៅសកលលោកថា កីឡាសម្រាប់ទាំងអស់គ្នា មានភាពរឹងមាំ និងសាមគ្គី នាអំឡុងពេលដែលមនុស្សជាតិត្រូវតស៊ូរស់រានទាំងអស់គ្នា។ ដូច្នេះហើយបានកើតឡើងនូវគំនិតនៃទិវាដើរពិភពលោក ព្រឹត្តិការណ៍បណ្ដាក់ ២៤ម៉ោងជុំវិញពិភពលោក ដែលជាការរៀបចំបន្តបន្ទាប់គ្នាតាមល្វែងម៉ោងក្នុងរយះពេល២៤ ម៉ោងនៅជុំវិញពិភពលោក។ ជាលទ្ធផល មនុស្សរាប់ម៉ឺននាក់មកពី ៦៥ប្រទេសបានចូលរួមក្នុងទិវានេះ ដោយរាប់ចាប់ពីពីប៊ូលខាងជើង (ទ្វីបអង់តាក់ទិក) ឆ្ពោះទៅប្រទេសខាងលិចបំផុតនៃទ្វីបអាមេរិក ឆ្លងកាត់ទ្វីបអូសេអានី អាស៊ី អឺរ៉ុប និងចុងក្រោយ បញ្ចប់នៅត្រឹមទ្វីបអាហ្រ្វិក។
ចំពោះការរៀបចំនៅខេត្តព្រៃវែងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្ដ ខេត្តព្រៃវែង និងជាប្រធានគណៈកម្មការរៀបចំទិវា រួមជាមួយឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នឹងដឹកនាំអ្នកចូលរួមប្រមាណ ៦០០នាក់ រួមមានសិស្សសាលា មន្រ្ដីស្ថាប័នរដ្ឋ បុគ្គលិកក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋមកពីជុំវិញប្រទេសកម្ពុជា បងប្អូនជនពិការ ដើរចេញដោយចាប់ផ្ដើមពី សួនសម្ដេចក្រឡាហោម ស ខេង ចម្ងាយផ្លូវប្រវែង ១៧០០ ម៉ែត្រ ដើម្បីអបអរសាទរ និងបង្ហាញពិភពលោកឱ្យស្គាល់ទីក្រុងព្រៃវែង ស្គាល់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសេ កម្ពុជា ជាប្រទេសមានសន្ដិភាព សុវត្ថិភាព និងមានការរីកចំរើនស្ទើរគ្រប់វិស័យ៕