- 2023-03-21 03:22:33
- ព័ត៌មាន
កម្ពុជា បង្ហាញចំនួនប្រតិភូកីឡាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចូលរួមស៊ីហ្គេម២០២៣
- 2023-03-21 03:22:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា បង្ហាញចំនួនប្រតិភូកីឡាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចូលរួមស៊ីហ្គេម២០២៣
ចន្លោះមិនឃើញ
ព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានរៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡាដើម្បីចាប់ផ្ដើមការដង្ហែភ្លើងគប់ ទៅកាន់បណ្ដាប្រទេសជាសមាជិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រពៃណីរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សវិសេសវិសាល និងកិត្តិយសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាទាំងពីរខាងលើ ដែលប្រារព្ធនៅវេលាព្រឹកថ្ងៃអង្គារ៍ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្ដារបែនបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា៖ "ក្នុងនាមក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទូលព្រះបង្គំសូមក្រាបបង្គំទូលថ្វាយភ្លើងព្រះអគ្គិជ័យ កីឡាមានប្រវត្តិនិងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធភ្លើងកីឡាអូឡាំពិកដែលកាលពីប្រមាណ២០០០ឆ្នាំមុនគ.ស រៀងរាល់ការប្រារព្ធពិធីប្រកួតកីឡាអូឡាំពុកបុរាណនៅលើភ្នំអូឡាំព៉្យា ប្រទេសក្រិចបុរាណបានយកភ្លើងពីកំដៅព្រះអាទិត្យដើម្បីបើកការប្រកួតកីឡាអូឡាំពិករហូតដល់បច្ចុប្បន្ន"។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្តទៀតថា៖ "ព្រះអគ្គិជ័យកីឡាមានអត្ថន័យជ្រាលជ្រៅជានិមិត្តរូបនៃកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធដែលផ្ដល់នូវសេចក្ដីសុខ សុភមង្គល និងសន្តិភាពដល់មនុស្សជាតិទាំងអស់រស់នៅលើលោកភពផែនដីតាមប្រធានបទ "កីឡានាំមកនូវសាមគ្គីភាព មិត្តភាពនិងសន្តិភាព"។ ផ្ដើមចេញពីប្រវត្តិនិងខ្លឹមសារព្រះអគ្គិជ័យកីឡាទើបកម្ពុជារៀបចំព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាពេលនេះដើម្បីទទួលបានព្រះអគ្គិជ័យកីឡាទៅរត់ដង្ហែភ្លើងគប់និងប្រារព្ធពិធីបើកការប្រកួត SEA Games-ASEAN Para Games ឆ្នាំ២០២៣ខាងមុខ"។
ជាមួយគ្នានេះដែរកម្ពុជាក៏បានបង្ហាញចំនួនប្រតិភូកីឡាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលនឹងចូលរួមស៊ីហ្គេម២០២៣នេះតាមតួលេខបឋមមានដូចតទៅ៖
១. ប្រតិភូកីឡា ប្រ៊ុយណេ ចំនួន៨២នាក់
២. ប្រតិភូកីឡា កម្ពុជា ចំនួន១៣១២ នាក់
៣. ប្រតិភូកីឡា ឥណ្ឌូណេស៊ី ចំនួន១៧៣៦នាក់
៤. ប្រតិភូកីឡា ឡាវ ចំនួន៥៨៣នាក់
៥. ប្រតិភូកីឡា ម៉ាឡេស៊ី ចំនួន១៤៤០នាក់
៦. ប្រតិភូកីឡា មីយ៉ាន់ម៉ា ចំនួន៦៦៣នាក់
៧. ប្រតិភូកីឡា ហ្វីលីពីន ចំនួន១១២១នាក់
៨. ប្រតិភូកីឡា សិង្ហបុរី ចំនួន១២៧១នាក់
៩. ប្រតិភូកីឡា ថៃ ចំនួន១៨៥៥នាក់
១០. ប្រតិភូកីឡា ទីម័រខាងកើត ចំនួន១៦៧នាក់
១១. ប្រតិភូកីឡា វៀតណាម ចំនួន១២២៣នាក់
ចំនួនសរុប ១១ ៤៥៣នាក់។