- 2025-01-09 02:54:03
- ព័ត៌មាន
ប្រធានសហព័ន្ធវាយកូនឃ្លីលើតុ៖ អ្នកឈ្នះ-ចាញ់ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព
- 2025-01-09 02:54:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធវាយកូនឃ្លីលើតុ៖ អ្នកឈ្នះ-ចាញ់ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព
ចន្លោះមិនឃើញ
សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ និងពានរង្វាន់របស់សហព័ន្ធរួចរាល់កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ខណៈថ្នាក់ថ្នាក់ដឹកនាំបានក្រើនរំលឹកដល់កីឡាករ កីឡាការិនី សូមកុំភ្លេចថែរក្សាសុខភាព។
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានឲ្យដឹងថា តាមរយៈរបាយការណ៍របស់ប្រធានគណៈកម្មាធិការរៀបចំការប្រកួតគឺបានបង្ហាញពីភាពជោគជ័យ និងដំណើរការប្រកួតយ៉ាងរលូនល្អបើទោះជាមានការប្រកួតច្រើនប្រកួតយ៉ាងណាក្ដី។
ប្រធានសហព័ន្ធខាងលើសូមអបអរសាទរចំពោះម្ចាស់ជយលាភីទាំងអស់ និងលើកទឹកចិត្តដល់អ្នកដែលមិនទាន់ឈ្នះការប្រកួត ត្រូវបន្តខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមការប្រកួតសំខាន់ៗលើកក្រោយទៀត។ ជាមួយគ្នានេះដែរឯកឧត្ដមក្រើនរំលឹកដល់កីឡាករ កីឡាការិនី ទាំងអស់សូមគិតគូរដល់សុខភាពត្រូវថែរក្សាសុខភាពឲ្យបានល្អ ព្រោះបើទោះជាមានបច្ចេកទេសខ្លាំង ឬបទពិសោធច្រើនក្ដី ប៉ុន្តែបើសុខភាពមិនសូវល្អហើយក៏ពិបាកនឹងបន្តបានផងដែរ។ សុខភាពល្អទើបកីឡាខ្លាំងពូកែ និងជោគជ័យ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនកាលពីថ្ងៃទី២ ដល់ ៦ ខែមករា ឆ្នាំ២០២៥ នៅសាលហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិ។ ចំពោះចំណាត់ថ្នាក់នៃការប្រកួតគឺលេខ១ បានលើក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មាស៤ ប្រាក់១ លេខ២ ក្រសួងការពារជាតិ មាស៣ ប្រាក់២ សំរឹទ្ធ២ លេខ៣ ក្រុមក្រសួងមហាផ្ទៃ ប្រាក់៣ សំរឹទ្ធ១៕