• 2023-01-18 06:56:19
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​​សូហ្វតិន្នីស៖​ វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម-អាជ្ញាកណ្ដាល​ជា​ជំហាន​ថ្មី​

  • 2023-01-18 06:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​ បិទ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ ក្រោម​អធិបតីភាព​អគ្គលេខាធិការដ្ឋាន​ឯកឧត្ដម​ សរ សិទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ក្រោយ​ដំណើរ​ការ​អស់​រយៈពេល​៥ថ្ងៃ។​

ឯកឧត្ដម​ សរ សិទ្ធិ (រូបភាពសហព័ន្ធ)

ឯកឧត្ដម​ សរ សិទ្ធិ​ ប្រធាន​សហព័ន្ធ​បាន​វាយ​តម្លៃ​ខ្ពស់​ផង​ដែរ​ ដល់​មន្ត្រី​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ ជា​ពិសេស​គ្រូ​ឧទ្ទេស​ ដែល​បាន​ដឹកនាំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​គួរ​កត់​ឱ្យ​សម្គាល់។​

ប្រធាន​សហព័ន្ធ​បាន​គូស​បញ្ជាក់​ទៀត​ថា ​ជា​មោទកភាព​មួយ​ផង​ដែរ​ ដែល​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​ សម្រេច​បាន​ដោយ​ជោគជ័យ​ក្នុង​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ ដោយ​ផលិត​បាន​ធនធាន​ល្អៗ​សម្រាប់​ត្រៀម​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ។​

រូបភាពសហព័ន្ធ

ឯកឧត្តម​ក៏​បាន​ជំរុញ​ និង​លើក​ទឹកចិត្ត​ដល់​មន្ត្រី​សិក្ខាកាម​ក្នុង​វគ្គ​នេះ​ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ជា​ពិសេស​លើ​ផ្នែក​ភាសា​ដោយ​ហេតុ​ថា​ស៊ីហ្គេម​ជា​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​ ដូច្នេះ​ទាមទារ​ឱ្យ​មន្ត្រីបច្ចេកទេស​ និង​អាជ្ញាកណ្តាល​ទាំង​អស់​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ ដើម្បី​ដឹកនាំ​ការ​ប្រកួត​ឱ្យ​ទទួល​បាន​ជោគជ័យ​ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​ ២០២៣។ ឯកឧត្តម បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះថាជាការបោះជំហានថ្មីមួយ របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្រោមការជួយបណ្តុះបណ្តាលពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ចាស់វស្សាលេីវិស័យនេះគឺលោក យី សារិន គ្រូជនជាតិខ្មែរ និងលោក Ogiwara Masato គ្រូជនជាតិជប៉ុន។

រូបភាពសហព័ន្ធ

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​ និង​អាជ្ញាកណ្តាល​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០២៣​ ដំណើរ​ការ​រយៈពេល​ ៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​ ៩ ដល់​ ១៣​ ខែ​មករា​ ឆ្នាំ២០២៣​ ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន​ ៣៦រូប​ក្នុង​នោះ​សិក្ខាកាម​ជា​ស្ត្រី​ចំនួន​ ៦រូប៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី