• 2023-01-18 05:39:31
  • កីឡា​ផ្សេង​ៗ

កីឡាករ​កាយ​វប្បកម្ម​យំ​ស្ទើរ​គ្រប់​គ្នា​ព្រោះ​ដក​ចេញ​ពីស៊ីហ្គេម​ ២០២៣​

  • 2023-01-18 05:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ កីឡា​ការិនី​កាយ​វប្បកម្ម​ យំ​ និង​សោកស្ដាយ​គ្រប់​គ្នា​ដោយ​សារ​តែ​ត្រូវ​ដក​ចេញ​លែង​ឲ្យ​លេង​នៅ​ស៊ីហ្គេម​ ២០២៣​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ ខណៈ​ប្រធាន​សហព័ន្ធ​រួម​ទាំង​កីឡាករ​សុំ​អំពាវនាវ​ទៅ​សម្ដេច​ជួយ​អន្តរាគមន៍។​

ទិដ្ឋភាពសន្និសីទ​

លោក​ តិក​ ប៊ុនវី​ ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​បាន​ឲ្យ​ដឹង​ថា​ អ្វី​ដែល​សហព័ន្ធ​ខំប្រឹង​ជា​យូរ​មក​ហើយ​គឺ​ត្រូវ​រលាយ​ និង​ធ្លាក់​ដល់​សូន្យ​ដោយ​សារ​តែ​ចាញ់​ការ​បោកបញ្ឆោត​ លួងលោម​ឲ្យ​ពី​អ្នក​ក្រៅ​ឲ្យ​កីឡាករ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​នៅ​ពេល​ប្រកួត​កីឡា​ជាតិ​ លើក​ទី៣​ នេះ។​ ការ​ត្រួតពិនិត្យ​ទឹកនោម​ម្ចាស់​មេដាយ​នានា​នៅ​កីឡា​ជាតិ​ លើក​ទី៣​ នេះ​នាំ​ឲ្យ​អន្តរជាតិ​ និង​ស្ថាប័ន​កីឡា​នៅ​កម្ពុជា​ដក​កីឡាកាយវប្បកម្មចេញ​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​នេះ។​

កីឡាករយំពេលសម្ភាស

ជា​មួយ​គ្នា​នេះ​ផង​ដែរ​ប្រធាន​សហព័ន្ធ​ខាង​លើ​អំពាវនាវ​ដល់​សម្ដេច​តេជោ​ ជួយ​អន្តរាគមន៍​អំពី​រឿង​នេះ​ផង​ដើម្បី​ឲ្យ​កីឡាករ​ កីឡា​ការិនី​ផ្សេងៗ​មិន​ពាក់ព័ន្ធ​បាន​លេង​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ឆ្នាំ​ ២០២៣​ នេះ​ផង។​

ម្ចាស់​មេដាយ​មាស​នៅ​ប្រទេស​ម៉ាល់ឌីវ​ ឆឹង​ ណូរ៉ា​ បាន​ឲ្យ​ដឹង​ដែរ​ថា​ រូប​គេ​ពិត​ជា​មាន​ការ​សោកស្ដាយ​ខ្លាំង​បំផុត​ចំពោះ​ការ​ដក​ចេញ​ពី​ស៊ីហ្គេម​នៅ​កម្ពុជា​នេះ​ សោកស្ដាយ​ចំពោះ​ការ​ខំប្រឹង​ហ្វឹកហាត់​ជា​ច្រើន​ឆ្នាំ​របស់​ម្នាក់ៗ​ សោកស្ដាយ​ចំពោះ​ការ​ចំណាយ​ពេល​ ចំណាយ​ថវិកា​ និង​ការបាត់បង់​ក្ដី​ស្រមៃ​។​

កីឡាករ ឆឹង​ ណូរ៉ា

ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ជួយ​ដាក់​បញ្ចូល​កីឡា​កាយវប្បកម្ម​នៅ​ស៊ីហ្គេម​វិញ​ ដើម្បី​បាន​សម្រេច​ក្ដី​ស្រមៃ​លេង​ឲ្យ​កម្ពុជា​នៅ​ពេល​ម្ចាស់ផ្ទះ​ បាន​ចូល​ដណ្ដើម​មេដាយ​ជូន​កម្ពុជា​ និង​ឈ្នះ​មេដាយ​នៅ​លើ​ទឹកដី​ខ្លួន។​ កីឡាករ​ដែល​មាន​បម្រាម​គឺ​បន្ត​ដាក់​បម្រាម​ទៅ​ចុះ​ ប៉ុន្តែ​អ្នក​ដែល​មិន​បាន​ពាក់ព័ន្ធ​ អ្នក​ដែល​ខំប្រឹង​ តស៊ូ​ជា​យូរឆ្នាំ​មក​ហើយ​សុំ​ឲ្យ​បាន​ចូល​លេង​នៅ​ស៊ីហ្គេម​វិញ​ផង។​ រូប​គេ​និង​ក្រុម​កីឡាករ​ផ្សេងៗ​ទៀត​ប្ដេជ្ញា​នឹង​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ​ឲ្យ​បាន​នៅ​ស៊ីហ្គេម​ ២០២៣​ ប្រសិន​បើ​បាន​ចូល​លេង។​

ទិដ្ឋភាពសន្និសីទ​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ជម្រើស​ជាតិ​ ២​រូប​បាន​មក​សារភាព​ប្រាប់​សហព័ន្ធ​ថា​រូប​គេ​បាន​ភ្លាត់​ប្រើប្រាស់​ចំ​សារធាតុ​ហាមឃាត់​នៅ​ពេល​ប្រកួត​កីឡា​ជាតិ​ លើក​ទី៣។​ ជា​មួយ​គ្នា​នេះ​ដែរ​សហព័ន្ធ​ក៏​បាន​ទទួល​ដំណឹង​ថា​កីឡា​កាយវប្បកម្ម​ត្រូវ​បាន​ដក​ចេញ​ពី​ស៊ីហ្គេម ​២០២៣​ នេះ​ហើយ​ដោយសារ​តែ​កីឡាករ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​នៅ​ពេល​ប្រកួត។​

ទិដ្ឋភាពសន្និសីទ​

ម្សិលមិញ​នេះ​ដែរ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​បាន​ធ្វើ​សន្និសីទ​នៅទីតាំង​សហព័ន្ធ​ផ្ទាល់​ឯ​ផ្សារ​សំណង់ ១២​ បក​ស្រាយ​ក៏​ដូច​ជា​បើក​បង្ហាញ​ពី​រឿង​កីឡាករ​២រូប​ត្រូវ​បាន​គេ​លួងលោម​ឲ្យ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ (ថ្នាំ​បញ្ចុះ​ជាតិទឹក)​ មុន​ពេល​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ កន្លង​ទៅ​ថ្មីៗ​នេះ៕​

កីឡាករ ឆឹង​ ណូរ៉ា

វីដេអូសម្ភាស៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់