• 2022-12-16 08:32:35
  • ព័ត៌មាន

គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចុះ MOUជាមួយ​សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍

  • 2022-12-16 08:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ព្រឹត្តិការណ៍​កីឡាករ​ជន​ពិការ​ ឬ អាស៊ាន​ប៉ារ៉ាហ្គមេ កាន់​តែ​ជិត​មក​ដល់ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) បាន​ចុះ MOUជាមួយ​សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ដើម្បី​ធ្វើ​សហប្រតិបត្តិការ​ធ្វើ​យ៉ាង​ណា​រៀប​ចំ​ព្រឹត្តិការណ៍​ឲ្យ​ដំណើរ​ការ​ជោគជ័យ និង​រលូន។

តាម​ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជា បាន​ឲ្យ​ដឹង​ថាកម្មវិធី "អាស៊ាន​ប៉ារ៉ាហ្គេម" គឺ​ធ្វើ​ឡើង ២​ឆ្នាំ​ម្ដង និង​ផ្លាស់​ប្ដូរ​តាម​ឈ្មោះ​ប្រទេស។ ដោយឡែក​ឆ្នាំ ២០២៣​នេះ ដល់​វេន​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ម្ដង បន្ទាប់​ពី​បាន​ខកខាន​រៀប​ចំ​កីឡាស៊ីហ្គេម ៦៣ឆ្នាំ​ហើយ​ដោយ​សារ​សង្គ្រាម។

យ៉ាង​ឯកឧត្តម បន្ត​ថា សម្ដេច​តេជោ ហ៊ុន សែន ថា​យើង​ត្រូវ​តែ​ទទួល​យក​សិទ្ធិ​មក​រៀប​ចំ និង​ធ្វើ​ឲ្យ​បាន​ល្អ។ ដូច្នេះ​ហើយ ទើប​មាន​ការ​ចុះ​ហត្ថាលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​នេះ​ជាមួយ សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា APSF នៅ​ថ្ងៃ​នេះ ដើម្បី​ធ្វើ​សហប្រតិបត្តិការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះ​ឲ្យ​​បាន​ល្អ ព្រោះ​ថា APSF មាន​បទ​ពិសោធន៍ ២០​ឆ្នាំ​មក​ហើយ​លើ​ការងារ​នេះ។ ជុំវិញ​បញ្ហា​នេះ លោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) បានប្តេជ្ញាជួយកម្ពុជាក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ និងល្អបំផុត។ លោកថា លោកសូមអរគុណដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអរគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលដែលបានគាំទ្រពេញទំហឹងឲ្យរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។

ជាមួយគ្នានេះលោកពិតជារីករាយដែលឃើញកម្ពុជាកំពុងត្រៀមខ្លួនបានយ៉ាងល្អ និងស្ទើរតែរួចរាល់១០០%ទៅហើយ។ លោកមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នាពេល​នេះ រវាង CAMAPGOC និង APSF គឺ​ជួយសម្រួលដល់សមាជិកអាស៊ានទាំងអស់ពីរបៀបដែលពួកគាត់មកទៅនេះដើម្បីចូលរួមប្រកួត។ APSF បានផ្តល់សិទ្ធិឲ្យកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ហើយ ទើប​លោក​មក​ទីនេះដើម្បីជួយ និងសម្របសម្រួលកម្ពុជាឲ្យទទួលបានជោគជ័យ។

"យើងត្រូវធ្វើការរួមគ្នា ពីព្រោះយើងត្រូវទទួលខុសត្រូវក្នុងការអនុវត្តដើម្បីរៀបចំសៀវភៅបច្ចេកទេស Handbook។ ពីព្រោះសៀវភៅបច្ចេកទេស គឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមសមាជិកអាស៊ានទាំង១០ប្រទេស។ ក្នុងនាមខ្ញុំជាប្រធាន ខ្ញុំមានបេសកកម្មតាមដាន និងសម្របសម្រួលអ្វីៗទាំងអស់ឲ្យមាននៅក្នុងសៀវភៅបច្ចេកទេស"។ លោក​បន្ថែម។

ជាមួយគ្នានេះ លោកស្រី Wandee Tosuwan អគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ានជឿជាក់ថា កម្ពុជានឹងរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានល្អជាងប្រទេសឥណ្ឌូនេស៊ីដែលបានរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ កាលពីប៉ុន្មានខែមុននេះ។

លោកស្រី Wandee Tosuwan បានលើកឡើងថា ៖«យើងរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេលខ្លី តែទទួលបានជោគជ័យ។ នៅទីនេះ (កម្ពុជា) ដោយមានការទទួលខុសត្រូវ មានសមត្ថភាព ទាំងរាជរដ្ឋាភិបាល ទាំងគណៈកម្មាធិការជាតិ CAMAPGOC និងមានគាំទ្រពីប្រជាជន យើងជឿជាក់ថា យើងអាចធ្វើបាន និង​អាចល្អជាងតិចតួចកាលនៅឥណ្ឌូនេស៊ីផង»។

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើលិខិតអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិរៀបចំកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ និងសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៦ ធ្នូ នេះ​ធ្វើ​នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMAPGOC ដោយមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMAPGOC និងលោកណ្ឌិត Osoth Bhavilai ប្រធាន APSF ជាភាគីហត្ថលេខី។

តាម​ផែន​ការ កីឡា​អាស៊ានប៉ារ៉ាហ្គេម លើក​ទី១២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ គ្រោង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

អត្ថបទ៖ ទារិកា

មតិយោបល់