• 2024-04-23 11:23:37
  • ព័ត៌មាន

ប្រធាន​ក្លឹប Barca ទទូច​ចង់​ឱ្យ​ប្រកួត El Clasico លេង​ឡើង​វិញ

  • 2024-04-23 11:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Barcelona លោក Juan Laporta ទទូច​ចង់​ឱ្យ​ប្រកួត El Clasico លេង​ឡើង​វិញ ប្រសិន​បើ​គេ​រក​ឃើញ​ថា វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ ឬ ហៅ​ជា​ភាសា​អង់គ្លេស​ថា VAR បង្ក​កំហុស ដោយ​មិន​អនុញ្ញាត​ឱ្យ​គ្រាប់បាល់​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ ១៦ឆ្នាំ​របស់​ក្លឹប​គឺ កីឡាករ Lamine Yamal យក​ជាការ​បាន។ នេះ​បើ​តាម​វីដេអូ​ ៤នាទី​របស់​លោក​បង្ហោះ​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក Laporta បាន​តវ៉ា​ថា «គ្រាប់បាល់​ខ្មោច» របស់​ Yamal គួរ​តែ​យក​ជា​ការ​បាន​ ដោយសារ​តែ​គ្រាប់​បាល់​នេះ​បាន​ចូល​ក្នុង​សំណាញ់​ទី​ទៅ​ហើយ។ ខ្សែ​ប្រយុទ្ធ​ Yamal បាន​ស៊ុត​បាល់ ដែល​ហាក់​បី​ដូច​ជា​ចូលសំណាញ់​ទី អំឡុង​ពេល​ដែល​ Real Madrid និង Barcelona ស្មើ​គ្នា​ក្នុង​លទ្ធផល ១-១។

យ៉ាងណាមិញ ខាង VAR បាន​បដិសេធ​មិន​ឱ្យ​យក​គ្រាប់​នេះ​ជា​ការ​នោះ​ទេ។ លីគ​កំពូល​អេស្ប៉ាញ​ La Liga ក៏​មិន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្សែ​​ចូល​ទី​នោះ​ដែរ។

ក្រោយ​មក ខាង Real Madrid បាន​យក​ឈ្នះ​ Barcelona ក្នុង​លទ្ធផល ៣ ទល់​នឹង ២។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Laporta បាន​និយាយ​ថា៖ «ក្នុង​ប្រកួត​នេះ​ មាន​រឿង​រ៉ាវ​ក្ដីក្ដាំ​ជា​ច្រើន ប៉ុន្តែ​មាន​រឿង​មួយ ដែល​ផ្លាស់ប្ដូរ​លទ្ធផល​នៃ​ការ​ប្រកួត»។ លោក​បាន​បន្ថែម​ថា «ខ្ញុំ​សំដៅ​លើ «គ្រាប់​បាល់​ខ្មោច» ដោយ​កីឡាករ Lamine Yamal»។

លោក​បាន​អះអាង​ថា ខាង​ក្លឹប​បាន​ស្នើសុំ​ឱ្យ​មន្ត្រី​បាល់ទាត់​ត្រួតពិនិត្យ​ឡើង​វិញ​លើ​បញ្ហា​នេះ ហើយ​ប្រសិន​បើ​គេ​រក​ឃើញ​ថា​ ខាង VAR បង្ក​កំហុស​មែន នោះ​ខាង Barcelona នឹង​ស្នើសុំ​ឱ្យ​លេង​ការ​ប្រកួត El Clasico ឡើង​វិញ។

សូម​ជម្រាប​ផង​ដែរ កន្លង​មក​នៅ​ក្នុង​ក្របខណ្ឌ​លីគ​អេស្ប៉ាញ ក៏​ដូច​ជា​លីគ​អឺរ៉ុប​ក៏​មាន​ករណី​បែប​នេះ​ផង​ដែរ។ ធ្លាប់​មាន​ម្ដង​នៅ​លីគ​ប៊ែលហ្សិក​នៅ​ដើម​រដូវកាលនេះ ដែល​ស្ថាប័ន​បាល់ទាត់​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រកួត​លេង​ឡើងវិញរវាង​ក្លឹប Anderlecht និង Genk។ ប៉ុន្តែ​ការ​ប្រកួត​នេះ​មិន​បាន​កើតឡើង​ទេ ក្រោយ​ពេល​ដែល​តុលាការ​មជ្ឈិត្តកម្ម​កីឡា​ប៊ែលហ្សិក​កាត់ក្ដី​រួចរាល់៕

ប្រភព៖ ESPN FC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី