• 2024-03-27 13:31:22
  • ព័ត៌មាន

អតីត​ប្រធាន​សមាគម​បាល់ទាត់​ចិន ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១ជីវិត

  • 2024-03-27 13:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធាន​សមាគម​បាល់ទាត់​ចិន លោក Chen Xuyuan ត្រូវ​បាន​សាលាដំបូង​ប្រជាជន​ក្រុង​វ័ងស៊ី (Huangshi) នៃ​ខេត្ត​ហឺប៉ី (Hebei) កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគា​រអស់​មួយ​ជីវិត​ ទាក់ទិន​នឹង​ករណី​ស៊ី​សំណូក​សូក​ប៉ាន់ និង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​អង្គារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Xinhua។

បើ​តាម​ប្រភព​ខាង​លើ លោក Chen នឹង​បាត់បង់​សិទ្ធិ​នានា​ដូចជា​ សិទ្ធិ​នយោបាយ ចំណែក​ឯ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ត្រូវបាន​រឹបអូស​ដោយ​តុលាការ។ បន្ថែម​ពី​នេះ​ ភោគលាភ ដែល​លោក​ទទួល​បាន​នៅ​ពេល​ប្រព្រឹត្តិ​អំពើ​ពុករលួយ​នឹង​ត្រូវ​ដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ។

លោក​បាន​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​កិបកេង​លុយ​ប្រមាណ ១១លាន​ដុល្លារ​អាមេរិក។ អយ្យការ​អម​សាលាដំបូង​ក្រុងវ័ងស៊ីបាន​ដាក់​ការ​ចោទប្រកាន់​លោក Chen ពាក់ព័ន្ធ​នឹង​ការ​រំលោភអំណាច ដោយ​ផ្ដល់​កុងត្រា​នានា​ដល់​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​បាល់ទាត់​នៅ​ស្រុក​ចិន។

កាល​ពី​ខែ​កុម្ភៈ លោក Chen នៅ​ក្នុង​សវនាការ​បាន​ធ្វើ​ការ​ទទួល​កំហុស​គ្រប់​បែប​យ៉ាង​ទាំង​អស់ ព្រម​ទាំង​សុំទោស​ប្រជាជន​ចិន​ទាក់ទិន​នឹង​ការ​បំពេញ​ការងារ​មិន​បាន​ល្អ ដែល​ធ្វើ​ឱ្យ​បាល់ទាត់​ចិន​ដើរ​ថយ​ក្រោយ។

លោក Chen ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​បាល់ទាត់​ចិន​ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២៣។ មុន​នឹង​ឡើង​កាន់​ជា​ប្រធាន​ស្ថាប័ន​បាល់ទាត់​ចិន លោក​ជា​ប្រធាន​ក្រុមហ៊ុន​កំពង់ផែ​អន្តរជាតិ​សៀងហៃ (Shanghai International Port Group)។

បាល់ទាត់​នៅ​ស្រុក​ចិន​មាន​រឿង​អាស្រូវ​ពុករលួយ​ទ្រង់ទ្រាយ​ធំ ដែល​បណ្ដាល​ឱ្យ​បុគ្គល​បាល់ទាត់​ជា​ច្រើន​រួម​មាន គ្រូ​បង្វឹក អាជ្ញាកណ្ដាល កីឡាករ និង​មន្ត្រី​នានា​ជាប់​ការ​ស៊ើបអង្កេត៕

ប្រភព៖ Xinhua អត្ថបទ៖ សេរី មង្គល

មតិយោបល់