• 2022-10-03 07:10:28
  • កីឡា​ផ្សេង​ៗ

Burn X Flash បង្កើត​ប្រវត្តិ​សាស្ត្រ​ឈ្នះ​ជើង​ឯក​លីគ MPL Cambodia Autumn Split 2022

  • 2022-10-03 07:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Burn X Team Flash បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​ព្រឹត្តិការណ៍​ប្រកួត​លីគអាជីព MPL-KH League 2022 វគ្គ Autumn Split សម្រាប់​វិញ្ញាសា Mobile Legends: Bang Bang បន្ទាប់​ពី​ឈ្នះ Logic Esports ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ផ្សារទំនើប​អ៊ីអន​សែន​សុខ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

ថ្ងៃ​​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ MPL Cambodia Autumn Split ទទួល​បាន​ការចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​​​ដោយ​មាន​អ្នក​គាំទ្រចូល​ទស្សនា​​ផ្ទាល់​រហូត​ដល់​២​ពាន់​នាក់។ ជា​មួយ​គ្នា​នេះ​ក៏​មាន​​អ្នក​​ទស្សនិកទស្សនា​តាម​កញ្ចក់ LED យ៉ាង​ច្រើន​​នៅ​ខាង​ក្រៅ​ផង​ដែរ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ វា​បាន​ក្លាយ​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​ដែល​មានអ្នក​​ទស្សនា​​ផ្សាយ​ផ្ទាល់​​តាម​អនឡាញ​រហូត​​ដល់ ១១០ ០៤០​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ដៃគូ​វិភាគ Esports Charts។

«កំណើន​អ្នក​ទស្សនា​គឺ​ជា​សក្ខីកម្ម​មួយ​ចំពោះ​សហគម​​លីគ MPL Cambodia ដែល​កំពុង​កើន​ឡើង​ឥត​ឈប់​ឈរ។ យើង​ខ្ញុំ​សូម​អរគុណ​ដល់​​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បានគាំទ្រ​ដល់​លីគ ក្រុម​ និង​កីឡាករ។ សូម​​បន្ត​គាំទ្រ​ដល់​ក្រុម​​​ទៀត​ដោយសារ​ពួក​គេ​ត្រូវ​ស្វែង​រក​ឱកាស​ទៅ​​ចូល​រួម​ប្រកួត​ប្រជែង​ជើង​ឯក​ពិភព​លោក M4 World Championship»។ លោក Ray Ng ប្រធាន​ Esports Ecosystem ​នៅ​ក្រុម​ហ៊ុន MOONTON Games មាន​ប្រសាសន៍។

ជ័យជម្នះ​ដោយ​លទ្ធផល ៣-១ ក្រុម Burn X Team Flash ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​​ខ្លាំង​ចំពោះ​ការ​ចូល​រួម MPL Cambodia ដែល​ជា​ការ​ប្រកួត​ MPL KH លើក​ដំបូង​របស់ពួក​គេ។ ទន្ទឹម​ជា​មួយ​គ្នា​នេះ កីឡាករ សុខ រ័ត្ន (រហស្សនាម "CCat") បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​ផ្តាច់​ព្រ័ត្រ។

Burn X Team Flash ​ដឹក​នាំ​ដោយ​លោក​គ្រូ​បង្វឹក​សញ្ជាតិ​ហ្វីលីពីន លោក John Dizon។ ក្រុម​នេះ​បាន​នាំ​ចូល​កីឡាករ Jhonwin Vergara និង​ Michael Endino ដែល​ជា​អតីត​កីឡាករ​របស់​ក្រុម Nexplay EVOS។

ចំណែក អតីត​ជើង​ឯក​ឆ្នាំ​ចាស់​គឺ See You Soon និង​ Impunity KH ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ និង​លេខ​៤។ Burn X Team Flash ជា​ក្រុម​ដំបូង​គេ​ដែល​ទទួល​បាន​កៅអី​ចូល​រួមប្រកួត​ជើង​ឯក​ពិភព​លោក M4 World Championship ​នៅ​ទី​ក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ​ខែ​មករា ឆ្នាំ​២០២៣។

ចំណាត់ថ្នាក់ និងប្រាក់រង្វាន់៖

  • លេខ១៖ Burn X Flash ទទួលបានប្រាក់ ១៦០០០ ដុល្លារអាមេរិក
  • លេខ២៖ Logic E-sport ទទួលបានប្រាក់ ៨០០០ ដុល្លារអាមេរិក
  • លេខ៣៖ See You Soonទទួលបានប្រាក់ ៥០០០ ដុល្លារអាមេរិក
  • លេខ៤៖ Impunity KH ទទួលបានប្រាក់ ៣០០០ ដុល្លារអាមេរិក
  • លេខ៥៖ Team Max ទទួលបានប្រាក់ ២០០០ ដុល្លារអាមេរិក
  • លេខ៦៖ CFU Esports ទទួលបានប្រាក់ ២០០០ ដុល្លារអាមេរិក
  • លេខ៧៖ DivinitySaga ទទួលបានប្រាក់ ២០០០ ដុល្លារអាមេរិក
  • លេខ៨៖ DG Quantum ទទួលបានប្រាក់ ២០០០ ដុល្លារអាមេរិក ។
មតិយោបល់