• 2023-04-30 08:41:27
  • ព័ត៌មាន

មិនទាំងស្គាល់ស្តាតអូឡាំពិកផង យុវតីម្នាក់ជិះម៉ូតូម្នាក់ឯងមកពីខេត្ត​ទាំង​យប់ អត់សំបុត្រទៀត តែ​ទី​បំផុត​បាន​ចូល​ទស្សនា​បាល់ទាត់ស៊ីហ្គេម

  • 2023-04-30 08:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មិន​គួរ​ឲ្យ​ជឿ ដែល​យុវតី​ម្នាក់ ចង់​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ស៊ីហ្គេម​រវាង កម្ពុជា និង ទី​ម័រ​ខាង​កើត​ខ្លាំង​ពេក ហ៊ាន​ជិះ​ម៉ូតូ​ពី​ខេត្ត​មក​ភ្នំពេញ​តែ​ម្នាក់​ឯង ទាំង​មិន​ស្គាល់​ច្បាស់ ពោល​គឺ​ផ្សង​សំណាង​តែ​ម្ដង តែ​ជា​ទីបំផុត​បំណង​ប្រាថ្នា​មុតស្រួច​របស់​នាង​បាន​សម្រេច។

“និយាយ​មែន គ្រាន់​តែ​ចូល​ដល់​ស្តាត​ភ្លាម ខ្ញុំ​ទប់​ទឹក​ភ្នែក​អត់​ជាប់ ព្រោះ​រំភើប​ពេក មិន​ចង់​ជឿ​ថា ខ្ញុំ​អត់​សំបុត្រ តែ​អាច​ចូល​មក​បាន​បែប​នេះ។ យុវតី ថ្លែង។

យុវតី​រូប​នេះ​មាន​ឈ្មោះ ម៉ីម៉ី មាន​វ័យ​ប្រមាណ ២០​ឆ្នាំ មក​ពី​ខេត្ត​តាកែវ។ ម៉ីម៉ី ប្រាប់​ថា នាង​ជា​អ្នក​ស្រឡាញ់​បាល់ទាត់​ងប់ងល់​ម្នាក់ ដូច្នេះ​ហើយ​ទើប​នាង​តាំង​ចិត្ត​ត្រូវ​តែ​មក​មើល​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ទីម័រ​ខាង​កើត​ឲ្យ​បាន​។ យុវតី ប្រាប់​ថា នាង​ចង់​មក​តាំង​ពី​ថ្ងៃ ប៉ុន្តែ​ដោយ​សារ​នាង​ជាប់​បង្រៀន​(ម៉ីម៉ី ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​កូន​ក្មេង) ហើយ​សុំ​មេកើយ​ចេញ​មុន​អត់​បាន។

ដោយ​សារ​បែប​នេះ មិត្តភ័ក្តិ​នាង​ប៉ុន្មាន​នាក់​ក៏​មក​មុន​អស់ ឯ​នាង​នៅ​បង្រៀន​រហូត​ចប់ ទើប​ចេញ​មក​តាម​ក្រោយ។ ម៉ីម៉ី បាន​មក​ដល់​ភ្នំពេញ ម៉ោង ៧ ជិត​កន្លះ ទៅ​ហើយ ហើយ​មិន​ដឹង​ថា​ទៅ​ណា​ទៀត​ផង ព្រោះ​មិន​ដឹង​ថា ស្តាត​អូឡាំពិក​នៅ​ឯណា​នោះ​ទេ។ តែ​ចៃដន្យ ល្អ​ពេល​កំពុង​ជិះម៉ូតូ​នៅ​ម្ដុំ​ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ នាង​ក្រឡេក​ឃើញ ពូ​ម្នាក់​ជិះ​ម៉ូតូ​ពាក់​អាវស៊ីហ្គេម។

ភ្លាម​នោះ បាន​សួរ​ទៅ​ពូ​រូប​នោះ​ថា "​ពូទៅ...តើ​ពូ​នៅ​ខាង​ស៊ីហ្គេម​មែន?”។ ពូ​រូប​នោះ ក៏​ឆ្លើយ​ថា​ពិត​មែន​ហើយ...ដូច្នេះ​ហើយ នាង​ក៏​ប្រាប់​សាច់​រឿង​ថា​នាង​មក​ពី​ខេត្ត​ចង់​មើល​បាល់​ទាត់​ស៊ីហ្គេម​យប់​នេះ តែ​អត់​ស្គាល់​កន្លែង​ប្រកួត​ទេ។ ដូច្នេះ​ហើយ នាង​ក៏​សុំ​ពូ​ឲ្យ​នាង​ជិះ​តាម​ពី​ក្រោយ​ផង។

ម៉ីម៉ី មិន​មាន​សំបុត្រ​នោះ​ទេ តែ​នាង​ប្រាប់​ថា បាន​ឲ្យ​អ៊ុំ​របស់​នាង​ម្នាក់​នៅ​ភ្នំពេញ​យក​ទុក​ឲ្យ​ហើយ។ ដូច្នេះ ពូ​រូប​នោះ និង​ម៉ីម៉ី ក៏​បន្ត​ដំណើរ​ទៅ​ដល់​ស្តាត​អូឡាំពិក។ តែ​រឿង​ខកចិត្ត​បាន​កើត​ឡើង​ដល់​ទៅ​២​ដង លើក​ទី​១ ទូរស័ព្ទ​របស់​នាង​អស់​ថ្ម​រលត់​ឈឹង នាង​មិន​ចាំ​លេខ​ទូរស័ព្ទ​របស់​អ៊ុំ​នាង​ឡើយ។ តែ​ពូម្នាក់​ដែល​នាង​សុំ​មក​ជាមួយ បាន​ដើរ​ខ្ចី Power Bank ពី​សន្តិសុខ អ្នក​ផ្ញើ​ម៉ូតូ​នៅ​ខាង​ក្រៅ​ស្តាត។ ប៉ុន្តែ​ពួក​គេ​មិន​មាន​ឡើយ។

ចុង​ក្រោយ​ពូ​ម្នាក់​នោះ បាន​នាំ​នាង​ចូល​ទៅ​ផ្សារ​ស៊ីធីម៉ល រក​កន្លែង​ដោត​ថ្ន។ ពួក​នាង​បាន​ទៅ​ដល់​កន្លែង​លក់​ទូរស័ព្ទ​មួយ​ក្នុង​ផ្សារ ហើយ​ក៏​អាច​បើក​ទូរស័ព្ទ​នាង​ឲ្យ​ដំណើរ​ការ និង​យក​លេខ​ទូរស័ព្ទ​របស់​អ៊ុំ​នាង​បាន។ ម៉ីម៉ី បាន​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​ពូ​ម្នាក់​នោះ ទូរស័ព្ទ​ទៅ​អុំ តែ​នាង​ស្រងាក​ចិត្ត​មែន​ទែន ពេល​អ៊ុំ​ប្រាប់​ថា សំបុត្រ​គាត់​បាន​ឲ្យ​គេ​អស់​ហើយ ដោយ​គិត​ថា​នាង​មិន​មក​ព្រោះ​យប់​ណាស់​ហើយ។

ក្រោយ​មិន​មាន​សំបុត្រ ម៉ីម៉ី អស់​សង្ឃឹម ចុង​ក្រោយ​បាន​សុំ​ពូ​ម្នាក់​ទៀត។ "ពូ​ឥឡូវ​ខ្ញុំ​សុំ​ចូល​តាម​ពូ​ផង​បាន​ទេ?”។ ពូ​រូប​នោះ ក៏​ឆ្លើយ​ថា គាត់​មាន​ប័ណ្ណអាទិភាព តែ​សម្រាប់​ខ្លួន​គាត់​ម្នាក់ តែ​ឥឡូវ​មាន​តែ​សាក​ល្បង​ទេ។ ពូ​រូប​នោះ បាន​នាំ​ម៉ីម៉ី ជ្រែក​ក្រុម​យុវជន​រាប់​រយ​នាក់​នៅ​ខ្លោង​ទ្វារ​មុខ​ដើម្បី​ចូល តែ​លោក​ពូ​ចូល​បាន តែ​បង​ៗសមត្ថកិច្ច​បាន​ឃាត់​ម៉ីម៉ី សួរ​រក​សំបុត្រ។

ម៉ីម៉ី តាំង​ធ្លាក់​ទឹក​មុខ តែ​ពូ​រូប​នោះ បាន​ប្រាប់​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ថា ប្អូន​ស្រី​គាត់​ទេ គាត់​ចង់​មើល​ណាស់ សុំ​យោគយល់​ផង។ ទី​បំផុត​សមត្ថកិច្ច​បាន​អនុញ្ញាតិ​ឲ្យ​ចូល...ម៉ីម៉ី បាន​ឆ្លង​កាត់​ច្រក​ទ្វារ ២-៣កន្លែង​ក្រោម​ជំនួយ​ពី​ពូ​ម្នាក់​នោះ ទី​បំផុត​នាង​ក៏​បាន​ឡើង​ទៅ​ដល់​លើក​ស្តាត​អូឡាំពិក។ ម៉ីម៉ី នាង​ប្រាប់​ថា រំភើប​ខ្លាំង​មិន​ដឹង​ថា​រក​អ្វី​មក​និយាយ​។

រឿង​ចៃដន្យ ចុង​ក្រោយ ពូ​បាន​នាំ​ ម៉ីម៉ី ឡើង​ទៅ​ចំ កន្លែង​មិត្តភ័ក្តិ​របស់​នាង​ដែល​មក​ពី​តាកែវ​ថែម​ទៀត​ក្នុង​ចំណោម​មនុស្ស​រាប់​ម៉ឺន​នាក់។ ដូច​ជា​កាដូសម្រាប់ ក្រុម​គោព្រៃ​កម្ពុជា យក​ឈ្នះ ទីម័រខាងកើត ៤ ទល់០ ទាំង​នឹក​ស្មាន​មិន​ដល់។ រឿង​ទាំង​អស់ សុទ្ធ​តែ​ចៃដន្យតាំង​ពី​ដើម​រហូត​ដល់​ចប់...ម៉ីម៉ី ប្រាប់​ថា ជា​រឿង​ដែល​មិន​គួរ​ឲ្យ​​ជឿ​សម្រាប់​នាង៕​

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី