• 2022-09-01 08:57:19
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ៖​ សិក្ខាកាម​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​រួច​សូម​បន្ត​​រៀន​បន្ថែម

  • 2022-09-01 08:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ សិក្ខាកាម​បន្ទាប់​ពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្តរជាតិ​សម្រាប់​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​នេះ​រួច​ហើយ​សូម​បន្ត​ស្វែង​យល់​ ឬ​សិក្សា​បន្ថែម​ទៀត​ដើម្បី​ឆ្ពោះ​ទៅ​កម្រិត​កាន់​តែ​ខ្ពស់ៗ​ថែមទៀត។​

គ្រូ​ឧបទេស (ឆ្វេង) និង​សិក្ខាកាម

ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ បាន​លើក​ឡើង​ថា​ វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្តរជាតិ​សម្រាប់​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​រយៈពេល​ ៥​ថ្ងៃ​នេះ​គឺ​បាន​បញ្ជាក់​អំពី​ទឹកចិត្ត​សិក្ខាកាម​ដែល​ស្រឡាញ់​ និង​លះបង់​ខ្ពស់​ចំពោះ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​តែ​ម្ដង។​ មួយ​វិញ​ទៀត​ជា​ការ​ចូលរួម​មួយ​ផ្នែក​ក្នុង​ការ​ជំរុញ​ដល់​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​របស់​កម្ពុជាឲ្យ​រីក​សុះសាយ។​

ប្រធាន​សហព័ន្ធ​ជូន​វត្ថុអនុស្សាវរីយ៍ដល់​គ្រូ

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ក៏​លើក​ទឹកចិត្ត​ដល់​សិក្ខាកាម​ដែល​បាន​ឆ្លងកាត់​វគ្គ​រួច​ហើយ​ បើ​អាច​សូម​បន្ត​ខំប្រឹង​ប្រែង​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​តាម​ភាព​ជាក់ស្ដែង​ណា​មួយ​ដែល​អាច​ទៅ​រួច​ដូច​ជា​តាម​រយៈ​ Online​ អ្វី​ជា​ដើម។​ ព្រោះ​ការ​បន្ត​សិក្សា​ទៀត​នេះ​នឹង​ធ្វើ​ឲ្យ​សិក្ខាកាម​មិន​ភ្លេច​ និង​មាន​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ដែល​ទាំង​នេះ​នឹង​ជំរុញ​ម្នាក់ៗ​មាន​សមត្ថភាព​ឈាន​ដល់​កម្រិត​អន្តរជាតិ​ផង​ដែរ។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​សិក្ខាកាម​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ផង​ដែរ​ ដែល​ជា​ចំណុច​ល្អ​នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ ២០២៣។​

ទិដ្ឋភាព​បិទ​វគ្គ​ម្សិលមិញ​

បញ្ជាក់​ថា​ សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្តរជាតិ​សម្រាប់​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​នេះ​មាន​រយៈពេល​ ៥ថ្ងៃ​នៅ​ NOCC ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣១​ ខែ​សីហា​ ឆ្នាំ​២០២២។​ សិក្ខាកាម​ចូលរួម​សរុប​ ៣៥​នាក់​ និង​មាន​គ្រូ​ឧបទេស​ជា​ចៅក្រម​អន្តរជាតិ​ (Ms Rachel De Ramos)មក​បណ្ដុះបណ្ដាល៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី