• 2022-02-19 14:15:47
  • កីឡា​ផ្សេង​ៗ

EFC រកឃើញ​​ជើង​ខ្លាំង​វិញ្ញាសា PUBG Mobile ​ប្រចាំ​ឆ្នាំ​បាន​ហើយ ​ដើម្បី​សម្រិតសម្រាំងត្រៀម​ស៊ីហ្គេម​

  • 2022-02-19 14:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​អេឡិច​ត្រូនិក​លើ​វិញ្ញាសា PUBG Mobile បាន​បញ្ចប់ហើយ​មុន​នេះ​ បន្ទាប់​ពី​ធ្វើការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រនៅផ្សារ​ទំនើប​អ៊ីអន​២ក្រោម​វត្តមាន​លោក លន់ សាមឌី​ អគ្គលេខាធិការសហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា។

សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា (EFC) សហការ​ជាមួយ​ក្រុមហ៊ុន​ទូរសព្ទ Cellcard បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ស្តីពី​«ដំណើរ​ឆ្ពោះ​ទៅ​កីឡា​ស៊ីហ្គេម លើក​ទី៣១ ​ឆ្នាំ​២០២១ នៅ​វៀតណាម ​និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម​ លើកទី៣២ ឆ្នាំ២០២៣ ​នៅកម្ពុជា»​ចាប់ពី​ថ្ងៃ​ទី២៧​ ខែមករា​ ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២​ដែល​មាន​ក្រុម​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ចំនួនខ​១៦០​ក្រុម។

គោល​បំណង​នៃ​ការ​ប្រកួត​គឺ​ជ្រើសរើស​ក្រុម​លេខ​១ ដល់​លេខ​៤ លើ​វិញ្ញាសា PUBG Mobile ដើម្បី​សម្រឹតសម្រឹង​ចុង​ក្រោយ​សម្រាប់​ក្លាយ​ជា​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម។ ដូច្នេះ​មាន​ន័យថា ជយលាភី​ទាំង​៤​នេះ​នៅ​មិនទាន់​មាន​ឈ្មោះ​ជា​ក្រុម​ជម្រើសជាតិ​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​នឹង​មាន​ការ​ជ្រើសរើស​សមាជិក​ដែល​មាន​ជំនាញ​រៀងៗខ្លួន​ដើម្បី​បង្កើត​ជា​ក្រុម​ជម្រើសជាតិ។

សម្រាប់ក្រុមទទួលបានចំណាត់ថ្នាក់គឺ

  • លេខ១៖KILL ENEMY

  • លេខ២៖ANGOR PUBG

  • លេខ៣៖SAMURAI ES

  • លេខ៤៖THE QUARTER

ព្រម​ជា​មួយ​គ្នានេះ ​សហព័ន្ធ​គ្រោង​បង្កើត​គណៈកម្មាបច្ចេកទេស​ដើម្បី​ជ្រើសរើស​ គ្រូបង្វឹក ​និង​កីឡាករ​ជម្រើសជាតិ​ ដែល​ជា​ផ្នែក​នៃ​ការ​អភិវឌ្ឍ បង្កើន​សមត្ថភាព​ បំផុស​បំផុល​ និង​ជំរុញ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដើម្បី​ឲ្យរីកចម្រើន​ឈាន​ឡើង​លំដាប់​អន្តរជាតិ​សម្រាប់​ត្រៀម​ខ្លួន​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី៣២ ​ឆ្នាំ២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

លោក លន់ សាមឌី

ក្រោយ​ការ​ប្រគល់​ពាន​ដល់​កីឡាករ​​ត្រូវ​បានបញ្ចប់​លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា​​​ក៏​បាន​សម្ដែង​អារម្មណ៍ សប្បាយ​រីក​រាយ​​បន្ទាប់​ពី​ឃើញ​ក្រុម​​ដែល​ឈ្នះ​ជើង​ឯក​នៅ​​ឆ្នាំ​នេះ​មាន​សមត្ថភាព​ខ្លាំង​ជាង​ឆ្នាំ​មុន​។ លោក​មិន​​ទាន់​អាច​សន្យារ​បាន​ថា​​ការ​ចូល​រួម​ស៊ីហ្គេម​នៅ​វៀតណាម​ឆ្នាំ​នេះ​កម្ពុជា​អាច​ប្រជែង​បាន​មេដាយ​​ឬ​មួយ​ក៏​អត់នោះទេ​ ពី​ព្រោះ​​ប្រទេស​ដែល​ចួលរួម​លេង​កីឡា​នេះ​​មាន​សមត្ថភាព​ខ្លាំង​ៗ។

ជា​ចុង​ក្រោយ​អគ្គលេខាធិការ​ខាង​លើ​ក៏​បាន​ធ្វើ​ការ​ផ្ដាំ​ផ្ញើ​ទៅ​កាន់​​ម្ដាយ-​ពុក​កីឡាករ​ទាំង​អស់ដែល​បាន​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ថា ​សូមបន្ត​លើក​ទឹក​ចិត្ត​ក្មេង​ៗ​ដែល​ជា​កីឡាករ​ ​ព្រោះ​ពេលនេះ​កីឡា​នេះ​​មានការ​ទទួល​ស្គាល់​​​ពី​រាជរដ្ឋា​ភិបាល​ពិសេស​ការ​ប្រកួត​មាន​ប្រាក់​រង្វាន់​យ៉ាង​​ច្រើន​។ លោ​ក​រំពឹង​ថា កីឡាករ​ដែល​បាន​ជាប់​ឈ្មោះ​ទៅ​លេង​ស៊ីហ្គេម​​​តំណាង​ឲ្យ​កម្ពុជា​ នឹង​ទទួល​​ការ​លើក​ទឹក​ចិត្ត​ពី​ឪពុក​-​ម្ដាយ​របស់​គេ ហើយ​អនុញ្ញាត​ឲ្យ​​កីឡាករ​ទាំង​​ទទួល​បាន​ការ​ហ្វឹកហាត់​ជាប់លាប់​ និង​ពេញ​លេញ ដើម្បី​​ពង្រឹង​សមត្ថភាព​បន្ថែម​ចាប់​ពី​ថ្ងៃ​ដែល​សហព័ន្ធ​បានជូន​ដំណឹង​ទៅ​​​ ពី​ព្រោះ​វា​ជា​ការ​ត្រៀម​ខ្លួន​មួយ​សម្រាប់​ការ​ប្រកួត​តំណាង​ឲ្យ​ជាតិ​ផង​ដែរ​។

​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា គ្រោង​​បញ្ជូន​មន្រ្តី អាជ្ញាកណ្តាល (ITO) និង​មន្ត្រី​បច្ចេកទេស ​ទៅ​ចូលរួម​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​ឆ្នាំនេះ​នៅ​វៀត​ណាម។

ក្រុមជយលាភី

  • ជើងឯកទទួលបាន៣៥០០ដុល្លារ

  • លេខ២ ទទួលបាន ២០០០ដុល្លារ

  • លេខ៣ ទទួលបាន ១០០០ដុល្លារ

  • លេខ៤ ទទួលបាន ៥០០ដុល្លារ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី