• 2021-11-20 06:10:29
  • កីឡា​ផ្សេង​ៗ

អបអរ​សាទរ!​ កម្ពុជា​ឈាន​មួយ​កម្រិត​ទៀត​ហើយ​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​យុវជន​អាស៊ី​

  • 2021-11-20 06:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​កម្ពុជា​ នៅ​ឆ្នាំ​២០២៩​ ខាង​មុខ​នេះ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​យុវជន​អាស៊ី (Asian Youth Games)​ ដែល​មាន​៤៥​ប្រទេស​ចូលរួម​ប្រកួត​ប្រជែង។​

រូបភាពផ្ដល់ជូន

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ រួម​ជា​មួយ​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ក្រុង​ភ្នំពេញ​ ឯកឧត្ដម​ អ៊ុក​ សិទ្ធជាតិ​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ធ្វើ​ដំណើរ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ លើក​ទី៤០​ និង​ជា​ការ​ចុះ​ហត្ថលេខា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​យុវជន​អាស៊ី​ (Asian Youth Games) នៅ​ប្រទេស​ Saudi Arabia ។​

រូបភាពផ្ដល់ជូន

អ្នក​ជំនាញ​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ នេះ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា និង​ជា​មោទកភាព​មួយ​ផង​ដែរ​ដែល​បាន​ប្រកួត​ប្រជែង​ក្លាយ​ជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ក៏​ធំ​ខាង​លើ។​ ការ​ផ្ដល់​សិទ្ធ​ជា​ម្ចាស់ផ្ទះ​គឺ​ដោយ​សារ​តែ​ការ​ខំប្រឹង​ប្រែង​របស់​កម្ពុជា​ រួម​ផ្សំ​ភាព​រីកចម្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​សមស្រប​ក្នុង​​ការ​ប្រារព្ធ​ពិធី​កីឡា​ធំៗ​ផង​ដែរ។​

រំលឹក​ដែរ​ថា​ គណៈប្រតិភូ​របស់​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​ NOCC​ នេះ​បាន​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ហើយ​ព្រឹកមិញ​នេះ​ឆ្ពោះ​ទៅ​ទីក្រុង​ឌូបៃ​ ប្រទេស​ Saudi Arabia​ ដើម្បី​ចូលរួម​ពិធី​ខាង​លើ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់