• 2020-09-22 07:16:34
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​ ជំរុញ​ឲ្យ​មន្ត្រី​គ្រប់​ផ្នែក​ធ្វើ​សកម្មភាព​ ខណៈ​អ្នក​ចាំ​ជួយ​មាន​ច្រើន​

  • 2020-09-22 07:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​ ជំរុញ​ដល់​មន្ត្រី​ជំនាញ​តាម​ផ្នែក​និមួយៗ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​នានា​មិន​ថា​ការ​ប្រកួត​ ឬ​ហ្វឹកហាត់​ត្រូវ​ធ្វើ​ជា​ប្រញាប់​ខណៈ​ពេល​កន្លង​មក​នេះ​សឹង​គ្មាន​សកម្មភាព​អ្វី​សោះ​ឡើយ។​

ទិដ្ឋភាព​ម្សិលមិញ

ឯកឧត្ដម​ មៀច​ សុផាន់ណា​ ប្រធាន​សហព័ន្ធ​បាញ់​កាំភ្លើង​បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​អ្នក​មាន​ធនធាន​ទ្រព្យ​សម្បត្តិ​ ថវិកា​ ជា​ច្រើន​នៅ​ចាំ​ជួយ​គាំទ្រ​សហព័ន្ធ​ មិន​ថា​ទីកន្លែង​សម្រាប់​ផ្ដល់​ធ្វើ​ទីលាន​ហ្វឹកហាត់​ សម្ភារ​នោះ​ទេ។​ ដូច្នេះ​ហើយ​សូម​មន្ត្រី​សហព័ន្ធ​តាម​ផ្នែក​និមួយ​ៗ​ត្រូវ​មាន​សកម្មភាព​ច្បាស់លាស់​ និង​រៀបចំ​ជា​ការ​ប្រកួត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ មិន​ថា​កម្មវិធី​តូច​ ឬ​ធំ​នោះ​ទេ​ពោល​រៀបចំ​ហើយ​ស្នើសុំ​មក។​

ឯកឧត្ដម​ មៀច​ សុផាន់ណា​ ប្រធាន​សហព័ន្ធ
ទិដ្ឋភាព​ម្សិលមិញ

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ឃើញ​ថា​តាម​ផ្នែក​និមួយៗ​ ឬ​ផ្នែកទាំង​មូល​ហាក់​មិន​សកម្ម​អ្វី​សោះ​ ស្រប​ពេល​ពេលវេលា​នៃ​ការ​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កាន់​តែ​ខិត​ជិត​មក​ដល់ហើយ។​ ឯកឧត្ដម​បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​ការងារ​កីឡា​នេះ​ជា​ការងារ​ស្ម័គ្រចិត្ត​មែន​ ប៉ុន្តែ​ម្នាក់ៗ​ក៏​ត្រូវ​ប្រឹង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ និង​ឲ្យ​មាន​ប្រសិទ្ធភាព​ក៏​ដូច​ជា​ស្នាដៃ​ផង​ដែរ។​ ចាប់​ពី​ពេល​នេះ​ទៅ​មិន​ថា​ផ្នែក​ខាង​ហ្វឹកហាត់​ ផ្នែក​រដ្ឋបាល​ទំនាក់ទំនង​ជាតិ​ អន្តរជាតិ​ ឬ​ខាង​ផ្នែក​រក​ការ​សហការ​ទ្រទ្រង់​ផ្សេងៗ​ត្រូវ​តែ​ពង្រឹង​ រៀបចំ​សកម្មភាព​ឲ្យ​បាន​ច្បាស់លាស់​មក​វិញ។​

ទិដ្ឋភាព​ម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​ ម្សិលមិញ​នេះ​បាន​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​របស់​ខ្លួន​នៅ​ឯ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ មហាសន្និបាត​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​បណ្ដា​ថ្នាក់​ដឹកនាំ​នានា​របស់​សហព័ន្ធ​ និង​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់