
- 2020-08-29 07:55:54
- កីឡាផ្សេងៗ
សហព័ន្ធវាយសី អាណត្តិថ្មីនេះនឹងស្វែងរកអ្នកមានសមត្ថភាពនៅក្រៅប្រទេសមកជួយ
- 2020-08-29 07:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធវាយសី អាណត្តិថ្មីនេះនឹងស្វែងរកអ្នកមានសមត្ថភាពនៅក្រៅប្រទេសមកជួយ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធវាយសីកម្ពុជា ថាសម្រាប់អាណត្តិថ្មីទី៧នេះ ដាក់គោលការណ៍ ឬយុទ្ធសាស្ត្រប្រកាសស្វែងរកធនធានកីឡាករ កីឡាការិនីខ្មែរនៅតាមប្រទេសផ្សេងៗដែលមានសមត្ថភាពមកជួយប្រកួតដើម្បីរកភាពជោគជ័យបន្ថែម។
ឧត្ដមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធវាយសីកម្ពុជា បានឲ្យដឹងក្នុងថ្ងៃមហាសន្និបាតម្សិលមិញនេះថា ចំពោះការត្រៀមខ្លួនប្រកួតលក្ខណៈអន្តរជាតិនានាដូចជាស៊ីហ្គេម លើកទី៣១ នៅ វៀតណាម និងកម្មវិធីផ្សេងៗទៀតនោះគឺសហព័ន្ធតែងតែហ្វឹកហាត់ត្រៀមជានិច្ច។ ប៉ុន្តែដឹងហើយថាឥលូវនេះគឺមានបញ្ហាជំងឺ COVID ដូច្នេះហើយគ្រប់គ្នាសុទ្ធតែមិនបានហាត់ដិតដល់។ យ៉ាងណាមិញនៅពេលធូរស្រាល ឬបាត់ហើយនោះនឹងបន្តប្រឹងប្រែងជំរុញដល់កីឡាករ កីឡាការិនីហ្វឹកហាត់ដូចមុនទៀត។
ប្រធានសហព័ន្ធខាងលើនេះបន្តប្រាប់ទៀតថា សម្រាប់ផែនការពេលចប់ COVID នឹងបញ្ចូលក្រុមកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅឯប្រទេសចិន។ ចំណែកការហ្វឹកហាត់នៅក្នុងប្រទេសបន្តធ្វើជាធម្មតាដែរ។ ចំពោះយុទ្ធសាស្ត្រថ្មីរបស់សហព័ន្ធគឺស្វែងរកកីឡាករ កីឡាការិនី ដែលមានសមត្ថភាពពិតប្រាកដនៅឯបណ្ដាប្រទេសនានាយកមកប្រកួតប្រជែងក្នុងស្រុកសិន បើខ្លាំងមែន ល្អមែន នឹងត្រូវជ្រើសតាំងប្រកួតតំណាងឲ្យកម្ពុជាដើម្បីជួយស្វែងរកមេដាយជូនប្រទេសជាតិ ជាពិសេស ស៊ីហ្គេម នៅប្រទេសវៀតណាម និងឆ្នាំ ២០២៣ ពេលខ្មែរធ្វើម្ចាស់ផ្ទះ។
រំលឹកដែរថា សហព័ន្ធវាយសីកម្ពុជា ម្សិលមិញនេះបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ ២០១៤-២០២០ និងលើកទិសដៅអាណត្តិថ្មី ឆ្នាំ២០២០-២០២៤ របស់ខ្លួន។ សម្រាប់អាណត្តិថ្មីនេះ ឧត្ដមសេនីយ៍ឯក លី កុសល ជាប្រធានដដែល ឯកឧត្ដម មាស សារិន អនុប្រធាន និងឯកឧត្ដម ជា សុភា ជាអគ្គលេខាធិការ៕