• 2020-03-30 02:27:27
  • កីឡា​ផ្សេង​ៗ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ចេញ​សេចក្ដី​ណែនាំ​ដល់​ក្រុម​កីឡា​ជម្រើស​ជាតិ​ឲ្យហាត់នៅផ្ទះ​ខ្លះៗ

  • 2020-03-30 02:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​កីឡា​កំពូល​របស់​កម្ពុជា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ នៃ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ និង​ទូន្មាន​ដល់​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ទាំង​អស់​ដែល​បាន​សម្រាក​អំឡុង​ពេល​ជំងឺ​ COVID-19​ កំពុង​ផ្ទុះ​ឡើង​នេះ​ឲ្យ​ងាក​មក​ធ្វើ​ការ​ហ្វឹកហាត់​ខ្លះៗ​ឡើង​វិញ​នៅ​ផ្ទះ​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ចុះ​នូវ​សមត្ថភាព​ និង​កម្លាំង​ខ្លាំង​ពេក។​

ឯកឧត្តម វ៉ាត់ ចំរើន

ដោយ​សារ​តែ​អ្នក​ភាគ​ច្រើន​សម្រាក​ក្នុង​ភាព​អសកម្ម​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គុណ​ផល​កីឡា​ ឬ​ការ​ចុះ​ខ្សោយ​យ៉ាង​គំហុកនូវ​សមភាព​ផ្លូវ​កាយ​ និង​ប្រព័ន្ធ​ភាព​ផ្សាំ​ចលនា​សកម្ម​ នៃ​ការ​ហាត់​ហ្វឹកហ្វឺន​កន្លង​មក​ឈាន​ទៅ​រកផល​លំបាក​ក្នុង​ការ​ស្ដារ​ឡើង​វិញ​ ដូច្នេះ​ស្ថានប័ន​កីឡា​ខាង​លើ​នេះ​មាន​សេចក្ដី​ណែនាំ​ដូច​ខាង​ក្រោម៖​

ទី១​ វិធាន​ការ​អនាម័យ​កីឡា​

ក​ ជៀសវាង​ទម្លាប់​អាក្រក់​បំផ្លាញ​សុខភាព​ (ជក់​បារី​ ផឹក​ស្រា​ លេង​ Game ឬ​ ហ្វេសបុក​ខ្លាំង​ពេក)

ខ​ ជៀសវាង​រស់នៅ​ក្នុង​បរិយាកាស​អាប់អួ​

គ​ ពិសា​អាហារ​មិន​គ្រប់គ្រាន់​

ឃ​ គេង​មិន​គ្រប់គ្រាន់​

ង​ អនាម័យ​ខ្លួនប្រាណ​ និង​ឥរិយាបថ​ថែទាំ​សុខភាព​

ទី២​ រៀបចំ​កម្មវិធី​សម្រាក​សកម្ម​ក្នុង​កីឡា​

ក​ គ្រូ​បង្វឹក​ និង​គ្រូ​ជំនួយ​ត្រូវ​ពិគ្រោះ​យោបល់​រៀបចំ​ផែនការ​ហ្វឹកហាត់​នៅ​ផ្ទះ​ និង​ទាក់ទង​ប្រធាន​ក្រុម​ កីឡាករ​ កីឡា​ការិនី​

ខ​ កីឡាករ​ កីឡា​ការិនី​ត្រូវ​អនុវត្តន៍​តាម​ផែនការ​របស់​គ្រូ​

ទី៣​ ជំនួយ​ស្មារតី​ក្នុង​ការ​តាក់តែង​ការ​ហ្វឹកហាត់​ម្នាក់ឯង​

ក​ ដាក់​វត្ថុ​ដែល​ចង់បាន​ក្នុង​កម្មវិធី​ហ្វឹកហាត់​ឲ្យ​បាន​ច្បាស់លាស់​

ខ​ ត្រូវ​ជ្រើសរើស​លំហាត់​កម្លាំង​កាយ​ និង​កម្លាំង​បច្ចេកទេស​ងាយ​ស្រួល​ក្នុង​ការ​ដាក់​ហ្វឹកហាត់​ខ្លួន​ឯង​

គ​ ត្រូវ​ហ្វឹកហាត់​ខ្លួន​ឯង​យ៉ាង​តិច​បំផុត​ ៣ម៉ោង​ក្នុង​មួយ​ថ្ងៃ​ចែក​ជា​ពីរ​វគ្គ​ ព្រឹក​ ល្ងាច​

បញ្ជាក់​ដែរ​ថា​ សេចក្ដី​ប្រកាស​ និង​ទូន្មាន​ដល់​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ នៃ​កម្ពុជា​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៧​ ខែ​មីនា​ ឆ្នាំ​ ២០២០​ និង​បាន​បង្ហោះ​នៅ​លើ​ហ្វេកសបុក​ផេក​ផ្ទាល់​កាល​ពី​ម្សិលមិញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់