• 2020-01-20 04:52:19
  • កីឡា​ផ្សេង​ៗ

ជើងចាស់​តេក្វាន់ដូ​ ITF​ ខ្មែរ-អ៊ុយក្រែន​ ខ្សែក្រវាត់​ខ្មៅ​ ៦ដាន់​ ប្រាប់​ចំណុច​ពិសេស​ដល់​ក្រុម​កម្ពុជា

  • 2020-01-20 04:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ចាស់​តេក្វាន់ដូ​ ITF​ តាំង​ពី​សង្គម​ខ្សែក្រវាត់​ខ្មៅ​អន្តរជាតិ​ ៦ដាន់​ តារា​ ចាន់អ៊ុក​ ​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធ​ និង​បាន​ចែក​រំលែក​ក្បាច់​គុន​រយៈពេល​២ថ្ងៃ​ជា​មួយ​ក្រុម​តេក្វាន់ដូ​ ITF​ កម្ពុជា​នេះ ​គឺ​ផ្ដោត​លើ​ជំហរ​មេគុន​ និង​គន្លឹះ​ថ្មីៗ​មួយ​ចំនួន​ដើម្បី​ងាយ​យក​ពិន្ទុ​នៅ​ពេល​ប្រកួត។​

លោក​ តារា​ ចាន់អ៊ុក​(ខាងស្ដាំ)

លោក​ តារា​ ចាន់អ៊ុក​ បាន​ឲ្យ​ដឹង​ថា​ លោក​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នា​រវាង​កម្ពុជា​ អ៊ុយក្រែន​ និង​ក្រុម​តេក្វាន់ដូ​ ITF​ មក​ពី​ចិន​ រយៈពេល​២ថ្ងៃ​កន្លង​ទៅ​នេះ។​ ចំពោះ​អ្វី​ដែល​គ្រូ​ជើង​ចាស់​ខាង​លើ​នេះ​បាន​ចែករំលែក គឺ​បច្ចេកទេស​មេគុន​មួយ​ចំនួន​ដូច​ជា​ការ​ហាត់​ជំហរ​ នៅ​ពេល​ណា​ត្រូវ​ប្រើ​ជើង​មុខ​ ៣០%​ ជើង​ក្រោយ​ ៧០%​ និង​ការ​ដក​ដង្ហើម​វែង​ ដក​ដង្ហើម​ខ្លី​ ព្រោះ​មើល​ឃើញ​ថា​កីឡាករ​កម្ពុជា​ភាគ​ច្រើន​ប្រើ​៥០%​ទាំង​អស់។​

លោក​ តារា​ ចាន់អ៊ុក​ កំពុងបង្ហាត់

គ្រូ​វ័យ​ ៥៨​ឆ្នាំ​រូប​នេះ​បន្ត​ថា​ គន្លឹះ​ថ្មី​ៗ​ទាំង​អស់​នេះ​គឺ​ងាយ​យក​ពិន្ទុ​ពី​គណៈកម្មការ​នៅ​ពេល​ប្រកួត​ ម្យ៉ាង​វិញ​ទៀត​រាល់​ពេល​ ១-២​ ឆ្នាំ​ម្ដង​ក្រុម​តេក្វាន់ដូ​ ITF​ នៅ​ប្រទេស​អ៊ុយក្រែន​ តែងតែ​បង្កើត​កម្មវិធី​សិក្ខាសាលា​ដែល​មាន​គ្រូ​មក​ពី​កូរ៉េ​ខាង​ជើង​ផ្ដល់​បច្ចេកទេស​ ឬ​តិចនិក​ថ្មីៗ​បន្ថែម​រហូត។​

លោក​ តារា​ ចាន់អ៊ុក​ កំពុងបង្ហាត់

ជើង​ចាស់​ខ្សែក្រវាត់​ខ្មៅ​ ៦ដាន់​ ខាង​លើ​នេះ​ សរសើរ​ក្រុម​តេក្វាន់ដូ​ ITF​ កម្ពុជា​គឺ​មាន​កម្លាំង​ខ្លាំង​ និង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ថែម​ទៀត​ផង។​ បើ​ប្រៀបធៀប​ជា​មួយ​ក្រុម​អ៊ុយក្រែន​គឺ​កម្ពុជា​ល្អ​ជាង​ ប៉ុន្តែ​គួរ​ពង្រឹង​ប៉ុន្មាន​ចំណុច​ខាង​លើ​នេះ​នឹង​រឹតតែ​ខ្លាំង​ថែម​ទៀត។​

ទិដ្ឋភាពថ្ងៃបញ្ចប់ពិធី

រំលឹក​ដែរ​ថា​ លោក​ តារា​ ចាន់អ៊ុក​ រួម​និង​គ្រូ​ម្នាក់​ទៀត​គឺ​តំណាង​តេក្វាន់ដូ​ ITF​ មក​ពី​ប្រទេស​អ៊ុយក្រែន​ បាន​ចូលរួម​កម្មវិធី​ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នា​រវាង​ក្រុម​កម្ពុជា​ និង​ក្រុម​តេក្វាន់ដូ​ មក​ពី​ប្រទេស​ចិន​ រយៈពេល​២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៦​ ដល់​ ១៧​ ខែ​មករា​ ឆ្នាំ​២០២០​ នៅ​ក្នុង​ទីលាន​ហ្វឹកហាត់​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់