- 2019-11-19 12:16:16
- កីឡាផ្សេងៗ
អ៊ុន ស្រីយ៉ា ថាអ្នកស្រី កែ ឡេង គេចាត់ទុកដូចជាខ្លាក្នុងវិស័យប៉េតង់
- 2019-11-19 12:16:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុន ស្រីយ៉ា ថាអ្នកស្រី កែ ឡេង គេចាត់ទុកដូចជាខ្លាក្នុងវិស័យប៉េតង់
ចន្លោះមិនឃើញ
កីឡាការិនី អ៊ុន ស្រីយ៉ា ថាបើនិយាយពីកេរ្តិ៍ឈ្មោះ និងសមត្ថភាពរបស់អ្នកស្រី កែ ឡេង ក្នុងវិស័យប៉េតង់គេចាត់ទុកដូចជាខ្លាទៅហើយ គ្រាន់តែឃើញដូរចូលភ្លាមដៃគូភ័យ និងបាក់ទឹកចិត្ត ខណៈការប្រកួតមានការប្រែប្រួលតែម្ដង។
កីឡាការិនីប៉េតង់របស់កម្ពុជាខាងលើនេះ រៀបរាប់ពីការប្រកួត ៣ទល់៣ ថ្ងៃមិញនេះថា មុនដំបូងគឺអ្នកស្រី កែ ឡេង មិនទាន់ចូលលេងឡើយ ពោលត្រឹមជាអ្នកចាំផ្លាស់ប្ដូរប៉ុណ្ណោះ ដោយទុកឱកាសអ្នកផ្សេងៗសាកសមត្ថភាព និងលេងដោយគ្មានអ្នកស្រី ហើយក៏ជាការទុកឲ្យអ្នកស្រីទុកកម្លាំងប្រកួតវិញ្ញាសាផ្សេង។
ស្រីយ៉ា បន្តថា ប៉ុន្តែការបើកឆាកដៃទី១នោះគឺកម្ពុជាភ្លាត់ចាញ់ Latvia ៣ពិន្ទុ ០ ដូច្នេះគ្រូក៏សម្រេចចិត្តប្ដូរអ្នកស្រី កែ ឡេង ចូលលេងវិញហើយការប្រកួតក៏ប្រែប្រួល និងបញ្ចប់ទៅដោយក្រុមនារីកម្ពុជាឈ្នះ ១៣-៣ វិញ។ ការប្រកួតមុនៗនៅក្រៅប្រទេសគឺលេង៣នាក់ អ្នកស្រី កែ ឡេង អ៊ុក ស្រីមុំ និងខ្លួនឯស្រីផ្ទាល់ ប៉ុន្តែលើកនេះសាកលេងដោយគ្មានអ្នកស្រី កែវ ឡេង គឺមិនអាចទៅរួចទេ ម្ចាស់មេដាយមាសពិភពលោក៣សម័យម្នាក់នេះនៅតែជាកម្លាំងដ៏សំខាន់សម្រាប់ការជួយក្រុមដដែល។
កីឡាការិនីជម្រើសជាតិកម្ពុជារូបនេះបញ្ជាក់ទៀតថា គ្រាន់តែដៃគូឃើញអ្នកស្រី កែ ឡេង ចូលគឺបាក់ទឹកចិត្តប្រកួតបាត់ទៅហើយ ព្រោះដឹងពីកេរ្តិ៍ឈ្មោះ រួមនិងសមត្ថភាពរបស់អ្នកស្រីជាម្ចាស់មេដាយមាសពិភពលោក៣សម័យឯណោះ ផ្សំនិងសំឡេងហ៊ោពីអ្នកគាំទ្រទៀតនោះធ្វើឲ្យពួកគេហាក់រឹតតែចាញ់ច្រាបតែម្ដង។
រំលឹកដែរថា ពិធីប្រកួតជ្រើសរើសជើងឯកយុវជន និងស្ត្រីពិភពលោកលើកទី១៧ ដែលធ្វើឡើងនៅកម្ពុជានេះចាប់ផ្ដើមការបើកប្រកួតនៅរសៀលថ្ងៃមិញនេះហើយ។ ដោយឡែកការប្រកួតបើកឆាកក្រុមស្ត្រី ៣ទល់៣ គឺកម្ពុជាឈ្នះក្រុម Latvia ដោយលទ្ធផល ១៣-៣។ ការប្រកួតនឹងធ្វើបន្តរហូតដល់ថ្ងៃទី២៣ វិច្ឆិកា ២០១៩ ទើបបិទបញ្ចប់៕