• 2019-03-20 04:59:17
  • កីឡា​ផ្សេង​ៗ

អតីត​អ្នក​ប្រដាល់​ ស៊ន អេលីត អង្គរក្សការពារ​នៅជាប់មេដឹកនាំពិភពលោកកំពូលៗ​

  • 2019-03-20 04:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ប្រដាល់ និង​កីឡា​តេក្វាន់ដូ​កម្ពុជា​​លោក ស៊ន អេលីត​ ត្រូវ​បាន​គេ​មើល​ឃើញ​​ធ្វើ​ជា​អង្គរក្ស​ការពារ​ឥស្សរជន​ជាន់​ខ្ពស់​ មេ​ដឹក​នាំ​ពិភព​លោក​កំពូល​ៗ​ និង​បុគ្គល​ល្បី​ៗ​ជា​ច្រើន​មក​ហើយ​ដែល​ការងារ​បែប​នេះ​មិន​​ស្រួល​ឡើយ។

ស៊ន អេលីត ការពារ​ប្រធានាធិបតីចិន Xi Jinping

ស៊ន អេលីត បច្ចុប្បន្ន​គ្រូ​បង្ហាត់​ប្រដាល់​​ផង​នោះ​បាន​រៀប​រាប់​ថា​ លោក​បាន​ធ្វើ​អង្គរក្ស​ការពារ​ថ្នាក់​ដឹក​នាំ​កំពូល​ ​ឥស្សរ​ជន​ល្បី​ៗ​ប្រហែល​ជា​៥​ឆ្នាំ​ហើយ។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ លោក​បាន​ការពារ​ថ្នាក់​ដឹក​នាំ​កំពូល​ ​ឥស្សរ​ជន​ល្បី​ៗ​​ជា​ច្រើន​នាក់​ដូច​ជា​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​ Manny Pacquiao, រាជ​បុត្រី​ស្តេច​ថៃ​ Mah Chakri Sirindhorn, លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ចាន់អ៊ូចា​ លោក​ប្រធានាធិបតី​ចិន​ Xi Jinping លោក​នាយក​រដ្ឋ​មន្ត្រី​ចិន Li Keqiang, លោក​ប្រ​ធានា​ធិបតី​សិង្ហបុរី Tony Tan នាយក​រដ្ឋ​មន្ត្រី​មីយ៉ាន់ម៉ា​ នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ ប្រ​ធានា​ធិបតី​វៀតណាម​ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ជា​ដើម។

ស៊ន អេលីត ការពារ​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte

បុរស​ដែល​មាន​កម្ពស់​​ខ្ពស់​រូប​នេះ​បន្ត​ឲ្យ​ដឹង​ថា​ ៖«​ក្នុង​នាម​ជា​​អង្គរក្ស​​​គឺ​ពិបាក​និយាយ​ថា​ ស្រួល​ ឬ​ពិបាក​ណាស់​សម្រាប់​ការងារ​នេះ​ ប៉ុន្តែ​ជា​តួនាទី​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​​មុខ​មាត់​​ប្រទេស​ជាតិ​សម្រាប់​ភ្ញៀវ​បរទេស»។ តួនាទី​នេះ​​គឺ​ត្រូវ​តែ​ដឹង​កាល​វិភាគ​នៃ​កម្មវិធី​គ្រប់​ទាំង​អស់​ ហើយ​​រៀម​ចំ​ខ្លួន​ឲ្យ​រួច​រាល់​គ្រប់​ពេល​វេលា​​​ទាំង​យប់​-ថ្ងៃ​ដើម្បី​ឈរ​ចាំ​​គ្រប់​ពេល​វេលា​ មុន​ពេល​ភ្ញៀវ​ចាប់​ផ្ដើម​កម្មវិធី។ អ្វី​ដែល​សំខាន់​គឺ​តួនាទី​ត្រូវ​​ការពារ​​ ប៉ុន្តែ​មិន​ត្រូវ​សួរ​នាំ​អ្វី​ទាំង​អស់​ដល់​ភ្ញៀវ។​

ស៊ន អេលីត ការពារ​ប្រធានាធិបតី​ថៃ

លោក​បញ្ជាក់​ថា​ ៖«វា​ជា​មុខ​មាត់​ប្រទេស​ជាតិ​ដែល​ថ្នាក់​ដឹក​នំា​ និង​រាជ​រដ្ឋាភិបាល​ផ្តល់​ទំនុក​ចិត្ត​​ដល់​យើង​ការពារ​​ភ្ញៀវ។ គ្រប់​វិនាទី​ គ្រប់​គ្រង​ពេល​វេលា​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច»។

ស៊ន អេលីត ការពារ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង

កត្តា​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ការងារ​ជា​អង្គរក្ស​នេះ​គឺ​ដោយ​សារ​លោក​មាន​កាយ​សម្បទា​មាំ​មួន មាឌ​ធំ​ខ្ពស់​ និង​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ផ្នែក​កីឡា​តេក្វាន់​ដូ​ ព្រម​ទាំង​​ធ្លាប់​ជា​អ្នក​ប្រដាល់​ថែម​ទៀត។ ជា​ពិសេស​ទៀត​នោះ​ លោក​បាន​ចូល​​រៀន​វគ្គ​បណ្តុះបណ្តាល​​​ជំនាញ​អង្គរក្ស​​ត្រឹម​ត្រូវ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​​ថ្នាក់​លើ​ផ្តល់​ឱកាស​ដល់​លោក​រហូត​សព្វ​ថ្ងៃ៕

ស៊ន អេលីត ពេល​ការពារ​​ថ្នាក់​ដឹក​នាំ​មក​ពី​ប្រទេស​ផ្សេង​ៗ (រូបថត៖ ស៊ន អេលីត​ ផ្តល់​ឲ្យ)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី