• 2018-12-09 02:22:35
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​វាយ​កូន​បាល់​​បង្កើត​ពាន ITF Junior ច្រើន​ទៀត​​សម្លឹងឃើញ​ទិសដៅធំ

  • 2018-12-09 02:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ទេព រិទ្ធីវិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​សន្យា​​បន្ត​រៀប​ចំ​ការ​ប្រកួត​ ​វាយ​កូន​បាល់ ITF Junior បន្ត​ទៀត​នា​ឆ្នាំ​ក្រោយ​​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​នៅ​ឆ្នាំ​២០១៨ កាល​ពី​ម្សិល​មិញ​យ៉ាង​ជោគជ័យ។

លោក​ ទេព រិទ្ធីវិត

អគ្គលេខាធិការ​​ខាង​លើ​​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​ពាន ITF Junior គឺ​៤​ដង​ក្នុង​មួយ​ឆ្នាំ​​ ហើយ​ការ​ប្រកួត​បញ្ចប់​ឆ្នាំ​២០១៨ ​នេះ​​​យុវជន​កម្ពុជា​ចំនួន ១៥ រូប​បាន​ចូល​រួម។ ជា​លទ្ធផល​គឺ​យុវជន​កម្ពុជា​ទាំង​អស់​មិន​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ។ ប៉ុន្តែ​លោក​ថា នៅ​តែ​ព្យាយាម​បង្កើត​ពាន​នេះ​ថែម​ទៀត ​នា​ឆ្នាំ​ក្រោយៗ ពី​ព្រោះ​ការ​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​បែប​នេះ​ ជា​រឿង​ល្អ​បំផុត​ ដើម្បី​បង្កើត​​បទ​ពិសោធ​ដល់​យុវជន​កម្ពុជា ពិសេស​ទិសដៅ​ធំ​ឆ្នាំ​២០២៣។

លោក​បន្ថែម​ថា មិន​យូរ​ទេ​យុវជន​កម្ពុជា​ នឹង​ធ្វើ​បាន​ល្អ​ លោក​រំពឹង​ថា ​ចន្លោះ​ពី​១៨ ទៅ​២៤ ខែ​ទៅ​មុខ​​ទៀត​យុវជន​កម្ពុជា នឹង​​កាន់​​តែ​ធ្វើ​បាន​ល្អ។ ជាង​នេះ​ទៅ​ទៀត​លោក​ថែម​ទាំង​មាន​​រៀប​ចំ​បញ្ចេញ​យុវជន​នៅ​តាម​បណ្ដា​ខេត្ត​នានា​ឲ្យ​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ក្រៅ​ស្រុក​ដូច​ជា​វៀតណាម និង​ថៃ​ជា​ដើម។

​អគ្គលេខាធិការ​ខាង​លើ​​បញ្ជាក់​ទៀត​ថា ទិសដៅ​ខ្លាំង​បំផុត​របស់​សហព័ន្ធ​គឺ​ផ្ដោត​សំខាន់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ទើប​​លោក​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​យុវជន​របស់​ខ្លួន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​ឲ្យ​បាន​ច្រើន។

​ការ​ប្រកួត​​វាយ​កូន​បាល់​អន្តរជាតិ 23rd Tep Khunnah Memorial Cup ITF Junior 2018 បាន​​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​មាន​១៧​ប្រទេស​នៅ​លើ​ពិភព​លោក​បាន​ចូល​រួម​ និង​បាន​បិទ​វគ្គ​កាល​ពី​ម្សិល​មិញ​នៅ​ទីលាន​វាយ​កូន​បាល់ Cambodian Country Club ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី