• 2018-11-02 09:31:21
  • កីឡា​ផ្សេង​ៗ

យុវជន​និយាយ​​អ្វី​ខ្លះ​រឿង​រត់​ម៉ារ៉ាតុង​ដើម្បី​អភិរក្ស​ផ្សោត​នៅក្រចេះ?

  • 2018-11-02 09:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​ក្នុង ​ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ បាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៦​ តុលា​ កន្លង​មក​នេះ​ដោយ​រក​ឃើញ​យុវជន​សង្ហា​ Will Housworth ជន​ជាតិ​អាមេរិក​ ជា​អ្នក​ដល់​ទី​មុន​គេ​ ខណៈ​យុវជន​ឆ្នើម​សាលា​តម្រង​ទិស​ក្រចេះ​៣​នាក់​ស្ថិត​ក្នុង​​ចំណោម​១០​នាក់​ដល់​ទី​មុន​គេ​នៃ​អ្នក​ចូល​រួម​ជាតិ​និង​អន្តរជាតិ​ជិត​៤០០​នាក់។

យុវជន​ កើត​ ពេជ្រ​ ប្រធាន​ក្រុម​សាលា​តម្រង់​ទិស​ U-15 ក្រចេះ​ស្ថិត​នៅ​លំដាប់​លេខ​៤ បាន​បង្ហាញ​ភាព​សប្បាយ​ផង​ហត់​ផង​ ធ្វើ​ឲ្យ​មាន​សុខភាព​ ហើយ​បាន​​ជួប​មនុស្ស​ច្រើន​ និង​មិត្តភក្ត័​កាន់​តែ​ច្រើន​ ព្រម​ទាំង​បាន​ជួយ​សង្គម​​ថែម​ទៀត​ ឲ្យ​ប្រជា​ពលរដ្ឋ​យល់​ដឹង​ច្រើន​ពី​ការ​ថែ​រក្សា​សត្វ​ផ្សោត​ ព្រោះ​សត្វ​ផ្សោត​ជិត​ដាច់​ពូជ​។

យុវជន រ៉ា នុត

យុវជន​ រ៉ា នុត ​អាយុ​១៣​ឆ្នាំ​ យុវជន​ក្រុម​បាល់​ទាត់​ Kratie​ FC​ និង​សាលា​តម្រង់​ទិស​ខេត្ត​ក្រចេះ​ បង្ហាញ​ក្តី​រីក​រាយ​ជា​ខ្លាំង​ថា ៖«ខ្ញុំ​​មាន​អារម្មណ៍​រំភើប​ខ្លាំង​ណាស់​ ហើយ​ក៏​មិន​ស្មាន​ដល់​ដែល​បាន​ ​ចូល​រួម​កម្មវិធី​បែប​នេះ»។

លោក ងួន សុធារិទ្ធ

យុវជន​ ងួន​ សុធារិទ្ធ​ គ្រូ​ភាសា​អង់គ្លេស​នៅ​សាលា​ឯក​ជន​មួយ​ក្នុង​ខេត្ត​បាន​និយាយ​ថា៖«ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ម្នាក់​ក្នុង​ខេត្ត​ក្រចេះ​ ខ្ញុំ​ពិត​ជា​រីករាយ​ និង​មាន​មោទនភាព​ដែល​មាន​ឱកាស​ចូល​រួម​កីឡា​រត់​ប្រណាំង​ពាក់​កណ្តាល​ Marathon​ នេះ។ ព្រឹត្តិការណ៍​នេះ​គឺ​ពិត​ជា​ល្អ​ ពី​ព្រោះ​វា​បាន​បំផុស​គំនិត​​និង​ផ្សព្វផ្សាយ​ពី​ការ​អភិរក្ស​ធន​ធន​ធម្មជាតិ។ ជា​ពិសេស​គឺ​ត្រី​ផ្សោត​ដែល​ជា​សត្វ​កម្រ​ដោយ​ប្រឈម​នឹង​បាត់​បង់​ពូជ​​ដែល​ប្រជា​ជន​ក្នុង​ស្រុក​ និង​ជនបរទេស​​ត្រូវ​រួម​ដៃ​គ្នា​ការពារ​ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ»។

យុវជន​អាមេរិក Will Housworth

លោក​ Will Housworth ជនជាតិ​ អាមេរិក​សប្បាយ​ចិត្ត​ខ្លាំង​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ។ «ការ​រត់​ដល់​ទី​មុន​គេ​គឺ​ជា​ជោគជ័យ​របស់​ខ្ញុំ ​ ​តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ជួប​ជុំ​យុវជន​ធ្វើ​ការ​រួម​គ្នា​អភិរក្ស​ផ្សោត​​​ឲ្យ​បាន​ល្អ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ទាំង​អស់​​គ្នា»។

ក្នុង​កម្មវិធី​នេះ​ដែរ​ ឯក​ឧត្តម​ ស្រេង​ សុភាព​ បាន​ដឹក​នាំ​អ្នក​ចូល​រួម​ទាំង​អស់​ដើរ​ជុំវិញ​ពី​ទីតាំង​ចាប់​ផ្តើម​កម្មវិធី​​ កាត់​ផ្សារ​និង​មាត់​ទន្លេ​ ដោយ​មាន​ការ​ផ្សព្វផ្សាយ​ពី​សារ​សំខាន់​ៗ​ក្នុង​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ដល់​មហា​ជន​ដើម្បី​ចូល​រួម​អភិរក្ស​ទាំង​អស់​គ្នា។

យុវជន​ Housworth ទទួល​វត្ថុ​អនុស្សាវរីយ៍​ពី​ឯកឧត្តម ស្រេង សុភាព

នៅ​ពេល​ព្រលប់​អ្នក​ចូល​រួម​​ទាំង​អស់​បាន​​ស្មឹង​ស្មាធ​សង្រួម​​អារម្មណ៍​ផ្សា​ភ្ជាប់​ខ្លួន​ទៅ​នឹង​សត្វ​ផ្សោត​ រយៈ​ពេល​៣​នាទី​ ហើយ​នៅ​​យប់​​មាន​ការ​ចូល​រួម​សំដែង​ពី​តារា​ចម្រៀង​ អ៊ាម​ វណ្ណី​ សៅ​ ឧត្តម​ និង​ពិធីករ​ BIG ផង​ដែរ៕​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី