• 2018-08-31 01:27:00
  • កីឡា​ផ្សេង​ៗ

៣ប្រភេទ​កីឡា​កម្ពុជា​ជោគជ័យ​​ឆ្នាំ​២០១៨ និង​១​ប្រភេទ​ទៀត​ត្រៀម​ចេញ​ប្រយុទ្ធ

  • 2018-08-31 01:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​មក​ដល់​ពេល​នេះ​​មាន​ប្រភេទ​កីឡា​ចំនួន ៣ ហើយ​ ដែល​បង្ហាញ​ភាព​ជោគជ័យ​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ បន្ថែម​លើស​ពី​នេះ​ នឹង​មាន​១​ប្រភេទ​កីឡា​ទៀត ដែល​ត្រៀម​ការ​ប្រកួត​កម្រិត​ពិភព​លោក​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ដែរ។ ​

ប្រភេទ​កីឡា​ដែល​កម្ពុជា​ទទួល​​បាន​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៨​រួម​មាន តេក្វាន់ដូ ITF, ម៉ូតូ​ទឹក និង ជឺជីតស៊ូ ស្រប​ពេល​កីឡា​ដែល​ត្រៀម​ចេញ​ទៅ​ប្រកួត​ជ្រើស​រើស​ជើងឯក​ពិភព​លោក​នៅ​ថ្ងៃ​ទី​១៣-១៦ ខែ​កញ្ញា​ នោះ​គឺ​ប៉េតង់ ដែល​​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​កាណាដា។

​១-​តេក្វាន់ដូ ITF ៖ គ្រប់​គ្នា​ប្រហែល​បាន​ដឹង​ហើយ​ថា កីឡា​នេះ​ទើប​តែ​បញ្ចប់​ការ​ប្រកួត​កម្រិត​ពិភព​លោក ​ផ្នែក​យុវជន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ជា​លទ្ធផល​គឺ​កម្ពុជា​ទទួល​បាន​មេដាយ​​ប្រាក់​​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង។ នេះ​ជា​ជោគជ័យ​ថ្មី​មួយ​សម្រាប់​ប្រភេទ​កីឡា​នេះ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក។

កីឡាករ បួន ចាន់ ថារ៉ាត់

២-​ម៉ូតូទឹក​៖ ប្រភេទ​កីឡា​នេះ​ដណ្ដើម​បាន​មេដាយ​មាស ១ និង​សំរឹទ្ធ​មួយ​គ្រឿង​ពី​ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ធ្វើ​បាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ដោយ​កីឡាករ សាលី អ៊ូមើត។

កីឡាករ សាលី អ៊ូមើត ឡើង​ទទួល​មេដាយ​មាស

៣- ជឺជីតស៊ូ៖​ ​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​​ជឺជីតស៊ូ Jessa Khan បាន​​ធ្វើ​ឲ្យ​​ប្រទេស​ក្នុង​​ទ្វីប​អាស៊ី​មាន​ការ​ភ្ញាក់ផ្អើល​ ​ដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​បង់​បង់​ការ​ប្រកួត​​តាំង​ពី​វគ្គ​ដំបូង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ ប្រភេទ​កីឡា​នេះ​ដណ្ដើម​បាន​មេដាយ​មាស​១​គ្រឿង​ពី​ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

Jessa Khan (ទទួល​មេដាយ​)

ចំណែក​ប្រភេទ​កីឡា​ប៉េតង់​គឺ​កីឡាករ សុខ ចាន់​មាន កំពុង​ត្រៀម​ខ្លួន​​ការពារ​មេដាយ​មាស​របស់​ខ្លួន នៅ​ប្រទេស​កាណាដា ក្នុង​ព្រឹត្តិការណ៍​​ការ​ប្រកួត​ដណ្ដើម​ជើង​ឯក​ពិភព​លោក​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​។ ប្រទេស​កីឡា​នេះ​ក៏​ជា​ប្រភេទ​កីឡា​មួយ​ដែល​កម្ពុជា​តែង​ធ្វើ​បាន​ល្អ​ក្នុង​ឆាក​អន្តរជាតិ​​៕

កីឡាករ សុខ ចាន់មាន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី