• 2018-08-30 00:44:00
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ម៉ូតូ​ទឹក​ ប្រាប់​មូលហេតុ​របូត​មេដាយ​ប្រាក់​១គ្រឿង​ ពី​ Asian Games

  • 2018-08-30 00:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ បញ្ជាក់​ថា​ ដោយ​សារ​តែ​បញ្ហា​ម៉ូតូ​ខូច​ និង​ជិះ​ច្រឡំ​ពោង​ផង​នោះ​ ទើប​ធ្វើ​ឲ្យ​កីឡាករ​របស់​ខ្លួន​របូត​មេដាយ​ប្រាក់​១គ្រឿង​ ប៉ុន្តែ​គេ​បើ​បូក​ពិន្ទុ​ឲ្យ​វិញ​គឺ​ច្រើន​លើស​ម្ចាស់​មេដាយ​ប្រាក់​ដែល​ឈ្នះ​ឥលូវ​នេះ​ទៅ​ទៀត។​

ឯកឧត្ដម​ ណុះ​ ស្លេះ​ ប្រធានសហព័ន្ធ

ឯកឧត្ដម​ ណុះ​ ស្លេះ​ បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​រឿង​ស្ដាយ​បំផុត​ ដែល​កីឡាករ​កម្ពុជា​ ម៉ីន​ ម៉ូស្តាន​ មាន​ពិន្ទុ​ច្រើន​រហូត​អាច​ឈ្នះ​មេដាយ​ប្រាក់​មួយ​ទៀត​ ប៉ុន្តែ​បែរ​ជា​មិន​បាន​ទៅ​វិញ​ ក៏​ព្រោះ​តែ​ការ​ខូច​ម៉ូតូ​តាំង​ពី​ជុំ​ទី១។​ បើ​ទោះ​ជា​ជុំ​ទី២​ ទី៣​ និង​ទី៤​ កីឡាករ​កម្ពុជា​ធ្វើ​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ ​ខាង​គណៈកម្មការ​រៀបចំ​នៅ​តែ​មិន​បូក​ពិន្ទុ​ឲ្យ​ដដែល។​

ម៉ីន ម៉ូស្តាន(ឆ្វេង) សាលី អ៊ូម៉ើត(ស្ដាំ)

ទាក់ទិន​ទៅ​និង​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ Asian Games​ នេះ​ទៀត​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ ប្រាប់​ពី​រឿង​កីឡាករ​ត្រូវ​កាត់​ពិន្ទុ​ដែរ​ថា​ មិន​មែន​តែ​កម្ពុជា​នោះ​ទេ​ដែល​ត្រូវ​កាត់​ពិន្ទុ​នោះ​ ពោល​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក៏​ជួប​រឿង​បែបនេះដែរ។​ ដើម​ចង​នៃ​ការ​កាត់​ពិន្ទុ​នេះ​ទៀត​សោត​ គឺ​ដោយ​សារ​កីឡាករ​មួយ​ចំនួន​ក៏​ដូច​ជា​ ម៉ីន​ ម៉ូស្តាន​ មើល​មិន​ឃើញ​ពោង​ដែល​ជា​កន្លែង​ត្រូវ​បត់​ ព្រោះ​អី​ទឹក​រលក​បោក​បាំង​នៅ​ពេល​ខ្លះ​ផង​ដែរ​ ជា​ហេតុ​ពេល​ខ្លះ​ជិះ​ហួស។​

ម៉ីន ម៉ូស្តាន(រូបភាពសហព័ន្ធ)
សាលី អ៊ូម៉ើត ពេលឈ្នះមេដាយមាស

រំលឹក​ដែរ​ថា​ សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ បាន​បញ្ជូន​កីឡាករ​របស់​ខ្លួន​២​រូប​ គឺ​ សាលី​ អ៊ូម៉ើត​ និង​ ម៉ីន​ ម៉ូស្តាន​ ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ លើក​ទី១៨ ​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី។​ ជើង​ខ្លាំង​ សាលី​ អ៊ូម៉ើត​ ប្រកួត​ឈ្នះ​មេដាយ​២គ្រឿង​ គឺ​ មាស១​ និង​សំរឹទ្ធ​១​ ផង​ដែរក្នុងព្រឹត្តិការណ៍​កីឡាទ្វីបអាស៊ីមួយ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី