• 2017-08-16 01:45:49
  • ប្រវត្តិ​​

ច័ន្ទលក្ខិណា​ធ្លាប់​ត្រូវ​ឪពុក​វ៉ៃ​នឹង​ខ្សែ​ក្រវាត់​ប្រឹង​រហូត​ឈ្នះ​មេដាយ​មាស​ពិភព​លោក​

  • 2017-08-16 01:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​កញ្ញា​ សឿ ច័ន្ទលក្ខិណា​ ​បាន​តស៊ូ​ពី​​ការ​ហាម​ឃាត់​របស់​ឪពុក​រហូត​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​កីឡា​វ៉ូវីណាម​​​ក្នុង​នោះ​ឈ្នះ​មេដាយ​មាស​ពី​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និង​ឈ្នះ​មេដាយ​មាស​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​ឥណ្ឌា។

សឿ ចន្ទលក្ខិណា ឪពុក​ម្តាយ និង​ប្អូន

​គ្រួសារ

កញ្ញា​ សឿ ច័ន្ទលក្ខិណា​ កើត​នៅ​ក្នុង​គ្រួសារ​មធ្យម​មួយ​ដែល​ឪពុក​ឈ្មោះ សឿ ចន្ថារិទ្ធ ជា​អតីត​កីឡាករ​បាល់ទាត់ និង​ជា​បុគ្គលិក​បើកបរ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន និង​ម្តាយ​ឈ្មោះ សុខ ច័ន្ទវិចរា​ជា​មេផ្ទះ។ កញ្ញា​ជា​កូន​ច្បង​​ក្នុង​ចំណោម​បង​ប្អូន​៤​នាក់ (ស្រី​២ ប្រុស​២)​ក្នុង​នោះ​ប្អូន​ទី​១ សឿ សេងហុង ប្រុស​ជា​កីឡាករ​វ៉ូវីណាម ប្អូន​ទី​២ សឿ ចិន្តា ស្រី​នៅ​រៀន និង​ប្អូន​ពៅ សឿ សែនសំណាង។ បច្ចុប្បន្ន​គ្រួសារ​របស់​កញ្ញា​រស់​នៅ​រស់​នៅ​ជិត​ម៉ុងឌីម៉ាល សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ការ​សិក្សា

កាល​ពី​កុមារភាព​ សឿ ច័ន្ទលក្ខិណា​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​សំពៅ​មាស​ពី​ឆ្នាំ​​២០០១​ដល់​ឆ្នាំ​២០០៧។ បន្ទាប់​ពី​បញ្ចប់​កម្រិត​បឋម​សិក្សា​យុវតី​រូប​នេះ​បាន​បន្ត​ចូល​រៀន​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ព្រះ​យុគន្ធរ​​រហូត​ដល់​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ដោយ​ប្រឡង​យក​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​(បាក់ឌុប)​ក្នុង​ឆ្នាំ​២០១៣។ រហូត​ដល់​ពេល​នេះ​លក្ខិណា​មិន​ទាន់​បាន​បន្ត​ចូល​រៀន​ថ្នាក់​ឧត្តម​សិក្សា​ទេ។

បាល់បោះ និង​ហែល​ទឹក

សឿ ច័ន្ទលក្ខិណា​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​កីឡា​ហែល​ទឹក​តាំង​ពី​តូច​​ដោយ​សារ​ក្រុម​គ្រួសារ​ជា​អ្នក​និយម​ចូល​ចិត្ត​កីឡា។ ចំណុច​ពីរ​សំខាន់​ដែល​ជំរុញ​ឲ្យ​កញ្ញា​ចាប់​អាជីព​ហែល​ទឹក​គឺ​ផ្ទះ​ខាង​ម្ដាយ​នៅ​កោះ​ធំ​ជិត​ទន្លេ​ដែល​ជា​កន្លែង​ធ្លាប់​បាន​ហែល​ទឹក​លេង​កម្សាន្ត​ និង​ផ្ទះ​នៅ​ភ្នំពេញ​ជិត​ពហុ​កីឡ​ដ្ឋាន​អូឡាំពិក​ដែល​កញ្ញា​ឧស្សាហ៍​ចេញ​ទៅ​ហាត់​ប្រាណ​​ផង​នោះ​ទើប​កញ្ញា​ហ្វឹកហាត់​ហែល​ទឹក​រហូត​បាន​ក្លាយ​ជា​កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ទាំង​វ័យ​ក្មេង។

«ប៉ា​ម៉ាក​​ជំរុញ​ឲ្យ​ខ្ញុំ​ហ្វឹកហាត់​កីឡា​ហែល​ទឹក ព្រោះ​ខ្ញុំ​ចេះ​ហែល​ទឹក​នៅ​ទន្លេ​តាំង​ពី​តូច​ ប៉ុន្តែ​នៅ​សាលា​វិទ្យាល័យ​វិញ ខ្ញុំ​ហ្វឹកហាត់​បាល់បោះ។ អំឡុង​ថ្នាក់​ទី​១០ និង​ទី​១១ ខ្ញុំ​ជា​កីឡា​ការិនី​បាល់​បោះ​នៅ​ក្នុង​ក្រុម​តំណាង​វិទ្យាល័យ​ព្រះ​យុគន្ធរ​ចូល​រួម​ប្រកួត​កម្រិត​មធ្យម​សិក្សា»។ កញ្ញា​ធ្លាប់​បាន​ចូល​ការ​ប្រកួត​កីឡា​ថ្នាក់​មធ្យម​សិក្សា​រាជ​ធានី​ភ្នំពេញ និង​ទូទាំង​ប្រទេស​ផង​ដែរ ប៉ុន្តែ​កញ្ញា​ប្រាប់​ថា ការ​លេង​បាល់​បោះ​គឺ​គ្រាន់​តែ​ជា​កម្សាន្ត​តែ​ប៉ុណ្ណោះ។

អាយុ​១៤​ឆ្នាំ​ សឿ ច័ន្ទ​លក្ខិណា​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​កីឡា​ហែល​ទឹក ប៉ុន្តែ​បាន​ចូល​ហ្វឹកហាត់​ពេញ​លេញ​នៅ​ទីលាន​ហែល​ទឹក​អូឡាំពិក​ក្នុង​ឆ្នាំ​២០០៨​តាម​រយៈ​ឪពុក​របស់​នាង​ដែល​ស្គាល់​មន្ត្រី​ខាង​សហព័ន្ធ​កីឡា​ហែល​ទឹក​ដែល​សុំ​ឲ្យ​កូន​ស្រី​បាន​ចូល​ហ្វឹកហាត់។

ចុង​ឆ្នាំ​២០០៨​ សឿ ច័ន្ទលក្ខិណា​បាន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ហែល​ទឹក​ K-Cement ប៉ុន្តែ​នៅ​ពេល​នោះ​កញ្ញា​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ។ កញ្ញា​បាន​ជាប់​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​ពី​ទទួល​បាន​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​១​ក្នុង​ការ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០០៩ និង​ឈ្នះ​បាន​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​១​ទៀត​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​២០១០​។

សម្រាប់​កីឡា​ហែល​ទឹក​ សឿ ច័ន្ទលក្ខិណា​មិន​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​ថ្នាក់​អន្តរជាតិ​ទេ បើ​ទោះ​ជា​ធ្លាប់​ជាប់​ជា​ជម្រើស​ជាតិ និង​ទទួល​បាន​មេដាយ​ផ្នែក​កីឡា​ប្រភេទ​នេះ​ប្រាក់​២ និង​សំរឹទ្ធ​២​ថ្នាក់​ជា​ក៏​ដោយ។

កីឡាការិនី សឿ ចន្ទលក្ខិណា

កីឡា​វ៉ូវីណាម

​ចុង​ឆ្នាំ​២០១០ សឿ ច័ន្ទ​លក្ខិណា​បាន​ឈាន​ចាប់​ហ្វឹកហាត់​កីឡា​វ៉ូវីណាម​មួយ​ទៀត​ដែល​ជា​ប្រភេទ​វិញ្ញាសា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។ ដំបូង​ឡើយ​កញ្ញា​ខ្លួន​ឯង​ផ្ទាល់​ជា​អ្នក​លួច​ទៅ​ហ្វឹកហាត់​កីឡា​វ៉ូវីណាម ប៉ុន្តែ​ត្រូវ​ឪពុក​វ៉ៃ​ជា​ច្រើន​ខ្សែក្រវាត់ បន្ទាប់​ពី​ដឹង​ថា លួច​ទៅ​ហ្វឹកហាត់​ដោយ​មិន​ប្រាប់​ដល់​ក្រុម​គ្រួសារ។

នៅ​មុខ​អ្នក​សារព័ត៌មាន Sabay ​លក្ខិណា​មិន​ហ៊ាន​ប្រាប់​ពី​ចំណុច​ដែល​ឪពុក​ខឹង​រហូត​ដល់​វ៉ៃ​ជា​ច្រើន​ខ្សែ​ក្រវាត់​ទេ ប៉ុន្តែ​ម្តាយ​របស់​កញ្ញា​អ្នក​ស្រី សុខ ច័ន្ទវិចរា​បាន​ប្រាប់​ថា ៖«មុន​នឹង​បាន​ហាត់​វ៉ូវីណាម​ហ្នឹង ប៉ា​វា​វ៉ៃ​មិន​តិច​ខ្សែ​ក្រវាត់​ទេ ព្រោះ​លួច​ទៅ​ហាត់​អត់​ប្រាប់​អ្នក​ផ្ទះ»។

ទោះ​បី​ជា​យ៉ាង​ណា​ បន្ទាប់​ពី​ដឹង​ថា កូន​ស្រី​បាន​ទៅ​ហ្វឹកហាត់​ជា​មួយ​គ្រូ​បង្វឹក​កីឡា​វ៉ូវីណាម​ដែល​ជា​មិត្ត​ភ័ក្តិ​របស់​ខ្លួន​នោះ លោក សឿ ចន្ថារិទ្ធ​ក៏​បាន​គាំទ្រ និង​ជំរុញ​កូន​ស្រី​ឲ្យ​ហ្វឹកហាត់​កីឡា​មួយ​ប្រភេទ​នេះ​ដោយ​យល់​ឃើញ​ថា ជា​វិញ្ញាសា​ថ្មី​ និង​មិន​ទាន់​មាន​ហ្វឹកហាត់​ច្រើន​ដែល​ងាយ​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ។

បន្ទាប់​ពី​ហ្វឹកហាត់​បាន​ជិត​មួយ​ឆ្នាំ សឿ ច័ន្ទលក្ខិណា​បាន​ចូល​រួម​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ថ្នាក់​អន្តរជាតិ​ដោយ​ទទួល​បាន​​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​២។ កញ្ញា​និយាយ​ថា ឆ្នាំ​២០១១ កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡា​វ៉ូវីណាម​អាស៊ាន​ នៅ​​ពហុកីឡដ្ឋាន​ជាតិ រាជ​ធានី​ភ្នំពេញ​ដែល​មាន​៤​ប្រទេស​គឺ កម្ពុជា វៀតណាម ឡាវ និង​ឥណ្ឌូណេស៊ី។ ។ «កាល​ណោះ​ខ្ញុំ​មិន​ទាន់​ជាប់​ជម្រើស​ជាតិ​ទេ តែ​គេ​ឲ្យ​យើង​ចូល​រួម​ប្រកួត​បាន ព្រោះ​​កម្ពុជា​យើង​ធ្វើ​ម្ចាស់​ផ្ទះ»។ នៅ​ឆ្នាំ​២០១៣ កញ្ញា​បាន​ចូល​រួម​ប្រកួត​ថ្នាក់​អន្តរជាតិ​ម្តង​ទៀត​ដែល​កម្ពុជា​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​វ៉ូវីណាម​​អាស៊ាន​ ​នៅ​ខេត្ត​សៀម​រាប​​ហើយ​កញ្ញា​ឈ្នះ​បាន​តែ​មេដាយ​សំរឹទ្ធ​១​ប៉ុណ្ណោះ។

ស៊ីហ្គេម​ឆ្នាំ​២០១៣

ឆ្នាំ​២០១៣​ សឿ ច័ន្ទលក្ខិណា បាន​ជាប់​ឈ្មោះ​ជា​កីឡា​ការិនី​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា ហើយ​បាន​ចេញ​ទៅ​ហ្វឹកហាត់​កីឡា​មួយ​ប្រភេទ​នេះ​នៅ​ប្រទេស​វៀតណាម​រយៈ​ពេល​២​ខែ​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ស៊ីហ្គេម​​លើក​ទី​២៧ នៅ​ប្រទេស​មីយ៉ាន់ម៉ា។

ការ​ចូល​រួម​ប្រកួត​ស៊ីហ្គេម​នៅ​មីយ៉ាន់ម៉ា​​ កីឡា​ការិនី សឿ ច័ន្ទលក្ខិណា​ទទួល​បាន​មេដាយ​មាស​ក្នុង​ប្រភេទ​វិញ្ញាសា​ប្រកួត​សម្តែង​ប្រុស​៣ ស្រី​១​ដោយ​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ដែល​ជា​ម្ចាស់​កំណើត​កីឡា​មួយ​ប្រភេទ​នេះ។ កីឡាករ​​ទាំង​៣​នាក់​ដែល​សម្តែង​ប្រកួត​ជា​មួយ​កញ្ញា​គឺ កើត សុភ័ក្តិ, សឹង វិសាល និង ជិន ពិសិដ្ឋ។

ពាក់​ព័ន្ធ​នឹង​លទ្ធផល​ដ៏​គប់​ប្រសើរ​នេះ​ សឿ ច័ន្ទលក្ខិណា​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​មាន​អារម្មណ៍​មោទនភាព​ក្រៃ​លែង​ដែល​ទទួល​បាន​លទ្ធផល​ហួស​ពី​ការ​រំពឹង​ទុក។ ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​រូប​នេះ​បាន​និយាយ​ថា ៖«លទ្ធផល​នេះ​គឺ​ហួស​ពី​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក។ ខ្ញុំ​មិនដែល​​គិត​ថា ខ្ញុំ​អាច​ទទួល​បាន​នូវ​លទ្ធផល​បែប​នេះ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា មោទនភាព​លើ​ខ្លួន​ឯង​យ៉ាង​ខ្លាំង»។

ទន្ទឹម​ជា​មួយ​នឹង​អារម្មណ៍​មោទនភាព អតីត​កីឡា​ការិនី​ហែល​ទឹក​រូប​នេះ​ក៏​កើត​មាន​អារម្មណ៍​តូច​ចិត្ត និង​មិន​សូវ​រីក​រាយ​ផង​ដែរ ខណៈ​អ្នក​ខ្លះ​បាន​និយាយ​ថា ៖«បាន​មេដាយ​មួយ​ហ្នឹង​គ្មាន​អ្វី​អស្ចារ្យ​ទេ​ ព្រោះ​វា​គ្រាន់​តែ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ»។

ចន្ទលក្ខិណា ទទួល​ប្រាក់​រង្វាន់​មេដាយ​មាស​ស៊ីហ្គេម​

ប្អូន​ជី​ដូន​មួយ​របស់​កីឡាករ​បាល់ទាត់ នេត សុធារ័ត្ន​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ៖«គេ​អាច​និយាយ​បែប​ហ្នឹង​បាន តែ​សម្រាប់​ខ្ញុំ​មិន​មែន​គ្រាន់​តែ​សម្ដែង​ដូច​អ្នក​ទាំង​នោះ​គិត​ទេ។ មុន​នឹង​គេ​សម្រេច​ផ្ដល់​ពិន្ទុ​ឲ្យ​យើង​ឈ្នះ គឺ​គេ​វិនិច្ឆ័យ​ល្អិតល្អន់​ណាស់។ វិញ្ញាសា​សម្ដែង​​ជា​ក្រុម​ហ្នឹង ក្រុម​កម្ពុជា​យើង​ធ្វើ​បាន​ល្អ​ជាង​ប្រទេស​ផ្សេង​ៗ​ទាំង​អស់ សូម្បី​តែ​ម្ចាស់​កំណើត​កីឡា​នេះ​គឺ​វៀតណាម​ដែល​យើង​រៀន​ពី​គេ ក៏​យើង​ធ្វើ​បាន​ល្អ​ជាង​ដែរ។ ចំណុច​ល្អ​របស់​យើង​គឺ ភាព​រហ័សរហួន សហការ​គ្នា និង​ជា​ពិសេស​លោត​បាន​ខ្ពស់»។

​ជើង​ឯក​វ៉ូវីណាម​ពិភព​លោក

ឆ្នាំ​២០១៧​ សឿ ចន្ទលក្ខិណា​បាន​​រួម​ជា​មួយ​ក្រុម​កីឡា​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា​បាន​ចូល​រួម​ការ​ប្រកួត​ជ្រើស​រើស​ជើង​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​​ឥណ្ឌា។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​២២​គ្រឿង ​ក្នុង​នោះ​មាស​៤​ ​ប្រាក់​៩​ ​និង​សំរិទ្ធ​៩​។ ដោយ​កីឡា​ការិនី​ សឿ ចន្ទលក្ខិណា​ឈ្នះ​​មេដាយ​មាស​១​ ប្រាក់​១​ និង​សំរឹទ្ធ​៣។

កីឡាការិនី សឿ ចន្ទលក្ខិណា

ចំណែក​អ្នក​ស្រី​សុខ ច័ន្ទវិចរា​បាន​ប្រាប់​ថា អ្នក​ស្រី និង​ក្រុម​គ្រួសារ​រំភើប​ខ្លាំង​ណាស់​ដែល​កូន​ទទួល​បាន​ជ័យជម្នះ​គួរ​ជាទី​មោទនៈ​នេះ។ «មីង​មិន​នឹក​ស្មាន​ថា កូន​ស្រី​មីង​ឈ្នះ​មេដាយ​មាស​ទេ បាន​ត្រឹម​ប្រាក់​ឬ​សំរឹទ្ធ​ក៏​អស់​ចិត្ត​ដែរ តែ​នេះ​ហួស​ពី​អ្វី​ដែល​មីង​រំពឹង​ទុក»។ អ្នក​ស្រី​បន្ថែម​ទៀត​ថា កាល​ពី​មុន​ អ្នក​ជិត​ខាង​និយាយ​បែប​នេះ​បែប​នោះ​ពី​កូន​ស្រី ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​មេដាយ​មាស​ហ្នឹង ការ​និយាយ​មិន​ល្អ​ទាំង​នោះ​ក្លាយ​ជា​ការ​អបអរសាទរ​វិញ។

ចំពោះ​លោក សឿ ចន្ថារិទ្ធ​បាន​ឲ្យ​ដឹង​ថា លោក​នឹង​ជំរុញ​កូន​ទាំង​អស់​ឲ្យ​ហ្វឹកហាត់​កីឡា​វ៉ូវីណាម​ក្នុង​គោល​បំណង​ក្លាយ​ជា​កីឡាករ និង​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ប៉ុន្តែ​មុន​ដំបូង​គាត់​នឹង​ឲ្យ​កូន​ៗ​ហ្វឹក​ហាត់​ហែល​ទឹក​សិន។ លោក​ថា ៖«កូន​តូច​ៗ​របស់​ខ្ញុំ​គឺ​ឲ្យ​វា​ហ្វឹកហាត់​ហែល​ទឹក​សិន​ឲ្យ​រឹង​មាំ​សិន​ ហើយ​បន្ទាប់​មក​ហ្វឹកហាត់​វ៉ូវីណាម​ដែល​ដល់​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​យើង​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ ពួក​វា​ល្មម​នឹង​ជាប់​ជម្រើស​ជាតិ​បាន»។

សព្វ​ថ្ងៃ​នេះ​កីឡា​ការិនី​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ឆ្នាំ​២០១៣​រូប​នេះ​បាន​កំពុង​ខិត​ខំ​ហ្វឹកហាត់​កីឡា​វ៉ូវីណាម​ដើម្បី​ត្រៀម​ខ្លួន​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ​នា​ពេល​ខាង​មុខ។ ក្រៅ​ពី​ចាប់​អាជីព​កីឡា​ កញ្ញា​ក៏​ធ្វើ​ការ​នៅ​ហាង​គុយទាវ​របស់​ម្តាយ​មីង​មួយ​កន្លែង​ផង​ដែរ។ ចំពោះ​គូ​ស្រករ​វិញ​កញ្ញា​ក៏​មិន​ទាន់​គិត​គូរ​នៅ​ឡើយដែរ ប៉ុន្តែ​ឪពុក​ម្តាយ​ប្រហែល​ជា​ជំរុញ​ឲ្យ​កូន​ប្រឡង​ចូល​ធ្វើ​ជា​គ្រូ​កីឡា​រដ្ឋ។

មេដាយ​ថ្នាក់​ជាតិ​

  • ២០០៨៖ ​ប្រាក់​១ និង​សំរឹទ្ធ​១​ (ជើង​ឯក​​ហែល​ទឹក​ជាតិ​)

  • ២០១០៖ ប្រាក់​១​ និង​សំរឹទ្ធ​ (ជើង​ឯក​​ហែល​ទឹក​ជាតិ)

មេដាយ​អន្តរជាតិ

  • ​២០១១៖ ប្រាក់​១ និង​សំរឹទ្ធ​២ (ជើង​ឯក​វ៉ូវីណាម​អាស៊ី​អាគ្នេយ៍)

  • ២០១៣៖ សំរឹទ្ធ​១​​ (ជើង​ឯក​វ៉ូវីណាមអាស៊ី​អាគ្នេយ៍)

  • ២០១៣៖ មាស១​ (​កីឡា​ស៊ីហ្គេម)

  • ២០១៦៖ សំរឹទ្ធ​១​ (កីឡា​ឆ្នេរ​ខ្សាច់អាស៊ី)

  • ២០១៧៖ មាស​២ ប្រាក់​១​ និង​សំរឹទ្ធ​១​ (ជើង​វ៉ូវីណាម​អាស៊ី​អាគ្នេយ៍)

  • ២០១៧៖ មាស​១​ ប្រាក់​១ និង​សំរឹទ្ធ​៣ (ជើង​ឯក​ពិភព​លោក)

រូបថត​ឈ្នះ​មេដាយ​ពិភព​លោក​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់