- 2017-06-14 06:53:22
- វិភាគ
វិភាគ៖ ១គ្រាប់របស់កម្ពុជាយប់មិញជារឿងសំណាង ឬយ៉ាងណា?
- 2017-06-14 06:53:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគ៖ ១គ្រាប់របស់កម្ពុជាយប់មិញជារឿងសំណាង ឬយ៉ាងណា?
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជម្នះលើក្រុមខ្លាំងអាហ្វហ្គានីស្ថានដោយលទ្ធផល ១-០ នៃការប្រកួតសន្សំពិន្ទុចុងក្រោយពូល C ក្នុងពានរង្វាន់ AFC Asian Cup ។ ១គ្រាប់របស់កម្ពុជាកើតឡើងនាទីទី៥៩នៅពេលអ្នកចាំទីអាហ្វហ្គានីស្ថាន Ovays Azizi ទាត់បាល់បុក ប្រាក់ មុន្នីឧត្តម ហើយបាល់លោតចូលទីអាហ្វហ្គានីស្ថានដែលធ្វើឲ្យកម្ពុជានាំមុខ១-០ រហូតចប់ការប្រកួត។
ជុំវិញលទ្ធផលនេះ អ្នកគាំទ្រមួយចំនួនមើលឃើញថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបង្ហាញទម្រង់លេងល្អគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការរកបាន១គ្រាប់គឺជារឿងសំណាង ឬជាគ្រាប់បាល់ខ្មោចឲ្យ។ ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនទៀតមើលឃើញថា វាមិនមែនជារឿងសំណាង ឬខ្មោចឲ្យឡើយ ប៉ុន្តែជាសមត្ថភាពរបស់ក្រុមកម្ពុជាពិតៗ។
អ្នកគាំទ្រមួយចំនួនបានលើកឡើងថា ចាប់ផ្តើមការប្រកួតតាំងពីនាទីដំបូងនៃវគ្គទី១ ក្រុមកម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងនោះការលេងបាល់ខ្លី និងគ្រប់គ្រងបាល់ដោយទំនុកចិត្ត។ ការលេងយល់ចិត្តគ្នាក្នុងការបញ្ជូនបាល់ឲ្យ ប្រាក់ មុន្នីឧត្តម នៅវគ្គទី១ជាបច្ចេកទេសសុទ្ធសាធ ប៉ុន្តែធ្វើមិនបានសម្រេច។ ការដាក់សម្ពាធបន្តបន្ទាប់ដែលធ្វើឲ្យកម្ពុជាទទួលបានឱកាសមាសជាច្រើនលើកក៏មិនមែនជារឿងចៃដន្យដែរ។
ជាក់ស្តែងចន្លោះនាទី៥០ទៅ៦០នៃវគ្គទីពីរ ក្រុមកម្ពុជាបានដាក់សម្ពាធលើខ្សែការពារអាហ្វហ្គានីស្ថានដែលបញ្ជូនបាល់ឲ្យអ្នកចាំទីរបស់ខ្លួន។ អ្នកចាំទីរូបនេះទប់បាល់លក្ខណៈធ្វេសប្រហែសដែលធ្វើឲ្យខ្សែប្រយុទ្ធជួរមុខកម្ពុជា២នាក់រត់ទៅដណ្តើមបាល់ដែលជំរុញឲ្យអ្នកចាំទីរូបនេះសម្រេចទាត់បាល់ចេញ ប៉ុន្តែជាបុក ប្រាក់ មុន្នីឧត្តម ហើយបាល់ក្រឡកចូលទីរបស់អាហ្វហ្គានីស្ថានតែម្តង។ ចំណុចនេះមានន័យថា ការដាក់សម្ពាធដោយបច្ចេកទេសដែលធ្វើឲ្យក្រុមកម្ពុជាទទួលបានលទ្ធផលល្អ។
លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូជម្រើសជាតិកម្ពុជា និងបឹងកេតបាននិយាយថា បាល់សំណាងដែលកើតចេញពីការរៀបចំ។ លោកពន្យល់ថា ៖«ទោះបីជាគ្រូល្បីៗលើលោកក៏ដោយ ក៏និយាយពីសំណាងដែរ។ ប៉ុន្តែសំណាងហ្នឹងកើតចេញពីការរៀបចំ គឺមិនមែនកើតឡើងដោយឯកឯងនោះទេ។ គ្រាប់បាល់ម្សិលមិញហ្នឹងគឺយើងដឹងថា ជម្រើសជាតិ ពេលគេបោះបាល់មកក្រោម ខ្សែប្រយុទ្ធយើងដាក់សម្ពាធ។ ការដាក់សម្ពាធហ្នឹងហើយដែលធ្វើឲ្យកើតចេញជារឿងសំណាង។ រឿងសំណាងហ្នឹងហើយកើតចេញពីការរៀបចំ។
លោក ប៉ែន ផាត អតីតកីឡាករជម្រើសជាតិកម្ពុជាដ៏ឆ្នើមបាននិយាយថា ៖«យើងលេងល្អបានជាយើងឈ្នះ។ បើយើងលេងមិនល្អទេ គឺជាយើងគ្មានឱកាសឈ្នះគេដែរ។ អីចឹងអ្វីៗវារួមផ្សំនឹងសំណាងផងដែរ។ យើងលេងល្អហើយបានជាយើងមានសំណាង។ ប៉ុន្តែក្រុមខ្លះលេងល្អ តែក៏អត់សំណាងដែរ។ នេះជារឿងធម្មតាក្នុងកីឡា។ និយាយរួមគឺមិនមែនសំណាងទេ តែយើងលេងល្អទើបឈ្នះ»៕
ព័ត៌មានជាច្រើនពីក្រុមជម្រើសជាតិ
ចំនួនអ្នកគាំទ្រកម្ពុជាយ៉ាងកកកុញ ធ្វើឲ្យភ្ញាក់ផ្អើលដល់សារព័ត៌មានបរទេស
ស្នាមញញឹមបិទមាត់មិនជិត អ្នកគាំទ្រកម្ពុជាយប់មិញ
ទិដ្ឋភាពរំភើបរីករាយដ៏កម្រ កម្ពុជាឈ្នះអាហ្វហ្គានីស្ថាន