- 2017-05-05 02:18:45
- វិភាគ
វិភាគ! ហេតុផលទាំងនេះដែលនាំឲ្យបឹងកេតធ្លាក់ជើងរដូវកាលនេះ?
- 2017-05-05 02:18:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគ! ហេតុផលទាំងនេះដែលនាំឲ្យបឹងកេតធ្លាក់ជើងរដូវកាលនេះ?
ចន្លោះមិនឃើញ
ការប្រកួតលីគកំពូលកម្ពុជាបានបញ្ចប់សប្ដាហ៍ទី៩ហើយ ខណៈក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាលមុន បឹងកេត កំពុងស្ថិតនៅលេខ៤ ដែលជាលទ្ធផលមិនសូវល្អឡើយ បើប្រៀបធៀបនឹងរដូវកាលមុន។ កត្តាអ្វីខ្លះដែលក្លឹបល្បី ប្រជាប្រិយ និងខ្លាំងប្រចាំកម្ពុជាមួយនេះហាក់មានទម្រង់លេងធ្លាក់ចុះ?
ប្រព័ន្ធការពារ
តាមការសង្កេតមើលបឹងកេត បច្ចុប្បន្នហាក់មានបញ្ហានៅតំបន់ការពារដែលខុសពីរដូវកាលមុនបន្តិច។ ខ្សែការពារសំខាន់ ហុង ផេង របួសរយៈពេលយូរមិនទាន់ជួយក្រុមវិញបាន។ ជាមួយគ្នានោះខ្សែការពារកណ្ដាលដ៏សំខាន់ សុខ សុវណ្ណ ក៏មានបញ្ហារបួសញឹកញាប់ដែលធ្វើឲ្យសន្ទុះកម្លាំងហាក់មានការធ្លាក់ចុះ។
គ្រូបង្វឹកបឹងកេត លោក John McGlynn ធ្លាប់បានឲ្យដឹងផងដែរថា នៅតាមបណ្ដោយខ្សែការពារនៃក្រុមរបស់ខ្លួនតែងបង្កកំហុស។
តំបន់បម្រើ
បឹងកេតមានប្រព័ន្ធបម្រើមិនល្អដូចរដូវកាលមុន ដោយសារបច្ចុប្បន្នមិនមានកីឡាករជំនួស Gbenga ដែលផុតកុងត្រាបានចាកចេញពីបឹងកេត។ ខ្សែបម្រើឆ្នើមមួយរូបទៀត Omogba ហាក់ធ្លាក់ល្បឿន និងមិនមានដៃគូលេងយល់ចិត្តដូចជា Gbenga។
ស្រដៀងគ្នានោះដែរខ្សែប្រយុទ្ធ និងជាប្រធានក្រុមបឹងកេត ឃួន ឡាបូរ៉ាវី ធ្លាប់បានលើកឡើងដែរថា ក្លឹបរបស់ខ្លួនមានប្រព័ន្ធបម្រើធ្លាក់ចុះជាងមុនគឺដោយបង្កើតឱកាសល្អៗ មិនបានច្រើន ទើបធ្វើឲ្យខ្សែប្រយុទ្ធពិបាករកគ្រាប់បាល់។
ប្រព័ន្ធប្រយុទ្ធ
ជាក់ស្ដែងណាស់គ្រប់គ្នាអាចជឿថា តំបន់ប្រយុទ្ធរបស់បឹងកេត ធ្លាក់ចុះដោយសារគ្មានវត្តមាន ចាន់ វឌ្ឍនាកា ដែលជាតារាឆ្នើមរបស់កម្ពុជាជួយក្រុមនៅរដូវកាលនេះ។ ខណៈកីឡាករចំណូលថ្មី TOMOKI និងខ្សែបម្រើ Maycon ធ្វើមិនសូវបានល្អ។
តំបន់ប្រយុទ្ធនេះលោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើលធ្លាប់បានលើកឡើងថា បឹងកេតមានការវាយបកយឺតជាងរដូវកាលមុន។
គិតត្រឹមសប្តាហ៍នេះ បឹងកេតមាន១៧ពិន្ទុស្ថិតនៅលេខ៤ក្នុងតារាងលីគកំពូលកម្ពុជា ប្រកួតចុងក្រោយភ្លាត់ចាញ់ភ្នំពេញក្រោន ៤-០ នៅកីឡដ្ឋាន RSN៕