• 2016-09-07 22:29:43
  • ប្រដាល់

អ៊ុំ​ ចំរើន​ បើ​ឈ្នះ​ខ្សែ​ក្រវាត់​លើក​នេះ​ នឹង​​យក​លុយ​ទៅ​ពង្រីក​ហាង​ចាក់​សាក់​​

  • 2016-09-07 22:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​គុន​ក្លឹប​តាឡីដំរី​មានរិទ្ធិ​ អ៊ុំ​ ចំរើន​​នឹង​យក​ប្រាក់​រង្វាន់​របស់​ខ្លួន​ទៅ​ពង្រីក​របប​រក​ស៊ី​ថែម​ទៀត​ ប្រសិន​បើ​រូប​គេ​អាច​​ឈ្នះ​ខ្សែ​ក្រវាត់​ភេសជ្ជៈ​គោ​ជល់​ដែល​ត្រូវ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ CNC ​ថ្ងៃ​សៅរ៍ ទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​នេះ។​

 

អ៊ុំ ចំរើន

 

អ្នក​លេង​វ័យ​ក្មេង​ អ៊ុំ​ ចំរើន​ត្រូវ​ប្រឈម​នឹង​រៀម​ច្បង​​ កន​ ចន្ថា​ ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​​គោ​ជល​​ក្នុង​ប្រភេទ​ទម្ងន់​ ៦៥ គីឡូ​ក្រាម។ ​កីឡាករ​រូប​នេះ​ប្រាប់​ Sabay ថា​ប្រសិន​បើ​ឈ្នះ​ខ្សែ​ក្រវាត់ រូប​គេ​នឹង​យក​ប្រាក់​ទៅ​ពង្រីក​ការងារ​រក​ស៊ី​ថែម​ទៀត។ សម្រាប់​ជយលាភី​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​អាមេរិក​ និង​ខ្សែ​ក​មាស​ទម្ងន់​៣​ជី​ថែម​ទៀត។ ​

ក្រៅ​ពី​អាជីព​ប្រដាល់​ដែល​ជា​អាជីព​ឈឺ​ខ្លួន​មួយ​នេះ​ អ៊ុំ ចំរើន​បាន​​បើក​ហាង​ចាក់​សាក់​ផ្ទាល់​ខ្លួន​មួយ​ដែល​មាន​ឈ្មោះ​ថា​ OTR​ ដែល​​ដំណើរ​ការ​បាន​ជាង​កន្លះ​ឆ្នាំ​ហើយ។ កីឡាករ​ប្រាប់​​ថា រូប​គេ​ត្រូវ​ការ​ប្រាក់​ដើម្បី​ទៅ​រៀន​​បច្ចេកទេស​ចាក់​​បន្ថែម​ទៀត​នៅ​​ប្រទេស​ថៃ​ និង​ត្រូវ​​ទិញ​សម្ភារ​ផ្សេងៗ​សម្រាប់​ប្រើប្រាស់ ​និង​ពង្រីក​ហាង​​ចាក់​សាក់​ OTR​ របស់​ខ្លួន។​

 

មុន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​​ អ៊ុំ​ ចំរើន​ បាន​ផ្ដួល​កីឡាករ​ មាជ​ សុខរ៉ា​ ឲ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី២​​ក្នុង​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ខណៈ​ កន​ ចន្ថា​ ​បាន​ទាត់​កីឡាករ​ វី​ សេរីចាន់ឌីន​ ឲ្យ​សុំ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី៣​ផង​ដែរ។​

 

រង្វាន់​សម្រាប់​អ្នក​លេខ១​ បាន​ទឹក​ប្រាក់​ ៥០០០​ ដុល្លារ​ ខ្សែ​ក្រវាត់១​ ខ្សែក​មាស​៣ជី​ និង​ពាន១​ ហើយ​​​លេខ២ ​បាន​ទឹក​ប្រាក់ ​២៥០០ ដុល្លារ​ ខ្សែក​មាស​៣ជី​ និង​ពាន១​។ ចំណែកចំណាត់​ថ្នាក់​លេខ​៣​ បាន​ទឹក​ប្រាក់​១៥០០ ដុល្លារ​ ខ្សែក​មាស​ ៣ជី​ និង​ពាន១​ ខណៈ​​ចំណាត់ថ្នាក់​​លេខ៤​ បាន​ទឹក​ប្រាក់​ ១០០០ ដុល្លារ​ និង​ពាន១៕​​

 

អត្ថបទ៖​ នួន​ ស៊ីណា​​

មតិយោបល់