• 2016-07-09 13:07:36
  • ប្រវត្តិ​​

កំណត់ត្រា​របស់​ Ronaldo​ ដ៏​អស្ចារ្យ​៤​យ៉ាង​​ នៅ​ Euro

  • 2016-07-09 13:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​​ជា​កីឡាករ​ឆ្នើម​ម្នាក់​លើ​ពិភពលោក ដែល​ធ្លាប់​ឈ្នះ​ពាន​ Ballon d’Or ​៣​ដង និង​ជាប់​កំណត់ត្រា​ជា​ច្រើន។ យ៉ាងណាមិញ កីឡាករ​វ័យ​៣១​ឆ្នាំ​​របស់​ក្លឹប​ Real Madrid ​រូប​នេះ​ បាន​ជាប់​កំណត់ត្រា​ដ៏​អស្ចារ្យ​៤​យ៉ាង​ទៀត​ នៅ​ Euro 2016៖

 

Cristiano Ronaldo ​​(លេខ៧) ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

 

១. ​ស្មើ​កំណត់ត្រា​អ្នក​ស៊ុត​ច្រើន​ជាង​គេ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro៖

 

គ្រាប់​បាល់​តែត​បញ្ចូល​ទី​ក្រុម​វែល នៅ​នាទី​៥០ ក្នុង​ការ​ប្រកួត​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កន្លង​ទៅ បាន​ជួយ​ឲ្យ​ Ronaldo តាម​ស្មើ​កំណត់ត្រា​​​អតីត​ខ្សែ​ប្រយុទ្ធ​បារាំង​ Michel Platini ​​ដែល​ស៊ុត​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro ​(៩​គ្រាប់) តាំង​ពី​ឆ្នាំ​១៩៨៤ ហើយ​ CR7 អាច​នឹង​មាន​ឱកាស​បំបែក​កំណត់ត្រា​នេះ បើ​អាច​ស៊ុត​ចូល​ក្រុម​ម្ចាស់​ផ្ទះ​បារាំង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

២. កីឡាករ​ដំបូង​គេ ស៊ុត​​នៅ​ Euros បាន​៤​សម័យ​កាល៖

 

Ronaldo ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​អាច​ស៊ុត​ចូល​នៅ​ Euros បាន​៤​សម័យ​កាល​ (២០០៤, ២០០៨, ២០១២, ២០១៦)។ ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ ស៊ុត​គ្រាប់​ដំបូង​នៅ​ Euro 2004 ​កាល​ព័រទុយហ្គាល់​ចាញ់​ក្រិក​ ២-១ នៅ​វគ្គ​ចែក​ពូល, ស៊ុត​​សាធារណរដ្ឋឆេក​​នៅ​ Euro 2008, ស៊ុត​ហូឡង់ និង​សាធារណរដ្ឋឆេក នៅ​ Euro 2012, ស៊ុត​​ហុងគ្រី និង​វែល​នៅ​ Euro 2016 ​នេះ​ទៀត។

 

៣. ជា​កីឡាករ​បង្ហាញ​ខ្លួន​នៅ​ Euros ច្រើន​ប្រកួត​ជាង​គេ៖

 

Ronaldo ​បាន​បំបែក​កំណត់ត្រា​ ក្លាយ​ជា​កីឡាករ​លេង​នៅ​ Euros ច្រើន​ប្រកួត​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ តាំង​ពី​ប្រកួត​ទល់​នឹង​ហុងគ្រី​នៅ​វគ្គ​ចែក​ពូល ដោយ​បាន​បង្ហាញ​ខ្លួន​សរុប​១៧​ប្រកួត បំបែក​កំណត់ត្រា​របស់​​អតីត​ខ្សែ​ការពារ​បារាំង​ Lilian Thuram និង​អតីត​អ្នកចាំទី​ហូឡង់​ Edwin van der Sar ដែល​លេង​សរុប​បាន​​ម្នាក់​១៦​ប្រកួត។ បច្ចុប្បន្ន​ CR7 បង្ហាញ​ខ្លួន​បាន​២០​ប្រកួត​ហើយ​នៅ​ Euros ហើយ​នឹង​បាន​២១​ប្រកួត នៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខាង​មុខ។

 

​៤. ​ជា​កីឡាករ​ដំបូង​គេ​​​លេង​​ Euros ​វគ្គ​ Semi-Finals បាន​៣​ដង៖

 

ឈ្នះ​ប៉ូឡូញ នៅ​​វគ្គ​៨​ក្រុម​ Euro 2016 មាន​ន័យ​ថា​ Ronaldo បាន​បំបែក​កំណត់ត្រា​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​អាច​​លេង​ Euros នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​៣​ដង។ អតីត​កីឡាករ​ក្រុម​ Manchester United រូប​នេះ​ ​​ជួយ​ឲ្យ​ព័រទុយហ្គាល់​ឡើង​ផ្ដាច់ព្រ័ត្រ កាល​ឆ្នាំ​២០០៤ តែ​ចាញ់​ក្រិក​ ១-០ ក្នុង​ទឹក​ដី​ខ្លួន​ឯង។ រីឯ​កាល​ Euro 2012 ព័រទុយហ្គាល់​ ​បាន​ចាញ់​អេស្ប៉ាញ ដោយ​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​ស្មើ​គ្នា​ ០-០ នៅ​១២០​នាទី។

 

ចំណែក​ឯ​នៅ​ Euro 2016 វិញ ព័រទុយហ្គាល់​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​។ ដូច្នេះ​ចាំ​មើល​ថា Ronaldo ​អាច​ឈ្នះ​ពាន​ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ជា​លើក​ដំបូង​របស់​ខ្លួន​​បាន​ ឬ​យ៉ាង​ណា ពេល​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ម្ចាស់​ផ្ទះ​បារាំង ​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ​ (ព្រឹក​ថ្ងៃ​ច័ន្ទ​នៅ​កម្ពុជា, ម៉ោង​០២:០០​នាទី)៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Sportskeeda | wiki

មតិយោបល់