• 2016-06-23 16:08:54
  • ប្រដាល់

គុន​បុរាណ​ខ្មែរ​៣​ប្រភេទ បញ្ចូល​គ្នា​បង្កើត​ជា​ក្បាច់​ថ្មី​សម្រាប់​កង​ទ័ព

  • 2016-06-23 16:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បាច់​គុន​ល្បុក្កតោ ​យុទ្ធ​គុន​ខម​ និង​កីឡា​ប្រដាល់ ​នឹង​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ជា​ក្បាច់​គុន​ថ្មី​មួយ​សម្រាប់​កង​ទ័ព​ហ្វឹកហាត់​ជា​យុទ្ធសាស្ត្រ​ការពារ​ខ្លួន ក៏​ដូចជា​ប្រទេស​ជាតិ។

 

 

​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​រវាង​គណៈកម្មាធិការ​រៀបចំ​ក្បាច់​គុន​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ ​ប្រដាល់​ និង​យុទ្ធ​គុន​ខម ​លោក វ៉ាត់ ចំរើន ​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ជឿ​ជាក់​ថា​នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា​ក្នុង​ការ​ពង្រឹង​ក្បាច់​គុន​បុរាណ​ខ្មែរ។ ​ការ​ច្របាច់​បញ្ចូល​គ្នា​របស់​ក្បាច់​គុន​ទាំង​៣​នេះ ​នឹង​ឱ្យ​កម្ពុជា​មាន​ក្បាច់​ថ្មី​ៗ​ជា​ច្រើន​ទៀត ដែល​សុទ្ធ​​សឹង​តែ​ជា​ក្បាច់​គុន​ដែល​បុព្វបុរស​ខ្មែរ បន្សល់​ទុក​សម្រាប់​កូន​ចៅ​យក​មក​ហាត់​រៀន​បន្ត។

 

 

ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្ដម​ ​ហ៊ុន ម៉ាណែត មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “បច្ចុប្បន្ន​មាន​គេ​ចាប់​អារម្មណ៍​លើ​ល្បុក្កតោ​ច្រើន ហើយ​បន្ទាប់​ពី​ក្បាច់​គុន​មួយ​នេះ​ចូល​ទៅ​ក្នុង​វិស័យ​ទ័ព​ទៅ នោះ​វា​កាន់​តែ​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ថែម​ទៀត។ ការ​ដាក់​ល្បុក្កតោ​ក្នុង​ជួរ​ទ័ព​នេះ វា​គឺជា​ការ​ចូល​រួម​ចំណែក​ថែរក្សា និង​អភិរក្ស​កេរដំណែល​ដូនតា​ខ្មែរ​ដែល​បាន​បន្សល់ទុក​ឲ្យ​យើង”។

 

 

 

ការ​ដាក់​ច្របាច់​បញ្ចូល​ក្បាច់​គុន​ទាំង​៣​ក្នុង​ជូរ​ទ័ព​នេះ នឹង​ចាប់​ផ្ដើម​ដំណើរការ​ភ្លាម ដោយ​សហព័ន្ធ​នឹង​ចាប់​ផ្ដើម​បញ្ចូន​អ្នក​ជំនាញ​ទៅ​បង្ហាត់​ផ្ទាល់​ដល់​គ្រូ​ជំនាញ​នៅ​តាម​ជូរ​កងទ័ព​ទូទាំង​ប្រទេស​កម្ពុជា។ ខណៈ​ដែល​កង​ទ័ព​ទាំង​អស់ សុទ្ធ​តែ​មាន​សិទ្ធិ​ហាត់​រៀន​បាន ៕

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់