• 2016-05-23 13:00:17
  • វិភាគ

ចំណុច​ចាប់​ផ្តើម​របស់ ពិសី​ ក្លាយ​ជា​​​កីឡាករ​លោត​ទឹក​អាមេរិក​​ឆ្នើុម

  • 2016-05-23 13:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jordan Pisey Windle ​ដែល​ជា​កុមារ​កំព្រា​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ​មាន​វាសនា​ទៅ​រស់នៅ​អាមេរិក​តាំង​ពី​អាយុ​២​ខួប​ និង​​ជា​កីឡាករ​​លោត​​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក​ផង​នោះ​បាន​ប​រៀបរាប់​ពី​ចំណុច​ចាប់​ផ្ដើម​របស់​ខ្លួន​ដែល​បាន​ចាប់​អាជីព​​កីឡា​លោត​ទឹក​​នៅ​សហរដ្ឋ​អាមេរិក ។

 

 

ចំណុច​ចាប់​ផ្ដើម​ដែល​ធ្វើ​​ឲ្យ​​រូប​គេ​ក្លាយ​ជា​កីឡាករ​លោត​ទឹក​នោះ​ គឺ​ដំបូង​នៅ​ពេល​ដែល​រូប​គេ​មាន​អាយុ​៧ឆ្នាំ ​លោក Jerry Windle ដែល​ជា​ឪពុក​ចិញ្ចឹម​​បាន​នាំ​គេ​ទៅ​លេង​ក្នុង​អាង​ហែល​ទឹក​ដូច​ក្មេង​ធម្មតា​​ ក្នុង​អំឡុង​ពេល​វិស្សមកាល​រដូវ​កាល​ក្ដៅ។

 

ភាព​ចៃដន្យ​មួយ​បាន​កើត​ឡើង គឺ​​គ្រូ​ម្នាក់​ដែល​ត្រូវ​ជា​កូន​របស់​កីឡា​ករ​លោត​ទឹក​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក ក៏​ដូច​ជា​ក្រុម​​​កីឡាករ​លោត​ទឹក​នៅ​ទី​នោះ​ ឃើញ​​កាយសម្បទា​​របស់​ពិសី​អំណោយ​ផល​ជា​មួយ​នឹង​កីឡា​នេះ។ គ្រូ​បង្វឹក​និង​ក្រុម​កីឡា​ករ​លោត​ទឹក​ក៏​បាន​ណែ​នាំ​ឲ្យ​រូប​គេ​ចូល​ហ្វឹក​ហាត់​ចាប់​តាំង​ពី​រូប​គេ​មាន​វ័យ​ត្រឹម​តែ​៧ឆ្នាំ​មក។ ចូល​ហ្វឹក​ហាត់​បាន​ត្រឹម​តែ​២​អាទិត្យ ពិសី​អាច​ចូល​រួម​ជាមួយ​ក្រុម​លោត​ទឹក​បាន​​បាន​យ៉ាង​ល្អ​ ដោយ​សារ​ទេព​កោសល្យ​របស់​គាត់​ដែល​​ជា​អំណោយ​ផល​ពី​ធម្មជាតិ។

 

ចំណុច​ពិសេស​ដែល​យុវជន​វ័យ​១៧​ឆ្នាំ​ ពិសី បាន​លើក​ឡើង​នោះ​គឺ​ ទោះ​បី​ជា​រូប​គេ​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​តូច​ក្ដី​ ក៏​គេ​មិន​ដែល​ភ្លេច​ខ្លួន​គេ​ថា​ជា​ជន​ជាតិ​កម្ពុជា​ដែរ ពោល​គឺ​គេ​ចាត់​ទុក​ខ្លួន​ឯង​ជា​ជន​ជាតិ​ខ្មែរ​រហូត​ ដូច្នេះ​ពិសី​ចង់​បង្ហាញ​ដល់​ពិភព​លោក​ថា ប្រទេស​កម្ពុជា​ក៏​មាន​សមត្ថ​ភាព​ប្រកួត​កីឡា​លោត​ទឹក​បាន​ដែរ។

 

 

Jordan Pisey Windle ​ជា​កីឡាករ​​លោត​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក ដោយ​កាល​ពី​អាយុ​១២​ឆ្នាំ ​រូបគេ​ប្រកួត​ឈ្នះ​ពាន​រង្វាន់​​ថ្នាក់​ជាតិ​សម្រាប់​វិញ្ញាសា​កីឡា​​លោត​ទឹក​កម្ពស់​​១០ម៉ែត្រ។ ក្នុង​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត គាត់​ក៏​បាន​ឈ្នះ​មេដាយ​មាស​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​រដ្ឋ​ Arizona និង​មេដាយ​ប្រាក់ និង​សំរឹទ្ធ​​ សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ពីរ​ផ្សេង​ទៀត។

 

បន្ទាប់​ពី​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​កន្លង​ទៅ​ Jordan Pisey ​នឹង​ខិត​ខំ​ហ្វឹក​ហាត់​បន្ត​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​តំណាង​​​ឲ្យ​សហរដ្ឋអាមេរិក​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​សីហា​ខាង​មុខ៕

 

អត្ថបទ៖ មួន សុគន្ធតារា ​​​

មតិយោបល់
អត្ថបទពេញនិយម