• 2016-04-27 21:58:21
  • វិភាគ

Atletico ​ប៉ះ​​ Bayern ​លើក​ដំបូង​រយៈ​ពេល​៤២​ឆ្នាំ​​ នរណា​ឈ្នះ​យប់​នេះ?

  • 2016-04-27 21:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​របស់​អេស្ប៉ាញ​ Atletico Madrid ​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Vicente Calderón ​ស្វាគមន៍​ក្រុម​យក្ស​អាល្លឺម៉ង់​ Bayern Munich ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ជើង​ទី​១ នា​វេលា​ម៉ោង​០១:៤៥​នាទី​រំលង​អាធ្រាត្រ​​យប់​នេះ។

 

 

នេះ​ជា​ជំនួប​គ្នា​លើក​ដំបូង​ក្នុង​រយៈពេល​៤២​ឆ្នាំ​ ​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​សម្រាប់​ក្រុម​ទាំង​២ បើ​គិត​តាំង​ពី​ឆ្នាំ​​១៩៧៤​មក។ ដូច្នេះ​ចាំ​មើល​ថា ​​ក្រោយ​បែក​គ្នា​ជាង​៤​ទសវត្សរ៍ ​ប៉ះ​គ្នា​លើក​នេះ​​ក្រុម​ណា​នឹង​​អាច​ទទួល​បាន​ជ័យ​ជម្នះ?

 

សម្ដី​អ្នកចាត់ការ៖

 

 

Diego Simeone អ្នកចាត់ការ​ក្រុម​ Atletico៖ "យើង​ត្រូវ​តែ​គិត​​លើ​តែ​រឿង​ម្យ៉ាង​គឺ​​ឈ្នះ។ ខ្ញុំ​គិត​ថា ការ​ប្រកួត​នឹង​តាន​តឹង​ ព្រោះ​ពួកគេ​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ល្អ​ ​និង​មាន​អ្នកចាត់ការ​ល្អ។ ប៉ុន្តែ​យើង​នឹង​ ព្យាយាម​​លេង​ឲ្យ​បាន​ល្អ​បំផុត​ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ ងាយ​ស្រួល​សម្រាប់​ខ្លួន​ឯង (នៅ​ជើង​ទី​២)”។

 

 

Pep Guardiola ​អ្នកចាត់ការ​ក្រុម​ Bayern៖ "យើង​រីក​រាយ​ណាស់​ដែល​បាន​ឡើង​ដល់​វគ្គ​នេះ​ ហើយ​យើង​ដឹង​ថា​ ការ​ប្រកួត​នឹង​កាន់​តែ​តាន​តឹង​ព្រោះ ​Atletico ​មិន​មែន​ជា​ក្រុម​ធម្មតា​ឡើយ។ ​យើង​អាច​និយាយ​បាន​ថា ពួកគេ​អាច​ប្រៀប​ជាមួយ​ Barcelona ឬ​ Real Madrid។ Simeone គឺជា​អ្នកចាត់ការ​ដ៏​អស្ចារ្យ ដូច្នេះ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ ហើយ​យើង​នឹង​ព្យាយាម​គ្រប់​បែប​យ៉ាង​ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ”។

 

ជើង​កីឡាករ៖

 

 

ម្ចាស់​ផ្ទះ Atletico នឹង​អវត្តមាន​ប្រធាន​ក្រុម​ Diego Godin ​ដោយសារ​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ របួស​សរសៃពួរ ខណៈ​ដែល​​ខ្សែ​បម្រើ​ Tiago Mendes ​ក៏​ត្រូវ​អវត្តមាន​ដោយសារ​របួស​បាក់​ជើង។ រីឯ​ខ្សែ​ប្រយុទ្ធ​ Fernando Torres ​អាច​នឹង​បន្ត​ជម្រើស​ដំបូង បន្ទាប់​៦​ប្រកួត​ចុង​ក្រោយ​ ស៊ុត​ចូល​៥​គ្រាប់។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Atletico អាច​ជា៖ Oblak; Juanfran, Giménez, Savić, Filipe Luís; Gabi, Koke, Saúl, Augusto Fernández; Griezmann, Fernando Torres។

 

 

រីឯ​ក្រុម​ភ្ញៀវ​ Bayern នឹង​អវត្តមាន​​ខ្សែ​បម្រើ​ឆ្នើម​ Arjen Robben ​ដោយសារ​របួស​ភ្លៅ​, ខ្សែ​ការពារ​ Holger Badstuber របួស​ក​​ជើង ខណៈ​ដែល​​ខ្សែ​ការពារ​ Jerome Boateng ដែល​ទើប​ត្រឡប់​ពី​របួស​ក្រលៀន​រយៈពេល​៣​ខែ​ កំពុង​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Bayern អាច​ជា៖ Neuer; Lahm, Martínez, Alaba, Bernat; Alonso, Vidal; Costa, Ribéry; Müller, Lewandowski។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

 

​- ក្រុម​ទាំង​២​នេះ​ ធ្លាប់​ប៉ះ​គ្នា​នៅ​ពាន​ UEFA European Champions Clubs' Cup ២​ដង​កាល​ឆ្នាំ​១៩៧៤ ខណៈ​ដែល​ពេល​នោះ​​នៅ​ទឹក​ដី​អាល្លឺម៉ង់​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១ ប៉ុន្តែ​នៅ​ទឹក​ដី​អេស្ប៉ាញ​ Bayern ​លត់​ ៤-០។

  • Atletico ​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ UEFA Champions League/European Cup ​បាន​៥​ដង​ហើយ ខណៈ​ដែល​ Bayern ​ឡើង​ដល់​វគ្គ​នេះ​បាន​១៨​ដង ចាញ់​តែ​ក្រុម​ Real Madrid មួយ​ប៉ុណ្ណោះ (២៧​ដង)។

  • Bayern ស៊ុត​បាន​ ២៨​គ្រាប់​នៅ​ UEFA Champions League រដូវ​កាល​២០១៥/១៦​នេះ និង​លើស​ Atletico ​ចំនួន​ទ្វេ​ជា​ពីរ​ (១៤​គ្រាប់)។

  • ១៥​ប្រកួត​ចុង​ក្រោយ​ UEFA Champions League​ នៅ​ក្នុង​ដី Atletico ​​បិទ​ Clean Sheets បាន​​១៣​ដង៕

 

ព្យាករ​គូ​នេះ​គឺ៖ Atletico Madrid ១-១ Bayern Munich , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ UEFA

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី