- 2016-04-26 22:19:39
- វិភាគ
Real អាចស៊ី Man City ដល់ក្នុងដីបានឬអត់យប់នេះ?
- 2016-04-26 22:19:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real អាចស៊ី Man City ដល់ក្នុងដីបានឬអត់យប់នេះ?
ចន្លោះមិនឃើញ
ក្រុមស្ដេចស Real Madrid បានធ្វើដំណើរទៅដល់កីឡដ្ឋាន Etihad ទឹកដីអង់គ្លេសហើយ ដើម្បីប៉ះ Manchester City ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នាវេលាម៉ោង០១:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
Man City ទើបតែឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបរដូវកាលនេះទេ ដូច្នេះចាំមើលថាពួកគេ អាចតតាំងជាមួយម្ចាស់ជើងឯក ១០សម័យកាល Real បានឬយ៉ាងណា?
សម្ដីអ្នកចាត់ការ៖
Manuel Pellegrini អ្នកចាត់ការក្រុម Man City៖ "វាពិតជាសំខាន់ខ្លាំងណាស់ ដែលយើងអាចឡើងដល់វគ្គ Semi-Final ហើយវាមិនមែនជារឿង ដែលយើងអាចធ្វើបានរាល់ឆ្នាំនោះទេ។ កីឡាករទាំងអស់យល់ច្បាស់ហើយ ដូច្នេះគ្រប់គ្នាសុទ្ធតែចង់ឡើងទៅវគ្គបន្តលេងផ្ដាច់ព្រ័ត្រ។ យើងនឹងឃើញក្រុម Man City ដែលលេងដើម្បីឈ្នះ”។
Zinédine Zidane អ្នកចាត់ការ Real Madrid៖ "យើងកំពុងមានទម្រង់លេងល្អ ប្រហែលជាល្អបំផុតនៅរដូវកាលនេះ។ យើងនឹងព្យាយាមលេងឲ្យបានល្អបំផុត ដើម្បីរកគ្រាប់ឲ្យបាន និងព្យាយាមកុំឲ្យរបូតគ្រាប់បាល់។ វាជាការប្រកួតដែលសង្ឃឹម៥០/៥០។ រឿងដ៏សំខាន់បំផុត ការប្រកួតធំដូចនេះ កីឡាករត្រូវតែខំ ១៥០%”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Man City នឹងអវត្តមានខ្សែបម្រើឆ្នើម Yaya Toure ដោយសាររបួសភ្លៅ ប៉ុន្តែប្រធានក្រុម Vincent Kompany ដែលទើបតែត្រឡប់ពីរបួសកំភួនជើងកាលថ្មីៗនេះ Fit ១០០%វិញហើយ។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមមេឃខៀវ អាចជា៖ Hart; Sagna, Otamendi, Kompany, Clichy; Fernando, Fernandinho; Navas, De Bruyne, Silva; Agüero។
រីឯក្រុមភ្ញៀវ Real អ្នកចាត់ការ Zidane សង្ឃឹមថាខ្សែប្រយុទ្ធ Karim Benzema និង Cristiano Ronaldo អាច Fit ១០០% វិញ បន្ទាប់ពីមានបញ្ហារបួស ក្រៅពីនោះក្រុមស្ដេចស ពុំមានកីឡាករសំខាន់ណារបួសគួរឲ្យបារម្ភទៀតឡើយ។ ដូច្នេះ១១នាក់ដំបូងក្រុមយក្សអេស្ប៉ាញ អាចជា៖ Navas; Carvajal, Ramos, Pepe, Marcelo; Modrić, Casemiro, Kroos; Bale, Jesé (Lucas Vázquez), Ronaldo។
ប្រវត្តិជួបគ្នា និងស្ថិតិ៖
ក្រុមទាំង២នេះ ធ្លាប់ប៉ះគ្នា២ដង កាលឆ្នាំ២០១២នៅវគ្គសន្សំពិន្ទុតាមពូល UEFA Champions League ខណៈដែលពេលនោះ Real ឈ្នះ ៣-២ នៅកីឡដ្ឋាន Bernabeu និងស្មើគ្នា ១-១ នៅកីឡដ្ឋាន Etihad។
Ronaldo ស៊ុត និង Assists ៧៧% នៃគ្រាប់បាល់របស់ក្រុម Real Madrid នៅ UEFA Champions League រដូវកាលនេះ (ស៊ុត១៦, Assists ៤)។
Sergio Aguero ខកខានស៊ុតបញ្ចូលទីនៅ UEFA Champions League ៣ប្រកួតមកហើយ។
Real Madrid មិនដែលចាញ់ក្រុមអង់គ្លេសទេ នៅ៨ប្រកួតចុងក្រោយ UEFA Champions League (ឈ្នះ៦, ស្មើ២)។ ប៉ុន្តែក្រុមអង់គ្លេសដែលធ្លាប់ទម្លាក់ Real ពី UEFA Champions League បានចុងក្រោយនោះគឺ Liverpool នៅរដូវកាល២០០៨/០៩ ខណៈដែលពេលនោះហង្សក្រហម លត់ Real ទាំង២ជើង ៥-០ នៅវគ្គ១៦ក្រុម៕
ព្យាករគូនេះគឺ៖ Manchester City ២-២ Real Madrid , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ UEFA