- 2016-03-24 16:52:32
- វិភាគ
ក្រុមកម្ពុជា អាចទម្លាយសំណាញ់ទីស៊ីរីបានអត់ ម៉ោង១១យប់នេះ?
- 2016-03-24 16:52:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកម្ពុជា អាចទម្លាយសំណាញ់ទីស៊ីរីបានអត់ ម៉ោង១១យប់នេះ?
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជើងទី២ជាមួយក្រុមជម្រើសជាតិស៊ីរីនៅទឹកដីកណ្ដាលអូម៉ង់ នៅម៉ោង១១យប់ថ្ងៃទី២៤ខែមីនាឆ្នាំ២០១៦នេះ ក្នុងការប្រកួតជម្រុះ FIFA World Cup ២០១៨ នៅប្រទេសរុស្ស៊ី ។ កាលពីជើងទីមួយនៅពហុកីឡដ្ឋានជាតិ ស៊ីរីបានយកឈ្នះកម្ពុជា ៦-០ ចាំមើលជើងទី២នេះវិញ ថាតើក្រុមអ្នកចម្បាំងអង្គរអាចសងសឹកវិញបានឬអត់?
អំពីការប្រកួត
ការប្រកួតក្រុមទាំងពីរធ្វើឡើងនៅទឹកដីកណ្ដាល (អូម៉ង់) នៅក្នុងកីឡដ្ឋាន Al-Seeb ដែលផ្ទុកអ្នកទស្សនាបាន ១៤ ០០០នាក់។ កីឡដ្ឋានមួយនេះ ក្រុមស៊ីរីតែងតែយកធ្វើជាកន្លែងប្រកួតរបស់ខ្លួនជាញឹកញាប់ បន្ទាប់ពីប្រទេសខ្លួនធ្លាក់ចូលក្នុងសង្គ្រាម។ តាមសម្ដីរបស់លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅរបស់ក្រុមកម្ពុជា បានឱ្យដឹងថា នៅប្រទេសអូម៉ង់ មានអាកាសធាតុស្រដៀងទៅនឹងកម្ពុជាដែរ ដែលនេះជាចំណុចអំណោយផលមួយសម្រាប់ក្រុមអ្នកចម្បាំងអង្គរ។
ប្រវត្តិក្រុមទាំងពីរកន្លងមក
សកម្មភាពប្រកួតជើងទីមួយ
វគ្គជម្រុះនេះ ក្រុមកម្ពុជាមិនទាន់ស្គាល់ពាក្យថា ឈ្នះនៅឡើយទេ ដោយ៧ប្រកួតកន្លងមកចាញ់ទាំង៧ប្រកួត ហើយស៊ុតចូលគេតែមួយគ្រាប់គត់ពេលប៉ះជាមួយសិង្ហបុរី។ ដូច្នេះក្នុងពូល E កម្ពុជាស្ថិតិនៅចំណាត់ថ្នាក់លេខ៥ ។ ចំពោះក្រុមស៊ីរីវិញ ៦ប្រកួតកន្លងមករបស់ពួកគេ ចាញ់តែមួយប្រកួតទេ ដោយចាញ់ក្រុមកំពូលតារាងជប៉ុន ៣-០ ។ បច្ចុប្បន្ននេះ ស៊ីរីឈរនៅចំណាត់ថ្នាក់លេខ២ ក្នុង៦ប្រកួតដូចជប៉ុនដែរ ប៉ុន្តែចាញ់ពិន្ទុជប៉ុន១ពិន្ទុ។ នេះមានន័យថា ក្រុមម្ចាស់ផ្ទះស៊ីរី ពិតជាត្រូវការជ័យជម្នះខ្លាំងណាស់សម្រាប់យប់នេះ ដើម្បីប្រជែងយកលេខមួយកំពូលតារាង។
អាជ្ញាកណ្ដាល
អាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងប្រកួតយប់នេះ គឺលោក Chris BEATH ជាជនជាតិអូស្ត្រាលី ខណៈដែលអាជ្ញាកណ្ដាលខ្សែបន្ទាត់ពីរនាក់ទៀតក៏ជាជនជាតិអូស្ត្រាលីដែរ។
ការតាំងចិត្តរបស់គ្រូបង្វឹកក្រុមកម្ពុជា
លោក Lee Tae Hoon
លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបាននិយាយមុនចាកចេញពីកម្ពុជាថា ប្រកួតជាមួយក្រុមស៊ីរីគឺជារឿងលំបាកមួយ ពីព្រោះពួកគេមានសមត្ថភាពខ្លាំង។ ប៉ុន្តែលោកនឹងឱ្យកូនក្រុមទាំងអស់ធ្វើឱ្យបានល្អបំផុត ដោយទប់គ្រាប់បាល់មិនឲ្យស៊ីរីទាត់ចូលច្រើន ទាមទារទាត់បាល់បញ្ចូលទី និងពុះពាររកជ័យជម្នះឲ្យបាន។
ការប្រកួតនេះ មិនមានទូរទស្សន៍ក្នុងស្រុករបស់កម្ពុជាណាមួយផ្សាយបន្តផ្ទាល់ឡើយ។ ប្រសិនបើអ្នកគាំទ្រចង់ទស្សនា សូមទៅកាន់ ទីតាំង Cambodia Football Fan (ជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ) នឹងបើកបញ្ចាំងស្លាយខ្នាតតូចល្មមឲ្យអ្នកគាំទ្រមើលដោយសេរី។ សូមប្រិយមិត្តតាមដានទាំងអស់គ្នានៅម៉ោង១១យប់នេះ ថាតើក្រុមអ្នកចម្បាំងអង្គរ អាចធ្វើអ្វីក្រុមម្ចាស់ផ្ទះស៊ីរីបានដែរឬអត់?
អត្ថបទ៖ មុន្នី រម្យ