- 2016-01-13 17:12:27
- ប្រដាល់
វី ស្រីខួច កាន់តែមានទំនុកចិត្តលើសង្វៀនក្នុងទ្រុងក្រោយផ្ដួលបារាំងទឹកទី២
- 2016-01-13 17:12:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វី ស្រីខួច កាន់តែមានទំនុកចិត្តលើសង្វៀនក្នុងទ្រុងក្រោយផ្ដួលបារាំងទឹកទី២
ចន្លោះមិនឃើញ
កីឡាការិនីជើងខ្លាំងកម្ពុជា វី ស្រីខួច បានបង្ហាញពីទំនុកចិត្តក្នុងការប្រកួតលើសង្វៀនដាក់ទ្រុងនៅក្រៅប្រទេស បន្ទាប់ពីយកឈ្នះកីឡាការិនីបារាំងកាត់ថៃ Aiyada Verpoest ដោយប្រើកណ្ដាប់ដៃត្រឹមទឹកទី២ កម្មវិធី Full Metal Dojo នៅខេត្តភូកេតកាលពីថ្ងៃទី១០។
បទពិសោធន៍ប្រកួតប្រដាល់គុនចម្រុះលើកទី២ របស់កីឡាការិនី វី ស្រីខួច បានផ្ដួលជើងខ្លាំងបារាំងកាត់ថៃ Aiyada Verpoest ត្រឹមទឹកទី២ ដោយប្រើកណ្ដាប់ដៃនៅប្រទេសថៃ។ ក្រោយជ័យជម្នះនេះ ស្រីខួច បាននិយាយថា៖ «ខ្ញុំដូចជាអត់ភ័យខ្លាចអីទៀតទេពេលប្រកួត MMA នៅក្រៅប្រទេស ព្រោះអីធ្លាប់មានប្រវត្តិឈ្នះអ៊ីចឹង និងធ្លាប់ប្រកួតសេរីជាមួយបរទេសច្រើនដែរ។ ថ្ងៃក្រោយចង់ចេញទៅប្រកួតទៀត ដើម្បីឲ្យគេស្គាល់អ្នកប្រដាល់ស្រីនៅខ្មែរកាន់តែច្រើន»។
កីឡាការិនីជំនាញប្រើកណ្ដាប់ដៃរូបនេះក៏បានបញ្ជាក់ផងដែរថា អ្នកប្រដាល់ស្រីជនជាតិបារាំងកាត់ថៃដែលខ្លួនជួបប្រកួតជាមួយនោះ មិនមែនអន់ឡើយ។ គេមានកម្លាំងខ្លាំង ជាពិសេសការចាប់កាច់ ដែលធ្វើឲ្យខ្លួនមិនអាចរើរួច បានត្រឹមទប់មិនឲ្យដួលនៅក្រោមប៉ុណ្ណោះ ប៉ុន្តែដោយសារកណ្ដាប់ដៃខ្លាំងជាងទើបអាចធ្វើឲ្យគេចាញ់ត្រឹមទឹកទី២។
ស្រីខួច អាចមានឱកាសចូលរួមកម្មវិធីប្រដាល់ក្នុងទ្រុងធំជាងនេះ បន្ទាប់ពីឈ្នះការប្រកួតជាមួយបរទេសលើកដំបូងរបស់ខ្លួន ប៉ុន្តែមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយទេ។ «គេគ្រាន់តែប្រាប់ថា វ៉ៃឈ្នះអ៊ីចឹង អាចប្រកួតធំជាងនេះទៀត ប៉ុន្តែមិនទាន់ច្បាស់ទេបង»។ កីឡាការិនីប្រដាល់សាកលជម្រើសជាតិ បញ្ជាក់ប្រាប់ Sabay៕