- 2015-12-09 17:25:20
- ប្រដាល់
Tynanes ប្រាប់បច្ចេកទេសផ្ដួលដៃគូ៨ប្រកួត មិនទាន់ចាញ់នៅ One Championship
- 2015-12-09 17:25:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tynanes ប្រាប់បច្ចេកទេសផ្ដួលដៃគូ៨ប្រកួត មិនទាន់ចាញ់នៅ One Championship
ចន្លោះមិនឃើញ
ជើងខ្លាំងប្រដាល់ក្នុងទ្រុងមិនទាន់ស្គាល់ពាក្យថាចាញ់របស់អាមេរិក Lowen Tynanes ប្រាប់បច្ចេកទេសផ្ដួលដៃគូដ៏មានប្រសិទ្ធភាពបំផុតដែលរូបគេធ្លាប់បានប្រើអស់ចំនួន៨ប្រកួតក្នុងស្ថាប័ន One Championship កន្លងមក ក្រោយពេលយកឈ្នះជើងខ្លាំងរបស់រុស្ស៊ី Rasul Yakhyaev ក្នុងកម្មវិធី Kingdom of Khmer នៅសាលមហោរស្រពកោះពេជ្រកាលពីពេលថ្មីៗនេះ ។
ជើងខ្លាំងរបស់អាមេរិក Lowen Tynanes បានឲ្យដឹងថា កីឡាករប្រដាល់ក្នុងទ្រុងមានជំនាញរៀងៗខ្លួន ប៉ុន្តែសម្រាប់កីឡាប្រភេទនេះអ្នកប្រយុទ្ធគួរចេះឲ្យបានច្រើនក្បាច់ដូចជាក្បាច់ចំបាប់ជាដើម។ ចំពោះរូបគេមានជំនាញគ្រប់ប្រភេទកីឡាប្រយុទ្ធលើកលែងតែប្រដាល់សេរីខ្មែរ ដែលគ្រោងបំពេញបន្ថែមទៀត។
អ្នកប្រដាល់ក្នុងទ្រុងឡើងសង្វៀន៨ដងមិនស្គាល់បរាជ័យរូបនេះបញ្ជាក់ថា វ៉ៃក្នុងទ្រុងត្រូវមានភាពរហ័សក្នុងការផ្លាស់ទី មានភាពអំណត់ក្នុងរង់ចាំឱកាសល្អពេលដៃគូធ្វេសប្រហែស ត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួនឯង ប្រើកម្លាំងឲ្យអស់ពីខ្លួននៅពេលកំពុងកាច់គ្នាដើម្បីផ្ដួលដៃគូ ដែលអាចមានឱកាសវាយសន្ធាប់ និងត្រូវស្គាល់ពីដៃគូបានច្បាស់។ ទន្ទឹមនឹងនោះដែរប្រសិនបើចង់ឲ្យខ្លួនឯងមានអ្វីគ្រប់គ្រាន់ដើម្បីក្លាយខ្លួនជាអ្នកប្រយុទ្ធ MMA ត្រូវមានកាយសម្បទារឹងមាំដោយចំណាយពេលហ្វឹកហាត់ពី៦ទៅ៨ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងបរិភោគអាហារដែលមានប្រយោជន៍សម្រាប់រាងកាយ ពិសេសបន្លែ ដែលមានសារជាតិប៉ូវជាងសាច់។ សម្រាប់ Lowen បានចាប់ផ្ដើមហ្វឹកហាត់កីឡាគ្រប់ប្រភេទតាំងពីអាយុ៣ឆ្នាំមកម៉្លេះ។
ជើងខ្លាំងរបស់អាមេរិកមកកម្ពុជាលើកដំបូងរូបនេះបន្ថែមថា លោកពិតជាស្រលាញ់ប្រជាជនកម្ពុជាបំផុត ពីព្រោះមានការរាក់ទាក់ និងស្រលាញ់រូបលោក ពិសេសលោកដឹងថាអ្វីគួរតែធ្វើសម្រាប់ប្រជាជនខ្មែរ ដែលស្រលាញ់ការប្រកួតរបស់លោក។ Lowen Tynanes បានផ្ដួលដៃគូជនជាតិរុស្ស៊ី Rasul Yakhyaev ឲ្យចុះចាញ់នៅទឹកទី៣ ដោយការឃ្លេ ក៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា