• 2015-12-08 15:33:53
  • ប្រដាល់

សរ សី ប្រឹងប្រែង​​​រហូត​ឈ្នះ ​ជីម ចិត្រា ​ដណ្ដើម​បាន​ប្រាក់​ ២ពាន់​ដុល្លារ​នៅ One Championship

  • 2015-12-08 15:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ សរ សី​ ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​រហូត​ឈ្នះ​ការ​ប្រកួត ​ដើម្បី​ទឹក​ប្រាក់ ២បាន់​ដុល្លារ​អាមេរិក​សម្រាប់​អ្នក​ឈ្នះ​ពី​​ ជីម ចិត្រា ​ក្នុង​កម្ម​វិធី​ One: Kingdom of Khmer ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៥​ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​សាល​មហោរស្រព​កោះ​ពេជ្រ។

 

កូន​សិស្ស​របស់​លោក ហ៊ុន ច័ន្ទរាជ ​រូប​នេះ​បាន​បង្ហាញ​ពី​អារម្មណ៍​ក្រោយ​​ឈ្នះ​ការ​ប្រកួត​លើ​អ្នក​ប្រដាល់​ក្បាច់​គុន​ចម្រុះ​​វ័យ​ក្មេង ជីម ចិត្រា​ថា ៖« ខ្ញុំ​​​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​បំផុត ​​មិន​នឹក​ស្មាន​ដល់​ ថា​បាន​ប្រាក់​ច្រើន​បែប​នេះ​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា អ្នក​ឈ្នះ​​ទទួល​បាន​លុយ​២​ពាន់​ដុល្លារ​​ ហើយ​អ្នក​ចាញ់​​ទទួល​បាន​១​ពាន់​ដុល្លារ​...ខ្ញុំ​ប្រឹងប្រែង​ហ្វឹកហាត់​​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា ​ខ្ញុំ​មាន​ក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​។ ​គ្រាន់​តែ​ឡើង​សើ​សង្វៀន​ភ្លាម​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ឈ្នះ​បាត់​ហើយ​ ទោះ​គេ​វ៉ៃ​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា​ក៏​ខ្ញុំ​នៅ​តែ​ទ្រាំ​បាន រាង​កាយ​របស់​ខ្ញុំ​ពោរពេញ​​ដោយ​កម្លាំង​ និង​​អំណត់​មិន​មាន​ការ​ឈឺ​ចាប់ ព្រោះ​លុយ​ច្រើន​» ។

 

​​​​​​​​​អ្នក​ប្រដាល់​ចិត្ត​អំណត់​​បាន​បន្ថែម​ថា ​​លោក​មិន​​ធ្លាប់​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​បែប​នេះ​ឡើយ​គឺ​បាន​ត្រឹម​តែ៤០​ទៅ​៥០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ការ​ប្រកួត​នេះ​ឈ្នះ​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​លោក​ពី​ព្រោះ​អាច​ទទួល​បាន​ប្រាក់​ច្រើន​យក​ទៅ​ផ្គត់ផ្គង់​​​ជីវភាព​គ្រួសារ​ដែល​​កំពុង​ខ្វះខាត។ ​ប្រកួត​ប្រដាល់​សេរី​កន្លង​មក​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​​ចំណាយ​ពេល​ហ្វឹកហាត់​តែ៣ឬ​៤​ថ្ងៃ​ប៉ុណ្ណោះ​ពី​ព្រោះ​​យល់​ថា​បាន​ប្រាក់​រង្វាន់​តិច​។ ចំណែក​ជំនួប​នៅ​ One Championshipដែល​ទទួល​បាន​ប្រាក់​រង្វាន់​២ពាន់​ដុល្លារ​សម្រាប់​អ្នក​ឈ្នះ​​ ស សី​ បាន​​ហ្វឹកហាត់​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​ ១​ខែ​ពេញ។

 

​សរ សី បាន​ផ្ដួល​ ​ជីម​ ចិត្រា ក្នុង​ទឹក​ទី២ ។ ​បន្ត​ទៅ​មុខ​​ទៀត​រូប​គេ​មាន​​បំណង​ចង់​ចូល​រួម​ប្រកួត​ក្នុង​កម្ម​វិធី​ធំ​ៗ បែប​នេះ​បន្ត​ទៀត ដើម្បី​ទទួល​បាន​ប្រាក់​គ្រប់​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​​។ ​ប្រសិន​បើ​​មាន​ឱកាស​មែន​នោះ​រូប​គេ​ នឹង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត​ដើម្បី​ឈ្នះ​គូ​ប្រកួត ជួយ​លើក​កម្ពស់​វិស័យ​ប្រដាល់​ខ្មែរ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​

មតិយោបល់