• 2015-12-07 17:23:13
  • ប្រដាល់

ហ៊ុន ច័ន្ទ​​រាជប្រាប់​មូល​ហេតុ​​ សំ ថា​រ័ត្ន មិន​​គោះ​ដៃ​ចាញ់ Jeet Toshi ​នៅ One FC

  • 2015-12-07 17:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ុន ច័ន្ទរាជ គ្រូ​បង្ហាត់​​កីឡា​ការនី​ សំ ថារ័ត្ន នៅ​ក្លិប Cambodian Top Team ​បាន​បក​ស្រាយ​មូលហេតុ​ដែល​កូន​សិស្ស​របស់​ខ្លួន​មិន​ព្រម​គោះ​ដៃ​ចុះ​ចាញ់​កីឡា​ការិនី​​ឥណ្ឌា​ Jeet Toshi  ក្នុង​ទឹក​ទី៣​​ ដោយ​សារ​​មិន​ចង់​ឲ្យ​ខ្មែរ​បាក់មុខ​នៅ​កម្ម​វិធី One FC Championship ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។

 

សកម្ម​ភាព​​​​កីឡាការិនី​ឥណ្ឌា Jeet Toshi​វាយ​សន្ធប់​លើ​ សំ ថារ័ត្ន ក្នុង​ទឹក​ទី៣

 

លោក​ ហ៊ុន ច័ន្ទ​រាជ បាន​ឲ្យ​ដឹង​ថា ​ជា​ការ​ពិត​​កូន​សិស្ស​របស់​លោក​ពិត​ជា​ទ្រាំទ្រ​នឹង​ការ​វាយ​សន្ធប់​របស់​កីឡា​ការិនី​ឥណ្ឌា​យ៉ាង​​ខ្លាំង​ក្នុង​ទឹក​ទី៣។ ការ​មិន​គោះ​ដៃ​ព្រម​ចុះ​ចាញ់​​ដៃគូ​ ហើយ​សុខ​ចិត្ត​ទ្រាំ​រហូត​ចប់​ទឹក​ទី៣ ដែល​​ធ្វើ​ឲ្យ​នាង​រង​របួស​យ៉ាង​ដំណំ ​​​មក​ពី​​​នាង​គិត​ថា​ធ្វើ​វា​ដើម្បី​ខ្មែរ​ មិន​ព្រម​ឲ្យ​ខ្មែរ​ចាញ់​ និង​ស៊ូ​ដល់​ទី​បំផុត​សុខ​ចិត្ត​ទ្រាំ​នឹង​ការ​វាយ​ចំ​ៗ​​លើ​ផ្ទៃមុខ​របស់​គូ​ប្រជែង។

 

​ប្រធាន​ក្លិប Cambodian Top Team បន្ត​ថា មូល​ហេតុ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​គុន​​ល្បុក្កតោ​មិន​ព្រម​ចុះ​ចាញ់​ទៀត​នោះ​​មក​ពី​​​នាង​គិត​ថារូប​នាង​​ប្រហែល​ជា​អាច​​​មាន​ពិន្ទុ​ឈ្នះ​ដៃ​គូ​ក្រោយ​ចប់​ការ​ប្រកួត ​ពី​ព្រោះ​​​នាង​​ធ្វើ​បាន​ល្អ​​ក្នុង​ទឹក​ទី១​ និង​ទី​២។ ​ក្រោយ​ពេល​ដឹង​ថា​ខ្លួន​មាន​ពិន្ទុ​លើស​គូ​ប្រកួត​ចំនួន២ ទឹក​ធ្វើ​ឲ្យ​កូន​សិស្ស​ស្រី​របស់​លោក​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ទទួល​ជ័យជម្នះ​ ដោយ​មិន​បាន​ដឹង​ថា​ខ្លួន​ចាញ់​ទៅ​វិញ។

 

ចំណែក​បញ្ហា​សុខ​ភាព​ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម​​ ចាន់​រាជ បាន​​ប្រាប់​ទៀត​ថា ថារ័ត្ន ប្រហែល​ជា​ព្យាបាល​ច្រើន​សប្ដាហ៍​​ ដើម្បី​បាន​ជាសះស្បើយ​មក​វិញ។ របួស​ដែល​ធ្ងន់ធ្ងរ​បំផុត​កើត​ចំពោះ​កូន​សិស្ស​របស់​លោក​គឺ​ដៃ​​ ដែល​រង​ពី​ការ​កៀប​ឃ្លេ​ពី​កីឡា​ការិនី​ប្រទេស​ឥណ្ឌា។ ចំណុច​ខ្វះ​ខាត​របស់​អ្នក​គុន​ចម្រុះ​កម្ពុជា​ស្រី​រូប​នេះ​គឺ​កម្លាំង​ ​ចាំ​បាច់​ត្រូវ​បំពេញ​បន្ថែម​ដើម្បី​​អាច​ឡើង​ប្រកួត​លើក​ក្រោយ​ៗ បាន​ល្អ​ជាង​នេះ៕

 

 

 

 

 

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី