- 2015-12-02 23:30:45
- ប្រដាល់
សរ សី ស៊ូសម្រក់ញើសឈាមលើសង្វៀន គ្រាន់បើជាងធ្វើសំណង់សម្រក់ទឹកភ្នែក
- 2015-12-02 23:30:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរ សី ស៊ូសម្រក់ញើសឈាមលើសង្វៀន គ្រាន់បើជាងធ្វើសំណង់សម្រក់ទឹកភ្នែក
ចន្លោះមិនឃើញ
«ពេលធ្វើសំណង់ លីឥដ្ឋ លីស៊ីម៉ង់ម្ដងៗ ខ្ញុំចង់ស្រក់ទឹកភ្នែកអាណិតខ្លួនឯង... ធ្លាប់ជាកីឡាករមានឈ្មោះម្នាក់ដែរ បែរជាទៅធ្វើការឡើងឈឺពេញខ្លួន បានលុយជាង២ម៉ឺន... សុខចិត្តឡើងវ៉ៃបែកឈាម ក៏គ្រាន់បើជាងធ្វើសំណង់ដែរ»។ កីឡាករ សរ សី និយាយប្រាប់ Sabay ទាំងញើសជោកពេញខ្លួនពេលកំពុងហាត់ប្រដាល់។
ក្នុងនាមជាកីឡាករប្រដាល់ដែលត្រូវចិញ្ចឹមកូន ៣នាក់ និងក្មួយ ២នាក់ក្នុងបន្ទុក សរ សី បានឆ្លៀតពេលពីការហ្វឹកហាត់ ទៅធ្វើការងារសំណង់គ្រាន់បានប្រាក់គ្រប់គ្រាន់មកផ្គត់ផ្គង់គ្រួសារ។ យ៉ាងណាមិញ ការងារជាកម្មករសំណង់បានធ្វើឲ្យកីឡាករចាស់វស្សារូបនេះ មានការតូចចិត្តយ៉ាងខ្លាំងស្ទើរស្រក់ទឹកភ្នែក ទើបសម្រេចចិត្តលែងធ្វើ។
សរ សី បានប្រាប់ Sabay ថា បើទៅធ្វើការសំណង់បានកម្រៃ ២៥០០០រៀលប៉ុណ្ណោះ ហើយថែមទាំងឈឺខ្លួនទៀត។ ក្រោយកាត់ថ្លៃសាំង ថ្លៃបាយរួច ទឹកប្រាក់ទាំងនោះមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រពន្ធកូនឡើយ។ កីឡាករវ័យ ៣២ឆ្នាំរូបនេះបានបញ្ជាក់ថា បើឡើងប្រកួតម្ដងបានប្រហែល ៥០ ទៅ ៦០ម៉ឺនរៀលដែរ និងមានពេលសម្រាកគ្រប់គ្រាន់ទោះបីហត់បន្តិចក្ដី។
បច្ចុប្បន្ន សរ សី កំពុងរស់នៅម្ដុំផ្លូវបំបែកភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាលជាមួយប្រពន្ធ កូន៣នាក់ ក្មួយ២នាក់ និងម្ដាយមេម៉ាយម្នាក់ទៀត។ រាល់ការចំណាយប្រចាំថ្ងៃ រូបគេត្រូវរ៉ាប់រងទាំងអស់ ព្រោះក្មួយ និងកូនសុទ្ធតែបានរៀនគ្រប់គ្នា លើកលែងកូនពៅដែលមានអាយុទើបបានជាង ១ឆ្នាំ។
ចោលការងារសំណង់មែនពិត ប៉ុន្តែ សរ សី មិនអាចចោលចិត្តតស៊ូបានទេ ព្រោះអាជីពប្រដាល់រកប្រាក់មិនគ្រប់ចិញ្ចឹមគ្រួសារឡើយ។ ពេលគ្មានកម្មវិធីប្រកួត រូបគេបានដើររាយមង និងសន្ទូច កាប់អុស ព្រមទាំងការងារជាច្រើនទៀត។ នាថ្ងៃអនាគត សរ សី បានបញ្ជាក់ថា ចង់ក្លាយជាគ្រូបង្ហាត់ប្រដាល់ ឬចៅក្រម៕
ទស្សនាវីដេអូ៖
អត្ថបទ៖ គង់ វិសាល