- 2015-11-08 17:00:42
- ប្រដាល់
ឡៅ ស៊ីណាត ឬ បឹត ខាំ ជាម្ចាស់ខ្សែក្រវាត់ទឹកប្រាក់ ៥ពាន់ដុល្លារល្ងាចនេះ?
- 2015-11-08 17:00:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ស៊ីណាត ឬ បឹត ខាំ ជាម្ចាស់ខ្សែក្រវាត់ទឹកប្រាក់ ៥ពាន់ដុល្លារល្ងាចនេះ?
ចន្លោះមិនឃើញ
កីឡាករជើងខ្លាំង ២រូបក្នុងអាជីពប្រដាល់នៅកម្ពុជា គឺខ្លាចាស់ ឡៅ ស៊ីណាត និងអ្នកប្រដាល់លេងកណ្ដាប់ដៃ បឹត ខាំ ត្រូវជួបប្រកួតគ្នាលើសង្វៀនបាយ័នស្ទឹងមានជ័យល្ងាចនេះ ដើម្បីស្វែងរកម្ចាស់ខ្សែក្រវាត់ជើងឯកខារ៉ាបាវរដូវកាលទី២។ តើនរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់ អមដោយទឹកប្រាក់ ៥០០០ដុល្លារ?
កីឡាករ បឹត ខាំ បានបាត់មុខពីអាជីពប្រដាល់ប្រមាណ ៣ឆ្នាំ និងទើបត្រលប់ចូលសង្វៀនវិញកាលពីដើមឆ្នាំ២០១៥ នេះប៉ុណ្ណោះ។ បឹត ខាំ មានជំនាញខាងប្រើកណ្ដាប់ដៃ និងតិកនិកប្រកួតបែបឌឺដង ដែលធ្វើឲ្យដៃគូភាគច្រើនពិបាកស្មាន។ អ្នកប្រដាល់មកខេត្តបាត់ដំបងរូបនេះ បានយកឈ្នះជើងខ្លាំងមកពីថៃក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺកីឡាករ Watcharalek Or. Kwanmueng ដែលធ្លាប់ឈ្នះកីឡាករ ឡៅ ស៊ីណាត ២ដង។
ចំណែកកីឡាករជើងចាស់ ឡៅ ស៊ីណាត មានមុខលើសង្វៀនជាប្រចាំ និងធ្លាប់បំបាក់ជើងខ្លាំងជាច្រើនទាំងកម្ពុជា និងថៃ។ កីឡាករមកពីខេត្តកំពង់ស្ពឺរូបនេះ ជំនាញប្រើជង្គង់ និងការទាត់បំបាក់ជើងក្រោមរបស់ដៃគូប្រកួត។ ឡៅ ស៊ីណាត បានបង្ហាញភាពខ្លាំងដោយផ្ដួលដៃគូឲ្យសន្លប់មិនលើសពីទឹកទី៣ ចំនួន ៦ប្រកួតជាប់គ្នា កាលពីចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥។
អ្នកប្រដាល់ជើងខ្លាំងរូបនេះ បានយកឈ្នះពិន្ទុកីឡាករថៃ Khlakunsurk Champatur ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅ។ ឡៅ ស៊ីណាត ត្រូវគេមើលឃើញថាជាអ្នកប្រដាល់ស្លូតម្នាក់ ដោយមិនចេះចូលវាយផ្ដេសផ្ដាសខុសបច្ចេកទេសឡើយ ប៉ុន្តែពេលមានឱកាសល្អទើបបំបាក់ដៃគូតែម្ដង។
ប្រវត្តិជួបគ្នា ៣ដងចុងក្រោយរវាងកីឡាករទាំងពីរ ឡៅ ស៊ីណាត ឈ្នះម្ដង (បឺត ខាំ សន្លប់ទឹកទី៤) , បឺត ខាំឈ្នះម្ដងដោយពិន្ទុ និងម្ដងទៀតស្មើគ្នា ៕
អត្ថបទ៖ គង់ វិសាល