• 2015-11-05 15:43:04
  • ប្រដាល់

បឺត ខាំ គ្មាន​សង្ឃឹម​ឈ្នះ ឡៅ ស៊ីណាត ​យក​ខ្សែ​ក្រវាត់​ជើង​ឯក​ខារ៉ាបាវ

  • 2015-11-05 15:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ចាស់ បឺត ខាំ ​បាន​និយាយ​ពី​អារម្មណ៍​ក្នុង​ចិត្ត​ខ្លួន​ឯង​ថា​មិន​មាន​សង្ឃឹម​ថា​នឹង​អាច​យក​ឈ្នះ​ខ្លា​ចាស់ ឡៅ ស៊ីណាត ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែ​ក្រវាត់​ជើង​ឯក​ខារ៉ាបាវ​រដូវ​កាល​ទី​២​នៅ​ថ្ងៃ​អាទិត្យ​ទី​៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ ខាង​មុខ​នេះ​ទេ។

 

 

បឺត ខាំ ​កំពុង​​​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​ត្រៀម​ប្រកួត​ជាមួយ​ជើង​ខ្លាំង ឡៅ ស៊ីណាត។ ទន្ទឹម​នឹង​ការ​ហ្វឹកហាត់​នេះ​ដែរ កីឡាករ​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ បាន​និយាយ​ថា ​ខ្លួន​អត់​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ប្រកួត​នេះ​ទេ ដោយ​អ្វី​គ្រប់​យ៉ាង​ពឹង​ទៅ​លើ​ព្រះ​ជា​ម្ចាស់​ និង​ចប់​ការ​ប្រកួត​ទើប​អាច​ដឹង​ច្បាស់​ នរណា​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​នេះ។

 

“ខ្ញុំ​អត់​អាច​ថា​ឈ្នះ​ឬ​ចាញ់​ពេល​នេះ​បាន​ទេ ហើយ​ខ្ញុំ​ក៏​មិន​ប្រាថ្នា​អី​នោះ​ដែរ... មាន​តែ​ព្រះ​ទេ​ទើប​ដឹង។ ដូច​ដឹង​ហើយ ខ្ញុំ​កាន់​សាសនា​គ្រីស្ដ ដូច្នេះ​ខ្ញុំ​អត់​និយាយ​អី​ច្រើន​ទេ។ ចប់​ការ​ប្រកួត លទ្ធផល​នឹង​ដឹង​ទាំង​អស់​គ្នា”។

 

 

ងាក​ទៅ​ខាង ឡៅ ស៊ីណាត​វិញ រូប​គេ​មាន​សង្ឃឹម​ច្រើន ដោយសារ​មើល​ឃើញ​ចំណុច​អាច​វាយ​យក​ពិន្ទុ​ពី​ បឺត ខាំ ​បាន ដោយ​ចូល​ឱប​អុក​ជង្គង់ ណាមួយ​អ្នក​ប្រដាល់​ជើង​ចាស់​រូប​នេះ​ក៏​មិន​អាច​ទាត់​បាន​ខ្លាំង​ដូច​កាល​ពី​មុន​ដែរ បន្ទាប់​ពី​មាន​របួស​ជើង​ទៅ​ព្យាបាល​ដល់​ជប៉ុន​មក។

 

ចំពោះ​ប្រវត្តិ​ជួប​គ្នា​រវាង​កីឡាករ​ទាំង​ពីរ​ខាង​លើ​គឺ​៣​ដង​ចុង​ក្រោយ ឡៅ ស៊ីណាត ឈ្នះ​ម្ដង (បឺត ខាំ សន្លប់​ទឹក​ទី​៤) , បឺត ខាំ​ឈ្នះ​ម្ដង​ដោយ​ពិន្ទុ​ និង​ម្ដង​ទៀត​ស្មើ​គ្នា ៕

 

​អត្ថបទ៖ មុន្នី រម្យ

មតិយោបល់