• 2015-10-30 16:15:34
  • ប្រវត្តិ​​

កីឡាករ​​បាល់ទាត់​កម្ពុជា​៤​​នាក់​នេះ​ធ្លាប់​ទៅ​​ប្រកប​អាជីព​នៅ​ប្រទេស​ថៃ​

  • 2015-10-30 16:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន​មិន​ទាន់​មាន​កីឡាករ​បាល់ទាត់​ណា​ម្នាក់​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ប្រទេស​ថៃ​ឡើយ​ ប៉ុន្តែ​កាល​ពី​អំឡុង​ឆ្នាំ​២០០០​​មាន​កីឡាករ​កម្ពុជា​មួយ​ចំនួន​បាន​ទៅ​ប្រកប​អាជីព​​នៅ​ទី​នោះ​​ ហើយ​កាល​ទសវត្ស​ឆ្នាំ​៧០​ក៏​មាន​កីឡាករ​កម្ពុជា​ច្រើន​ទៅ​ប្រកប​អាជីព​នៅ​ទី​នោះ​ដែរ។

 

Sabay សូម​បង្ហាញ​កីឡាករ​បាល់ទាត់​កម្ពុជា​៤​រូប​ដែល​បាន​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ប្រទេស​ថៃ​ដែល​ពេល​នោះ​វិស័យ​បាល់ទាត់​កម្ពុជា​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​អ្នក​គាំទ្រ​មួយ​ចំនួន​អត់​ដឹង​ថា កីឡាករ​​បាន​ទៅ​លេង​បាល់​នៅ​ក្រៅ​ប្រទេស។

 

ទី១៖ កែវ សុខង៉ន​ អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា កែវ សុខង៉ន​ បាន​ចេញ​ពី​ប្រទេស​កំណើត​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លិប​ Samut Sakhon ដែល​ជា​ក្លិប​លេង​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​លំដាប់​ទី​២​របស់​ប្រទេស​ថៃ​កាល​ពី ​ឆ្នាំ​២០១០-២០១១។ នៅ​ក្លិប​នេះ​​រូប​គេ​ធ្លាប់​បាន​បង្ហាញ​លើ​ទី​លាន​បាន​២០​ដង​ និង​រក​គ្រាប់​បាល់​បាន​ចំនួន​៩​គ្រាប់។ អ្វី​ដែល​ពិសេស​នេះ​ កីឡាករ​កម្ពុជា​រូប​នេះ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​ ក្នុង​ចំណោម​កីឡាករ​១១​នាក់​ផ្សេង​ទៀត​នៅ​ក្លិប​នេះ។​​

 

ទី​២៖ ឃឹម បូរី​ ឃឹម បូរី ​បាន​ទៅ​លេង​ឲ្យ​ក្លិប​ Sisaket FC ដែល​ជា​ក្លិប​លេង​នៅ​លីក​បាល់ទាត់​កំពូល​ថៃ​ក្នុង​ឆ្នាំ​២០១០-២០១១​ជា​ លក្ខណៈ​ខ្ចី​ជើង។ ​សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​ក្លិប​ថៃ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ឃឹម បូរី​បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី​មួយ​លេង​នៅ​លីក​បាល់ទាត់​កំពូល​ថៃ​​ ក្នុង​សម័យ​កាល​បាល់ទាត់​សម័យ​ទំនើប។ នៅ​ទី​នោះ​ ឃឹម បូរី​ បាន​​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​បាន​ប្រហែល​៨​ទៅ​៩​ប្រកួត។ នៅ​ក្លិប​ថៃ​នេះ​បូរី​អាច​ទទួល​បាន​​​បៀវត្សរ៍​ប្រហែល​ជា​១​សែន​បាត​ក្នុង​ មួយ​ខែ​(​ប្រហែល​ជិត​៣​ពាន់​ដុល្លារ​អាមេរិក)។

 

 

ទី​៣៖ ចាន់ រិទ្ធី​ កីឡាករ​កម្ពុជា​ ចាន់ រិទ្ធី​ធ្លាប់​បាន​លេង​បាល់ទាត់​នៅ​ប្រទេស​ថៃ​រហូត​ដល់​៣​ក្លិប​ និង​ធ្លាប់​ទទួល​បាន​ប្រាក់​ខែ​ជាង​១​ពាន់​ដុល្លារ​អាមេរិក​ចន្លោះ​ឆ្នាំ​ ២០០៩​-២០១០។ ​សមាជិក​ក្លិប​ Camobodian Tiger ​បច្ចុប្បន្ន​រូប​នេះ​​បាន​លេង​នៅ​ក្លិប​ថៃ​​ Thai Army នៅ​ឆ្នាំ​២០០៩​រយៈ​ពេល​៣​ខែ​ និង​បន្ត​លេង​ឲ្យ​ក្លិប​ Nakhon Pathon មុន​ពេល​ចុះ​កុងត្រា​ជា​មួយ​​ក្លិប​​ Surin FC រដូវ​កាល​២០០៩-២០១០។ សម្រាប់​ការ​លេង​នៅ​ក្លិប​ថៃ​មួយ​នេះ​ ចាន់ រិទ្ធី ទទួល​បាន​ប្រាក់​ខែ​ជាង​១​ពាន់​​ដុល្លារ​​អាមេរិក​ក្នុង​មួយ​ខែ។

 

 

ទី​៤៖ ស៊ិន ដាលីន អតីត​កីឡាករ​ជម្រើស​ជាតិ​ និង​ក្លិប​បឹងកេតអង្គរ​ (ចម្ការ​កៅស៊ូបឹងកេត)​ ស៊ិន ដាលីន ធ្លាប់​បាន​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លិប​ Sa Kaeo United ដែល​ជា​ក្លិប​លេង​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​តាម​តំបន់​របស់​ប្រទេស​ថៃ​នៅ​រដូវ​ កាល​២០១០-២០១១។ បន្ទាប់​ពី​ដាច់​ឆ្នាំ​២០១១​ លោក បែ​ មករា បាន​កោះ​ហៅ​កីឡាករ​រូប​នេះ​ឲ្យ​មក​លេង​ជា​មួយ​ក្លិប​បឹងកេត​អង្គរ​នៅ​ឆ្នាំ​ ២០១២​ដែល​ជា​រដូវ​កាល​ក្លិប​មក​ពី​កំពង់ចាម​នេះ​ឈ្នះ​ជើង​ឯក​បាល់ទាត់​កំពូល ​កម្ពុជា៕

 

 

អ្នក​មាន​ចាំ​ទេ​ថា កីឡាករ​ណា​ផ្សេង​ទៀត​ដែល​ធ្លាប់​លេង​បាល់ទាត់​នៅ​ប្រទេស​ថៃ?

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់
អត្ថបទថ្មី